ពីនេះ ពីនោះ
រូបត្លុក
សុធីរ និងសំណាងជជែកគ្នាជុំវិញពាក្យ «អ្នកស្រែ និងអ្នកអំពេញ»
21, Jul 2020 , 10:42 am        
រូបភាព
ដោយ: ថ្មីៗ
​ក្លើ សំណាង និង​សុធីរ ចាប់ផ្តើម​ជួបគ្នា​រៀងរាល់​ព្រឹក​នៅ​កាហ្វេ​ចិញ្ចើមផ្លូវ ដូច​មុនពេល​ការ​រី​រាលដាល​នៃ​មេរោគ​កូ​វីដ​។ នៅថ្ងៃនេះ មិត្ត​ទាំងពីរ​ជជែក​គ្នា​ជុំវិញ​ការប្រើប្រាស់​ពាក្យពេចន៍​អ្នកស្រែ ស្រុកស្រែ អ្នក​ជនបទ អា​សំរែ អ្នក​ភ្នំពេញ អ្នក​អំពេ​ញ​។​ល​។


 
​សុធីរ​៖ អា សំណាង​! បើ​អញ​ហៅ​អ្ហែង​ថា អា​អ្នកស្រែ ឬ​អា​សំរែ អ្ហែង​ខឹង​អញ​អត់​? 
 
​សំណាង​៖ អញ​អត់​ខឹង​ទេ ផ្ទុយទៅវិញ អញ​សប្បាយចិត្ត ព្រោះ អញ​កើត​នៅ​ស្រែ​មែន​។   
 
​សុធីរ​៖ តែ​ពាក្យ​នេះ បើ​ហៅ​អ្នក​មិន​ស្គាល់គ្នា ប្រហែលជា​គេ​ខឹង​ហើយ​មែន​ទេ​?   
 
​សំណាង​៖ ជាការ​ពិត វា​អាច​គេ​ដឹង​ដែរ ព្រោះ គេ​គិតថា ពាក្យ​នេះ បង្កប់​នូវ​អត្ថន័យ​មាក់ងាយ​។ 
​សុធីរ​៖ មាក់ងាយ ម៉េច​ទៅ​? 
 
​សំណាង​៖ ពីមុន គេ​ច្រើន​គិតថា អ្នកស្រែ ជា​អ្នក​មិនសូវមាន​ចំណេះដឹង​ច្រើន គិត​មិនសូវ​គ្រប់​ជ្រុងជ្រោយ​។ ជីវិត​អ្នកស្រែ​មិនសូវ​ស៊ី​វិ​ល័យ​។ នេះ គឺជា​អ្វីដែល​គេ​ធ្លាប់​គិត​កាលពី​អតីតកាល​។ តែ​ឥឡូវនេះ រូបភាព​ស្រុកស្រែ​ខុស​ពីមុន​ឆ្ងាយ​ណាស់​។ ស្រុកស្រែ ឬ​អ្នកខ្លះ​ហៅថា ជនបទ មានការ​អភិវឌ្ឍ​ច្រើនណាស់​។ លំនៅដ្ឋាន ផ្លូវថ្នល់ កសិកម្ម​-​ពាណិជ្ជកម្ម កសិកម្ម​-​ឧស្សាហកម្ម រីកចម្រើន​ណាស់​នៅ​ស្រុកស្រែ ឬ​ជនបទ​នោះ​។ លើសពីនេះទៅទៀត កូនចៅ​អ្នកស្រែ ឬ​អ្នក​ជនបទ​ឥឡូវ​ទទួលបាន​សញ្ញាបត្រ​បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត​ច្រើ​ណាស់​។ អ្នកស្រែ​ខ្លះ ឥឡូវនេះ មាន​លុយ​ច្រើន និង​មានចំណេះ​ច្រើនជាង​អ្នកទីក្រុង និង​ភ្នំពេញ​ទៅទៀត​។ 
 
​សុធីរ​៖ អ៊ីចឹង​ការ​នៅ​គិតថា ស្រុកស្រែ ឬ​អ្នកស្រែ ឬ​ជនបទ​អន់​ហ្នឹង មិនត្រូវ​ទៀត​ទេ​?  
 
​សំណាង​៖ ការគិត​ដូច្នេះ​លែង​សូវ​ត្រូវ​ទៀតហើយ អា សុធីរ​។ ជនបទ​ឥឡូវ​មាន កាហ្វេ Amazon ផឹក មាន​ទូរ​ទឹកកក​ប្រើ មាន​អគ្គិសនី​ប្រើ មាន​ឡាន គោយន្ត ទូរទស្សន៍ អ៊ី​ន​ធឺ​ណែ​ត​។​ល​។ ស្រុកស្រែ ឬ​ជនបទ និង​ទីក្រុង​ឥឡូវ​លែង​សូវ​ខុសគ្នា​ហើយ​។ ទីក្រុង​មាន​អី្វ ជនបទ​ស្ទើរ​តែមាន​ហ្នឹង​ដែរ​។ អ្នក​រតនគិរី មណ្ឌលគិរី បាត់ដំបង សៀមរាប សីហនុ កំពង់ចាម ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ មាន​ជីវ​ភាពល្អ​ប្រសើរឡើង​ខ្លាំងណាស់​។​ល​។ 
 
​សុធីរ​៖ អ៊ីចឹង ពាក្យ​ថា អា​សំរែ ឬ​អា​អ្នកស្រែ របស់​ស្រែ​អន់ លែង​បង្កប់ន័យ​អវិជ្ជមាន​ទៀតហើយ​? 
 
​សំណាង​៖ និយាយ​ដោយ​ត្រង់ អាច​នៅមាន​បង្កប់ន័យ​មិនល្អ​ខ្លះ​។ តែ​អ្នកស្រែ​ឥឡូវ​មាន​មោ​ន​ទ​ភាព​ខ្ពស់​ណាស់ ព្រោះ ជីវភាព និង​ចំណេះដឹង​របស់​ពួកគាត់​ប្រសើរ​ខ្ពស់ជាង​មុន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្វីដែល​អ្នកស្រែ​មាន​មោទនភាព​ខ្លាំង គឺថា អ្នក​ភ្នំពេញ ឬ​អ្នក​មកពី​ក្រៅប្រទេស ចូលចិត្ត​តែ​របស់​ស៊ីចុក​មកពី​ស្រែ​ទេ ព្រោះ វា​ជា​របស់​ធម្មជាតិ ដូចជា មាន់​ស្រែ ក្តាមស្រែ ខ្យង​ស្រែ បន្លែ​ស្រែ សម្លម្ជូរ​ស្រែ ផ្លែឈើ​ស្រែ​។​ល​។ ជនបទ​ជា​រោងចក្រ​ផលិត​អាហារ​សម្រាប់​អ្នកទីក្រុង​ណា៎​។ កាលណា គេ​និយាយ​ពី​របស់របរ​ស្រែ វា​ច្រើន​មានន័យថា របស់​ល្អ គ្មាន​ជីគីមី​។ បើ​និយាយ​ពី​មនុស្ស​វិញ អ្នកស្រែ ច្រើនតែ​ស្មោះត្រង់​ជាង​អ្នកទីក្រុង​ណា៎​។ 
 
​សុធីរ​៖ ចុះ​អ្នកទីក្រុង ឬ​អ្នក​ភ្នំពេញ​វិញ​ល្អ​ដែរ​ទេ​? 
 
​សំណាង​៖ អ្នកទីក្រុង​ត្រូវបាន​គេ​គិតថា ជា​អ្នកចេះដឹង បញ្ញវន្ត អ្នកមាន​។​ល​។ តែ​ការពិត វា​មិនមែន​ដូច្នោះ​ទាំងអស់​ទេ​។ គេ​ច្រើន​និយាយ​ឌឺដង​អ្នក​ភ្នំពេញ​វិញ​ថា អ្នក​អំពេ​ញ បើ​មិន​ពេញ​ទេ គឺ​ពិបាក​ហើយ​។ ឃ្លា​នេះ មានន័យថា រស់នៅ​ភ្នំពេញ បើ​មិនសូវមាន​«​ទ្រព្យ​គ្រប់គ្រាន់​» គឺ​ពិបាក ព្រោះ អ្វីៗ​ត្រូវ​ចំណាយ និង​ទិញ​ទាំងអស់​។ ដូច្នេះ អ្នក​អំពេ​ញ ត្រូវតែ​ពេញ បើ​មិនទាន់​ពេញ អ្នក​មិនទាន់​ក្លាយជា​អ្នក​ភ្នំពេញ​ពិតប្រាកដ​ឡើយ​។ អា សុធីរ ពាក្យ អ្នកស្រែ ឬ​ពាក្យ អ្នក​អំពេ​ញ សុទ្ធសឹង​ជា​ពាក្យ​និយាយ​លេងសើច​ធម្មតា​ទេ​។ ដូច្នេះ បើ​អ្ហែង​លឺ​គេ​ប្រើប្រាស់​ពាក្យ​ទាំងនេះ ចូរ​អ្ហែង​កុំ​ខឹង​អី​។ យើង​ខ្មែរ​ដូចគ្នា​ទេ ចូរ​ស្រឡាញ់គ្នា​ទៅ​! 









© រក្សាសិទ្ធិដោយ thmeythmey.com