ជាតិ
យុវជន​«​ផ្តើម​ពី​យើង​» ចែក​ធុង​ញែក​សំរាម​ដល់​ពលរដ្ឋ ដើម្បី​ប​ញ្ជ្រ​ប​គំនិត​ស្រលាញ់​បរិស្ថាន​នៅ​កម្ពុជា​
21, Jul 2020 , 8:59 am        
រូបភាព
ក្រុមការងារ​នៃ​យុវជន​ស្ម័គ្រចិត្ត​«​ផ្តើម​ពី​យើង​» ថតរូប​ជាមួយ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ជា​អធិបតីភាព ក្នុងការ​កម្ម​វី​ធី​ចែកជូន​ធុង​ញែក​សំរាម​ដល់​ពលរដ្ឋ​នៅក្នុង​បុរី ប៉េង​ហួត កាលពី​ថ្ងៃទី​១១​កក្កដា ឆ្នាំ​២០២០​។ រូបថត​៖ ផ្តើម​ពី​យើង​។​
ក្រុមការងារ​នៃ​យុវជន​ស្ម័គ្រចិត្ត​«​ផ្តើម​ពី​យើង​» ថតរូប​ជាមួយ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ជា​អធិបតីភាព ក្នុងការ​កម្ម​វី​ធី​ចែកជូន​ធុង​ញែក​សំរាម​ដល់​ពលរដ្ឋ​នៅក្នុង​បុរី ប៉េង​ហួត កាលពី​ថ្ងៃទី​១១​កក្កដា ឆ្នាំ​២០២០​។ រូបថត​៖ ផ្តើម​ពី​យើង​។​
​ភ្នំពេញ​៖ យុវជន​ស្ម័គ្រចិត្ត​មួយក្រុម​ដែលមាន​ឈ្មោះ​«​ផ្តើម​ពី​យើង​» ចែក​ធុង​ញែក ឬ​បែក​ចែក​ប្រភេទ​សំរាម​នីមួយៗ​ចំនួន​២០០​ធុង ទៅ​ពលរដ្ឋ​ប្រមាណ​៤០០​គ្រួសារ ដែល​រស់នៅក្នុង​បុរី​ប៉េង ហួត រាជធានី​ភ្នំពេញ ដើម្បី​បណ្តុះ និង​ប​ញ្ជ្រ​ប​គំនិត​ពលរដ្ឋ ឱ្យ​ទុកដាក់​សំរាម​ទៅតាម​ប្រភេទ​នីមួយ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​រួមចំណែកគ្នា​ក្នុងការ​សម្អាត​បរិស្ថាន​នៅ​កម្ពុជា​។

 
​ប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត លោក គួច វេ​ង​ស្រ៊ុន បាន​បញ្ជាក់ថា ការជ្រើសរើស​ពលរដ្ឋ​រស់នៅក្នុង​ប៉េង ហួត ក្នុងការ​ចែកជូន​ធុង​ញែក​សំរាម​នេះ គឺ​ដោយសារ​នៅ​ទីតាំង​នោះ ប្រជាពលរដ្ឋ​មានការ​រៀបចំ និង​ការរស់នៅ​បានល្អ​ប្រសើរ ដែលមាន​ភាពងាយស្រួល​ដល់​ក្រុមការងារ​ស្នើសុំ​ម្ចាស់ផ្ទះ​នីមួយៗ ឱ្យ​សហការ​ក្នុង​ការញែក​សំរាម​ប្រចាំថ្ងៃ​នៅក្នុង​ផ្ទះ ក៏​ដូច​នៅ​តំបន់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​សព្វថ្ងៃនេះ​។ 


 លោក គួច វេ​ង​ស្រ៊ុន ប្រធាន​យុវជន​ស្ម័គ្រចិត្ត​«​ផ្តើម​ពី​យើង​» ថត​ជាមួយ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក្នុងការ​កម្ម​វី​ធី​ចែកជូន​ធុង​ញែក​សំរាម​ដល់​ពលរដ្ឋ​នៅក្នុង​បុរី ប៉េង​ហួត កាលពី​ថ្ងៃទី​១១​កក្កដា ឆ្នាំ​២០២០​។ រូបថត​៖ ផ្តើម​ពី​យើង​។​

«​យើង​គិតថា ផ្តើម​ពី​ពួកគាត់​ដែលមាន​មូលដ្ឋាន​រស់នៅ​ល្អ​ហើយ​នោះ អ៊ីចឹង​គាត់​ច្បាស់​ជា​គិត​ទៅលើ​បញ្ហា​បរិស្ថាន​។ ពីព្រោះ​យើង​គិតថា​ជីវភាព​រស់នៅ​របស់​ពួកគាត់​ល្អប្រសើរ ហើយ​នៅពេលដែល​ស្នើសុំ​ទៅ​គាត់​[​ឱ្យជួយ​ចោល​ប្រភេទ​សំរាម​ទៅតាម​ធុង​នីមួយៗ​] គឺ​ប្រហែលជា​មានការ​គាំទ្រ​ច្រើនជាង​កន្លែង​ផ្សេងៗ​។ អ្វីដែល​យើង​ធ្វើឡើង​នៅ​តំបន់​នេះ គឺ​យើង​មិនមែន​អាង​ទៅលើ​ជីវភាព​ពួកគាត់​ទេ ប៉ុន្តែ​យើង​គិតថា សកម្មភាព​ការងារ​យើង​នេះ ជាការ​ចាប់ផ្តើម​លើកដំបូង ចឹ​ង​គឺ​យើង​ចង់ឱ្យ​ម្ចាស់ផ្ទះ​នីមួយៗ​ចូល​រួមទាំង​ពេញចិត្ត ក្នុងការ​សម្អាត​បរិស្ថាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គួច វេ​ង​ស្រ៊ុន​។​
 
​ធុង​ញែក​សំរាម​ដែល​ក្រុម​ស្ម័គ្រ​ផ្តល់ជូន​ពលរដ្ឋ​នោះ មាន​មួយឈុត​ដែលមាន​ធុងសំរាម​៣​នៅជាប់​គ្នា ដោយ​ធុងៗ​មាន​ពណ៌​និង​រូបភាព​ជាស​ញ្ញាស​ម្គា​ស់​ដាក់​សំរាម​ផ្សេងៗ​ពីគ្នា​។ ធុងសំរាម ដែលមាន​គូស​ញ្ញា ពណ៌​បៃតង​គឺ​សម្រាប់​ដាក់​កាកសំណល់​ផ្ទះបាយ​, ធុង​មាន​សញ្ញា​សម្គាល់​ពណ៌​លឿង គឺ​សម្រាប់​ដាក់​សំណល់​ប្លា​ស្ទិ​ក និង​ធុង​មាន​សញ្ញា​សម្គាល់​ពណ៌​ក្រហម គឺ​សម្រាប់​ដាក់​សំណល់​គ្រោះថ្នាក់​។ 


 លោក គួច វេ​ង​ស្រ៊ុន ប្រធាន​យុវជន​ស្ម័គ្រចិត្ត​«​ផ្តើម​ពី​យើង​» កំពុងនិយាយ​ពី​ការអនុវត្ត​គោលការណ៍​ញែក​សំរាម​តាម​ប្រភេទ​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ក្រុមការងារ នៅក្នុង​បុរី ប៉េង​ហួត កាលពី​ថ្ងៃទី​១១​កក្កដា ឆ្នាំ​២០២០​។ រូបថត​៖ ផ្តើម​ពី​យើង​។​

​បើតាម​លោក គួច វេ​ង​ស្រ៊ុន ក្នុងចំណោម​សំរាម​ទាំងបី​ប្រភេទ​ដែល​ពលរដ្ឋ​ចូលរួម​ញែក​បាន​នោះ  គឺ​ម្ចាស់​បុរី ប៉េង ហួត សម្រេច​ទទួលបន្ទុក​ក្នុងការ​ប្រមូល​សំរាម​សំណល់​ប្លា​ស្ទិ​ក ឬ​សំណល់​ដែល​ប្រើប្រាស់​ឡើងវិញ (Recycle) នៅតាម​ផ្ទះ​នីមួយៗ​។ ដោយឡែក សំណល់​សំរាម​ផ្ទះបាយ និង​សំណល់​គ្រោះថ្នាក់​នោះ  ក្រុមការងារ​ស្ម័គ្រចិត្ត​របស់លោក វេ​ង​ស្រ៊ុន កំពុង​ស្វែងរក​ក្រុមហ៊ុន​ណា​ដែលមាន​លទ្ធភាព​ក្នុងការ​ចូលរួម​ថែរក្សា​បរិស្ថាន ដើម្បី​ទទួលបន្ទុក​ប្រមូល​សំរាម​ទាំងពីរ​ប្រភេទ​នេះ​។  
 
​ប្រធាន​យុវជន​ស្ម័គ្រ​ដដែល​រូបនេះ បាន​និយាយថា​៖ «​យើង​មាន​សំណល់​ដែល​ញែក​ជា​ពីគ្នា​ជាស្រេច ហើយ​អ្នកប្រមូល​សំណល់​សំរាម​ក៏មាន​ផ្សេងៗ​គ្នា​ដែរ​។ អ៊ីចឹង គឺ​យើង​អត់​បារម្ភ​ទៀត​ទេ ចំពោះ​ម្ចាស់ផ្ទះ​ខំ​ញែក​សំរាម ហើយ​អ្នកប្រមូល​សំរាម​នៅតែ​លាយឡំ​សំរាម​ចូលគ្នា​ដដែល នោះ​ទៀត​ទេ​។ គឺ​អត់​បារម្ភ​ទៀត​ទេ ព្រោះ​មាន​ខាង​បុរី ប៉េង ហួត ជា​អ្នកទទួលបន្ទុក​ប្រមូល​សំណល់​ប្លា​ស្ទិ​ក​»​។  


 ពលរដ្ឋ​ក្នុង​បុរី ប៉េង ហួត ទទួលបាន​ធុង​ញែក​សំរាម​ពី ក្រុមការងារ​របស់​យុវជន​ស្ម័គ្រចិត្ត​«​ផ្តើម​ពី​យើង​» កាលពី​ថ្ងៃទី​១១​កក្កដា ឆ្នាំ​២០២០​។ រូបថត​៖ ផ្តើម​ពី​យើង​។​

​បច្ចុប្បន្ន​ក្រុមការងារ​«​ផ្ដើម​ពី​យើង​» មាន​គ្នា​ចំនួន​៣០​នាក់ សម្រាប់​ចុះ​ណែនាំ​ពលរដ្ឋ​តាម​គ្រួសារ​នីមួយៗ ឱ្យ​យល់ដឹង​ពី​បញ្ហា​បរិស្ថាន បញ្ហា​សំរាម និង​ចុះ​ចែក​ធុងសំរាម​ដល់​ពលរដ្ឋ​។ ក្នុងនោះ​មាន​សមាជិក​ក្រុមការងារ​ស្នូល​៨​នាក់ និង​២២​នាក់​ទៀត ជា​យុវជន​ស្ម័គ្រចិត្ត ដែល​ភាគច្រើន​ជា​និស្សិត បុគ្គលិក និង​មន្ត្រីរាជការ ដែល​ឆ្លៀតពេល​ពី​ការសិក្សា និង​ការងារ  ដើម្បី​ចូលរួមចំណែក​ជួយ​សង្គម​។​ក្រុមយុវជន​ស្ម័គ្រ​«​ផ្តើម​ពី​យើង​» គឺ​ទទួល​ថវិកា​គាំទ្រ​ទាំងស្រុង​ពី​ក្រសួងបរិស្ថាន ។ 
 
​លោក គួច វេ​ង​ស្រ៊ុន បាន​បន្តថា ប្រសិន​សកម្មភាព​លើកដំបូង​នៃ​ការចែកជូន​ធុង​ញែក​សំរាម​ទទួលបាន​ជោគជ័យ ឬ​មាន​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​នោះ លោក​នឹង​ពង្រីក​សកម្មភាព​នេះ ទៅដល់​បុរី​ផ្សេងៗ​ផងដែរ​។​
 
​បើតាម​របាយការណ៍រ​បស់​ក្រសួងបរិស្ថាន ក្នុង​មួយឆ្នាំៗ កម្ពុជា​បាន​បង្កើត​សំរាម​ប្រមាណ​ជិត​៤​លាន​តោន ខណៈ​សំរាម​ជាង ១​ម៉ឺន​តោន ត្រូវបាន​គេ​ប្រមូល​បានជា​រៀងរាល់ថ្ងៃ​។ ដោយឡែក នៅ​រាជធានី​ភ្នំពេញ​មាន​សំរាម ចន្លោះ​ពី ២៧០០-៣០០០​តោន​ក្នុង​មួយថ្ងៃ ដោយ​ក្នុងនោះ​សំណល់​ម្ហូបអាហារ​មាន​ចំនួន ៥៧,៤០​ភាគរយ​, សំណល់​ថង់​ប្លា​ស្ទិ​ក មាន​១៨,១០​ភាគរយ​, សំណល់​ក្រដាស ៦​ភាគរយ​, កៅស៊ូ និង​ស្បែក ០,២​ភាគរយ និង​សំណល់​ស្មៅ ឈើ ក្រណាត់ ថ្ម និង​ផ្សេងៗ​មាន​ចំនួន ១៨,៣០​ភាគរយ​៕ 
 


ក្រុមការងារ​នៃ​យុវជន​ស្ម័គ្រចិត្ត​«​ផ្តើម​ពី​យើង​» កំពុង​លើក​ធុង​ញែក​សំរាម​ពី​រថយន្ត ដើម្បី​ចែកជូន​ពលរដ្ឋ កាលពី​ថ្ងៃទី​១១​កក្កដា ឆ្នាំ​២០២០​។ រូបថត​៖ ផ្តើម​ពី​យើង​។​
 
 

Tag:
 ធុងសំរាម​
  លោក គួច វេ​ង​ស្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com