ជាតិ
សង្គមជាតិ
បុរស​អូស្ត្រាលី​ម្នាក់ ត្រូវបាន​ព្រះមហាក្សត្រ​ព្រះរាជទាន​សញ្ជាតិ​ខ្មែរ ដោយ​ប្ដូរ​ឈ្មោះថា «​សែន សន្តិភាព​»
21, Jul 2020 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ព្រះ​ករុណ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ប្រោស​ព្រះរាជទាន​សញ្ជាតិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម ដល់​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ តាម​សំណើរ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

​បើតាម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​១៧ កក្កដា បុរស​ជនជាតិ​អូស្ត្រាលី ដែល​ទទួលបាន​សញ្ជាតិ​ខ្មែរ​នេះ ក៏ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា «​សែន សន្តិភាព​» ផងដែរ​។ លោក ខេ​ម​ប៊ែ​ល ភី​ត​ធឺ ម៉ាក (CAMPBELL PETER MARK) ជនជាតិ​អូស្ត្រាលី សញ្ជាតិ​អូស្ត្រាលី កើត​នៅ​ថ្ងៃទី​៤ សីហា ឆ្នាំ​១៩៥៦ នៅ​ទីក្រុង Perth ប្រទេស​អូស្ត្រាលី​។​
 
​កាលពី​ខែមេសា​កន្លងមក ព្រះមហាក្សត្រ ក៏បានផ្ដល់​សញ្ជាតិ​ខ្មែរ ដល់​លោក អូ​ប្រាយ​អិន ហ្ស​ក​អា​ឡិន ហៅ ថម ជា​ជនជាតិ​អាមេរិក​១​នាក់​ដែរ ដើម្បី​ឲ្យ​គាត់​បាន​ចូល​ជា​សញ្ជាតិ​ខ្មែរ និង​ស្នាក់​រស់នៅ ព្រមទាំង​មាន​សិទ្ធិ​ចាត់ចែង​កាន់កាប់​ទ្រព្យសម្បត្តិ កម្មសិទ្ធិ​ស្របច្បាប់​ផ្ទាល់ខ្លួន​។ លោក អូ​ប្រាយ​អិន ហៅ​ថម ក៏មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ ហៅថា​« សែន សំណាង​» ។ ប​ច្បុ​ប្បន្ន​លោក អូ​ប្រាយ​អិន សញ្ជាតិ​អាមេរិក កើត​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​១៩៤៦ នៅ​រដ្ឋ Tenneesee សហរដ្ឋអាមេរិក កំពុង​រស់នៅ​ខេត្តកំពត នៃ​ប្រទេស​កម្ពុជា​។​

Tag:
 ហ៊ុន សែន
  សញ្ជាតិ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com