COVID-19
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សត្វ​រមាស​កម្រ​៨​ក្បាល ងាប់​ក្នុង​គ្រោះទឹកជំនន់​នៅ​ឧទ្យាន​ជាតិ​មួយ​របស់​ឥណ្ឌា​
20, Jul 2020 , 1:19 pm        
រូបភាព
សត្វរមាសស្នែងមួយដ៏កម្រ - ប្រភពរូប៖ សារព័ត៌មាន BBC
សត្វរមាសស្នែងមួយដ៏កម្រ - ប្រភពរូប៖ សារព័ត៌មាន BBC
ដោយ:
សត្វព្រៃ​ជាង​១០០​ក្បាល ក្នុងនោះ​មាន​សត្វ​រមាស​កម្រ​៨​ក្បាល បាន​ងាប់​ក្នុង​គ្រោះទឹកជំនន់​កាលពី​ថ្មីៗ​នេះ​នៅ​ឧទ្យាន​ជាតិ​មួយ​ក្នុង​រដ្ឋ​ភាគ​ឦ​សាន្ត​នៃ​ប្រទេស​ឥណ្ឌា​។ 

 
​ឧទ្យាន​ជាតិ​ឥណ្ឌា Kaziranga ក្នុង​រដ្ឋ Assam គឺ​ជម្រក​ដ៏​ធំ​បំផុត​របស់​ពិភពលោក​សម្រាប់​សត្វរ​មាស​ស្នែង​មួយ ដែល​ប្រឈម​មុខការ​ផុត​ពូជ​។ ជា​រឿង​គួរ​ឲ្យ​អកុសល រដូវ​ភ្លៀវ​ឆ្នាំនេះ បានធ្វើ​ឲ្យ​ផ្ទៃ​ឧទ្យាន​នេះ​ជិត​៨៥​ភាគរយ​ស្ថិតនៅក្រោម​ទឹក​។ 
 
​ឧទ្យាន Kaziranga ដែលជា​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​មួយ​របស់​អង្គការ​យូណេស្កូ គឺជា​ជម្រក​សម្រាប់​សត្វ​រមាស​ស្នែង​មួយ​យ៉ាងតិច ២៤០០​ក្បាល​។ មន្ត្រី​ឧទ្យាន​ជាតិ​នេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​នៅ​ថ្ងៃទី​២០ ខែកក្កដា​ថា សត្វ​រមាស​ស្នែង​មួយ ៨ ក្បាល បាន​លង់ទឹក​ងាប់​ក្នុង​ជំនន់​ទឹកភ្លៀង​កាលពី​ថ្មីៗ​នេះ ខណៈ​ប៉ុន្មាន​ក្បាល​ទៀត​ងាប់​ដោយសារ​កត្ដា​ធម្មជាតិ​កាលពី​ខែ​មុន​។ 
 
​ប្រភព​ដដែល បន្តថា សត្វ​ដទៃទៀត​មាន ក្ដាន់ ក្របី និង​កាំប្រមា​ជាដើម ក៏បាន​ងាប់ ដោយសារ​លង់ទឹក ហើយ​ខ្លះ​ងាប់​ដោយសារ​យានយន្ត​បុក ខណៈ​ពួកវា​ព្យាយាម​រត់គេច​ពី​ទឹកជំនន់​។ 
 
​ក្រៅពី​សត្វ​ងាប់ ជំនន់​ទឹកភ្លៀង​ក្នុង​រដ្ឋ Assam បាន​ពន្លិច​ផ្ទះ​ប្រជាជន​រាប់ពាន់​ខ្នង ហើយ​បង្ខំ​ឲ្យ​ពួកគេ​ចាក​ចេញពី​ទីលំនៅ ដើម្បី​ស្នាក់អាស្រ័យ​បណ្ដោះអាសន្ន​នៅ​ទីទួល​មាន​សុវត្ថិភាព​។ របាយការណ៍ បង្ហាញថា មនុស្ស​យ៉ាងតិច ៧៩​នាក់​បាន​ស្លាប់​ក្នុង​រដ្ឋ Assam ដោយសារ​គ្រោះធម្មជាតិ​នេះ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​។ 
 
​មែនទែនទៅ គ្រោះ​ជំនន់​និង​បាក់​ដី គឺជា​ហេតុការណ៍​កើតឡើង​ជារឿយៗ អំឡុង​រដូវភ្លៀង​ក្នុង​ភាគ​ឦ​សាន្ត នៃ​ប្រទេស​ឥណ្ឌា​។ ក៏ប៉ុន្តែ​គ្រោះទឹកជំនន់​ក្នុងឆ្នាំនេះ កើតឡើង​ខណៈ​រដ្ឋាភិបាល​កំពុង​ជួប​ការលំបាក​ក្នុងការ​ទប់ស្កាត់​ជំងឺ COVID-19 ដែលជា​បន្ទុក​កាន់តែ​ធ្ងន់​សម្រាប់​ពួកគេ​៕ 
 

Tag:
 ឥណ្ឌា​
  សត្វ​រមាស​
© រក្សាសិទ្ធិដោយ thmeythmey.com