ជាតិ
រនាល​ពណ៌​៖ បក្សី​ដែលមាន​សម្រស់​ក្នុង​តំបន់ដីសើម​
20, Jul 2020 , 10:19 pm        
រូបភាព
​រនាល​ពណ៌​។ រូបភាព​៖ ស៊ុន វិសាល​
​រនាល​ពណ៌​។ រូបភាព​៖ ស៊ុន វិសាល​
ដោយ:
​រនាល​ពណ៌ ជា​បក្សី​ដែលមាន​សម្រស់​ស្រស់ស្អាត រស់​នៅតាម​តំបន់ដីសើម​។ រនាល​ពណ៌​រស់នៅ​ពាសពេញ​ឧបទ្វីប​ឥណ្ឌា​។ វា​មាន​របាយ​រីក​សាយភាយ​មកដល់​ស្រីលង្កា ឥណ្ឌូចិន និង​ភាគខាងត្បូង​ប្រទេស​ចិន​។ រនាល​ពណ៌​មិនមែនជា​ប្រភេទ​អន្តោប្រវេសន៍​ទេ (​មាន​វត្តមាន​ពេញ​មួយឆ្នាំ​) និង​ភាគច្រើន​គឺ​ធ្វើចរាចរ​នៅតែ​ក្នុង​តំបន់​មួយ​ជាក់លាក់​។ ប៉ុន្តែ ក៏មាន​ប្រភេទ​សត្វ​នេះ​មួយចំនួន ដែល​បានធ្វើ​ចរាចរ​ទៅ​ប្រទេស​ភូមា​ភាគ​ខាងលិច​។ នៅ​កម្ពុជា គេ​ប្រទះឃើញ​វត្តមាន​របស់​វា​នៅ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ចាប់ពី​ខែវិច្ឆិកា រហូតដល់​រដូវ​ទឹក​ឡើង ខែកក្កដា ឬ​សីហា វា​បាន​ផ្លាស់​ទី​ចេញពី​ជម្រក ទៅរក​ស៊ី​តាម​វាលស្រែ ឬ​វាលទំនាប​លិច​ទឹក តាម​បឹង និង​នៅ​តំបន់ឆ្នេរ​។​

 
​ជម្រក​៖ រនាល​ពណ៌ រស់នៅក្នុង​តំបន់ដីសើម​ទឹកសាប និង​វាលទំនាប​លិច​ទឹក តំបន់​វាលស្រែ​លិច​ទឹក និង បឹង​។ នៅ​កម្ពុជា គេ​ឃើញ​វត្ត​មាននៅ​តំបន់​ព្រែក​ទាល់ និង​ធ្វើចរាចរ​ចេញទៅ​អាង​ត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ និង​បឹង​ពារាំង ទំនាប​លិច​ទឹក​បឹង​ទន្លេសាប ក្នុង​សង្កាត់​ជ្រាវ ខេត្តសៀមរាប ។ បន្ថែម​ពីនេះ មាន​សត្វ​រនាល​ពណ៌​មួយចំនួន បានបង្ហាញ​វត្ត​មាននៅ​តំបន់ឆ្នេរ​ដែរ ដូចជា​ឧទ្យាន​ជាតិ​រាម​ជាដើម​។​
 
​រូបរាង​៖ សត្វ​រនាល​ពណ៌ មាន​កម្ពស់ ៩៣ ទៅ​១០២​សង់ទីម៉ែត្រ និង​ទម្ងន់ ២ ទៅ​៥​គីឡូក្រាម​។ រនាល​ពណ៌ មានឈ្មោះ​វិទ្យាសាស្ត្រ Mycteria leucocephala ។ ជា​សត្វ​មាន​វ័ណ្ឌ​ខ្មៅ​លើ​ដើមទ្រូង ។ សត្វ​ប្រភេទ​នេះ មាន​ចំពុះ​វែង​ពណ៌​លឿងចាស់ និង​មុខ​ពណ៌​លឿង​។ វា​មាន​រោម​ពណ៌​ស និង​ចុងកន្ទុយ​រោម​ពណ៌​ផ្កាឈូក នៅពេល​វា​ពេញវ័យ​។ នៅក្នុង​រដូវ​កាល​បន្ត​ពូជ វា​មាន​រោម​ពណ៌​ភ្លឺ​ជាង​ពេល​ធម្មតា​។ ពេល​វា​នៅ​តូច មាន​សម្បុរ​ពណ៌​ត្នោត​ខ្ចី លើកលែងតែ​រោម​វ័​ណ្ណ​ដើមទ្រូង​។ រវាង​សត្វ​ញី និង​សត្វ​ឈ្មោល​ពេល​ពេញវ័យ​បន្ត​ពូជ មិនមាន​បង្ហាញ​ចរិត​លក្ខណៈ​ខុសប្លែក​ពីគ្នា​ទេ ប៉ុន្តែ​សត្វ​រនាល​ពណ៌​ឈ្មោល​មាន​រូបរាង​ធំ​ជាង​សត្វ​ញី​បន្តិច​។ ទំហំ​ខ្លួន​របស់​វា គឺជា​សូចនាករ​មួយ​សម្រាប់​បង្ហាញ​ពី​ភេទ​របស់​សត្វ ។​

© រក្សាសិទ្ធិដោយ thmeythmey.com