កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Hamilton ឡើងឈរ​កំពូល​តារាង F1 ក្រោយ​ឈ្នះ​នៅលើ​ទីលាន​ហុង​គ្រី​
20, Jul 2020 , 7:19 pm        
រូបភាព
​កំពូល​អ្នក​ប្រណាំង​រថយន្ត Formula One ពិភពលោក Lewis Hamilton ដែល​បើក​ឲ្យ​ក្រុម Mercedes ឈ្នះ​ការប្រណាំង​នៅ​ទីលាន Hungarian Grand Prix ក្នុងប្រទេស​ហុង​គ្រី រដូវ​កាល​២០២០​។ នេះ​ជាការ​ឈ្នះ​ជា​កំណត់ត្រា​លើក​ទី​៨ របស់ Hamilton នៅលើ​ទីលាន​ហុង​គ្រី​នេះ និង​ជាការ​ឈ្នះ​២​លើក​ជាប់​គ្នា ក្នុងចំណោម​ការប្រណាំង​ទាំង​៣​លើក​រដូវ​កាល​នេះ ដើម្បី​នាំ​រូបគេ​ឡើងឈរ​កំពូល​តារាង F1 វិញ​។​


 
​នា​ការប្រណាំង​នៅ​ទីលាន​ទី​៣ ក្នុង​ទឹកដី​នៃ​ប្រទេស​ហុង​គ្រី ម្ចាស់​ការពារ​តំណែង​ជើងឯក​ឆ្នាំ​ចាស់ Hamilton បញ្ចប់​ទី​មុនគេ​ដោយ​ប្រើ​ថេរវេលា ១​ម៉ោង ៣៦​នាទី និង​១២​វិនាទី​។ Max Verstappen ដែល​បើកបរ​ឲ្យ​ក្រុម Red Bull ទទួលបាន​ចំណាត់ថ្នាក់​លេខ ២ ខណៈ Valtteri Bottas ដែលជា​មិ​ត្តិ​រួម​ក្រុម Mercedes បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​។​
 
​នេះ​ជា​ជ័យជម្នះ​ទី​៨៦​ក្នុង​អាជីព​របស់​អ្នក​ប្រណាំង​សញ្ជាតិ​អង់គ្លេស វ័យ​៣៥​ឆ្នាំ ក្នុង​ព្រឹត្តិការណ៍ F1 ឬ​កាំជ្រួច​លើ​ផ្ទៃរាប ដែល​មានន័យថា​រូបគេ​កំពុង​ឆ្នោះ​ទៅរក​ការ​បំបែក​កំណត់ត្រា​ឈ្នះ​ការប្រណាំង​ច្រើនជាងគេ​លើ​លោក​របស់លោក Michael Schumacher អតីត​កីឡាករ​ប្រណាំង​សញ្ជាតិ​អាល្លឺម៉ង់ ដែល​ឈ្នះ​ចំនួន ៩១​ដង​។​


 
​ក្រោយ​ទទួលបាន​ពិន្ទុ​ពេញ​ពីរលើក​ជាប់​គ្នា ពោលគឺ​ក្រោយ​ឈ្នះ​នៅ​ជំនួប​សប្តាហ៍​នៅ​ទីលាន Styrian Grand Prix ក្នុងប្រទេស​អូទ្រីស Hamilton បាន​ឡើងទៅ​ឈរ​កំពូល​តារាង F1 បណ្តោះ​អ​សន្ន​វិញ ដោយ​នាំមុខ​មិ​ត្តិ​រួម​ក្រុម Mercedes កីឡាករ Bottas ចំនួន​៥​ពិន្ទុ​។ ឆ្លងកាត់​ការប្រណាំង​៣​លើក​សម្រាប់​រដូវ​កាល ២០២០ នេះ Hamilton ទទួលបាន​៦៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​អ្នក​ប្រណាំង​សញ្ជាតិ​ហ្វាំ​ង​ឡង់ Bottas ដែល​រកបាន​៥៨​ពិន្ទុ ខណៈ​លេខ​៣​បាន​ទៅ Verstappen របស់​ក្រុម Red Bull ដែលមាន​៣៣​ពិន្ទុ​។​
 
​សម្រាប់​ផ្នែក​គ្រឿង​ម៉ាស៊ីន​វិញ Mercedes បាន​បង្កើន​ការនាំ​មុខ​ពិន្ទុ​លើ​ក្រុម​ដទៃ​ជាមួយ​ពិន្ទុសរុប​១២១​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ Red Bull Racing Honda ដែល​រកបាន​ពិន្ទុ​៥៥​ពិន្ទុ ខណៈ​លេខ​៣ McLaren Renault ដែល​នៅ​រក្សា​៤១​ពិន្ទុ​ដដែល​។ Ferrari នៅ​ចំណាត់ថ្នាក់​ទី​៥ រកបាន​២៧​ពិន្ទុ ឯ Williams Mercedes នៅ​បាត​តារាង​គ្នា​ពិន្ទុ​រាប់​នៅឡើយ​។​
 
​ជំនួប​បន្ទាប់ និង​ជាការ​ប្រណាំង​ក្នុង​ទីលាន​ទី​៤ នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ចក្រ​ព​ភ​អង់គ្លេស British Grand Prix ដែល​ប្រព្រឹត្តិ​ទៅ​ចន្លោះ​ថ្ងៃទី​៣១ កក្កដា ដល់​ថ្ងៃទី​២ ខែសីហា​៕
 

Tag:
 Formula One
  Lewis Hamilton
  Hungarian Grand Prix
© រក្សាសិទ្ធិដោយ thmeythmey.com