ជាតិ
សិល្បះ
ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន មរតក​មនុស្ស​រស់មួយរូបទៀតរបស់កម្ពុជា បាន​ទទួលមរណភាព​
20, Jul 2020 , 12:09 pm        
រូបភាព
​ព្រឹទ្ធាចារ្យ នាដ​កោសល្យ​វ​ដ្តី ព្រីង សាឃ​ន ដែល​មរតក​មនុស្សរ​ស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​មរណភាព​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​អាយុ​៨៣​ឆ្នាំ ដោយ​ជរាពាធ​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​ ភរិយា​របស់​ព្រឹទ្ធាចារ្យ នាដ​កោសល្យ​វ​ដ្ដី ព្រីង សាឃ​ន គឺ​អ្នកស្រី អ៊ឹម សុវណ្ណ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាមរយៈ​ទូរ​សព្ទ​ថា លោក​ព្រឹទ្ធាចារ្យ​ទទួលមរណភាព​ដោយសារ​ជំងឺ​ស្ពា​ត់​សរសៃ​បេះដូង និង​ជំងឺ​សួត​។



​អ្នកស្រី​បញ្ជាក់បន្ថែម​៖« យើង​តម្កល់សព​របស់គាត់​ទុក​ធ្វើបុណ្យ បានតែ​២​ថ្ងៃ​ទេ​ក្មួយ​។ ស្អែក [ថ្ងៃទី២១ ខែកក្កដា] ​យើង​នឹង​បូជាសព​គាត់​នៅ​ម៉ោង​២​រសៀល នៅក្នុង​វត្ត​ឫស្សី​ស្រស់​»​។​

​នាដ​កោសល្យ​វ​ដ្ដី ព្រីង សាឃ​ន ចេះ​ចាំ​ស្ទាត់​លើ​ជំនាញ​ល្ខោន​នាដកម្ម ដែល​លោក​ស្ទាត់​ខាង​ផលិត​និង​សម្ដែង​។ ព្រឹទ្ធាចារ្យ បាន​សម្ដែង​ជា​តួ​ តា​ជូជក ក្នុង​រឿង ព្រះ​វេស្សន្តរជាតក និង​ដើរតួ​ត្លុក​ក្នុង​រឿង​ទុំ​ទាវ រួមទាំង​ក្នុង​ទម្រង់​សិល្បៈ​ល្ខោន​យីកេរ​។

ក្រៅពីនោះ​លោក​ព្រឹទ្ធាចារ្យ ក៏មាន​ទេពកោសល្យ​លើ​ទម្រង់​របាំ ភាពយន្ត និង​ទម្រង់​ល្ខោន​នានា​ជាច្រើន​ទៀត​ដែរ​។​

​មរតក​មនុស្សរ​ស់រូប​នេះ បាន​ផ្ទេរ​ចំណេះ​ខាង​ទ្រឹស្ដី ខាង​ផលិត និង​សម្ដែង ផ្នែក​នាដ​សាស្ត្រ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​សាលា​មធ្យម​វិចិត្រសិល្បៈ ពី​ឆ្នាំ​១៩៨០​។​

សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ​មរតក​មនុ​ស្សរស់ ព្រីង សាឃ​ន បានទទួល​គោរមងារ​ថ្នាក់ជាតិ ជា​នាដ​កោសល្យ​វ​ដ្ដី ពី​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ព្រឹទ្ធា​រ្យ ដែលជា​មរតក​មនុស្ស​រស់ ១៦​អង្គ និង​រូប​ផ្សេងទៀត កាលពី​ខែតុលា ឆ្នាំ​២០១២ កន្លងទៅ​។
​បើតាម​អ្នកស្រី អ៊ឹម សុវណ្ណ ដែល​ត្រូវជា​ភរិយា​របស់​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ព្រឹទ្ធាចារ្យ​ទទួលមរណភាព ក្នុង​ជន្មាយុ​៨៣​ឆ្នាំ ដែល​អាយុ​នេះ ខុសគ្នា​ជាមួយ​ឯកសារ​ក្នុង​បញ្ជី​ជីវប្រវត្តិ​សង្ខេប​របស់ បេក្ខជន​-​នារី មរតក​មនុ​ស្សរស់ ដែល​ក្រសួង​វប្បធម៌​បាន​ចងក្រង​។​

ខាងក្រោម​នេះ​គឺជា​ជីវប្រវត្តិ​សង្ខេប​របស់​មរតក​ម​នុស្ស​រស់ ព្រីង សាឃ​ន ដែល​ស្រង់​ចេញពី​បញ្ជី​ជីវប្រវត្តិ​សង្ខេប​របស់ បេក្ខជន​~​នារី មរតក​មនុ​ស្សរស់​៖

​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន កើត​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ ១៩៤៥ នៅ​ភូមិ​តា​ម៉ុ​ល ឃុំ​ព្រែក​តំបូល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ លោកឪពុក​នាម ចក់ ព្រីង មុខរបរ​ធ្វើ​ចម្ការ និង​ជាជាង​កាត់សក់​។ អ្នក​ម្ដាយ​នាម សំ នាង មុខរបរ​ធ្វើក​ម្ការ និង តម្បាញ​អំបោះ​។​

​ប្រពន្ធ​របស់លោក​ព្រឹទ្ធាចារ្យ​នាម អ៊ឹម សុវណ្ណ មុខរបរ​សព្វថ្ងៃ និវត្តជន​។ លោក​មានកូន​៣​នាក់ ដោយ​កូនប្រុស​ច្បង​ទី​១​ឈ្មោះ ព្រីង ចាន់នី មុខរបរ​កម្មករ​។ កូនស្រី​ទី​២​ឈ្មោះ ព្រីង សុខា​ណា​រិ​ទ្ធ មុខរបរ​សព្វថ្ងៃ ជា​កម្មករ​-​សិល្បការិនី​។ កូនស្រី​ទី​៣​ឈ្មោះ ព្រីង សុភា (​សុចិ​ន្តា​) មុខរបរ​សព្វថ្ងៃ​សិល្បការិនី​មហាជន​។

លោក ព្រឹទ្ធាចារ្យ រៀន​សាលា​ចំណេះ​ទូទៅ​ថ្នាក់​ក្រោយបង្អស់ បញ្ចប់​វិ​ញ្ញាប​ន​ប័ត្រ​បឋមសិក្សា​ឆ្នាំ​១៩៥៦​។ ជំនាញ​ដែល​លោក​បាន​រៀន​នៅ​សាលា ចេះ​ចាំ​ស្ទាត់​ជាងគេ គឺ​ល្ខោន​នាដកម្ម ដែល​លោក​ស្ទាត់​ខាង​ផលិត​និង​សម្ដែង​។ មុខតំណែង​ដែល​លោក​ធ្លាប់​បានទទួល ទាំង​ក្នុង​ការងារ​រដ្ឋ និង​ការងារ​ក្នុង​ក្រុម​ជំនាញ គឺជា​តួ​សម្ដែង រហូតដល់​ថ្ងៃ​ចូល​និវត្ត​។

សម្រាប់​ជោគជ័យ និង​បទពិសោធន៍​ទាក់ទង​នឹង​បេតិកភណ្ឌ​អរូបី គឺ​លោក​បាន​សម្ដែង​ជា​តួ​តា​ជូជក ក្នុង​រឿង ព្រះ​វេស្សន្តរជាតក និង​ដើរតួ​ត្លុក​ក្នុង​រឿង​ទុំ​ទាវ​.....​។ លោក​បាន​ផ្ទេរ​ចំណេះ​ខាង​ទ្រឹស្ដី ខាង​ការផលិត និង​ការសម្ដែង ផ្នែក​នាដ​សាស្ត្រ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​សាលា​មធ្យម​វិចិត្រសិល្បៈ ពី​ឆ្នាំ​១៩៨០​។ មរតក​មនុ​ស្សរស់ ព្រីង សាឃ​ន បានទទួល​គ្រឿង​ឥស្សរិយ​ស​ធំៗ​ចំនួន​៣ និង​ក្លាយជា​វីរៈ​សិល្បករ​នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០០០​។

នៅក្នុង​បញ្ជី​ជីវប្រវត្តិ​សង្ខេប​របស់ បេក្ខជន​-​នារី មរតក​មនុ​ស្សរស់ ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក​ចង់​ចូល​ជា​ប្រព័ន្ធ​មរតក​មនុ​ស្សរស់ ក៏​ដើម្បី​រួមចំណែក​ថែរក្សា​កេរ​មរតក​វប្បធម៌​ជាតិ ក៏ដូចជា​រួមចំណែក​ប​ង្រៀ​ន​ដល់​អ្នកជំនាន់ក្រោយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com