កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតីស៊ែប៊ី ចុះឈ្មោះចូលរៀនដើម្បីក្លាយជាគ្រូបង្វឹកកីឡាបាល់បោះ
× លោក Aleksandar Vucic ប្រកាសតាមបណ្តាញសង្គម Instagram របស់ខ្លួនថា លោកបានចុះឈ្មោះក្នុងមហាវិទ្យាល័យមួយ ដើម្បីរៀនយកសញ្ញាបត្រជាគ្រូបង្វឹកកីឡាបាល់បោះ ព្រោះដើម្បីសម្រេចក្តីសុបិនរបស់ខ្លួនកាលពីវ័យកុមារ។
ពីនយោបាយទៅកីឡា មិនមែនជាឧបសគ្គនោះឡើយ។ លោក Aleksandar Vucic បានធ្វើជាគំរូស្រាប់ ដោយប្រធានាធិបតីស៊ែប៊ីវ័យ៥០ឆ្នាំរូបនេះ មានឱកាសក្លាយជានិស្សិតលើកទីពីរ ដោយលោកសម្រេចសិក្សាជំនាញផ្នែកកីឡា ដើម្បីក្លាយជាគ្រូបង្វឹកកីឡាបាល់បោះសម្រាប់កុមារ។
លោក Vucic ដែលដឹកនាំស៊ែប៊ី តាំងពីឆ្នាំ២០១៧មកនោះ បានលើកឡើងថា៖«អ្នកមិនដឹងថា ខ្ញុំសប្បាយចិត្តយ៉ាងណានោះឡើយ ក្រោយរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានសម្រេចក្តីសុបិនពីកុមារភាពរបស់ខ្ញុំហើយ»។
នៅលើគណនី Instagram របស់ខ្លួន លោកប្រធានាធិបតីស៊ែប៊ី ដែលទទួលបានសញ្ញាបត្រច្បាប់ បានបង្ហាញកាតនិស្សិតថ្មីរបស់ខ្លួន លើជំនាញផ្នែកកីឡា និងសុខភាពនៅមហាវិទ្យាល័យក្នុងក្រុងបែលក្រាដ រួមជាមួយកូនបាល់បោះមួយ។
កន្លងមក លោកក៏ធ្លាប់បានអះអាងថា ផងដែរថា វាជារឿងដ៏អស្ចារ្យដែលចំណាយពេលនៅថ្ងៃសៅរ៍ និងថ្ងៃសុក្រ ជាមួយកីឡាករក្មេងៗ ក៏ដូចជាកុមារទូទៅដើម្បីរៀនសូត្រនូវអ្វីដែលថ្មី។ ក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៤ ហើយបន្តជាប់ឆ្នោតជាប្រធានាធិបតីចាប់ពីឆ្នាំ២០១៧មក លោក Vucic នៅតែមិនបោះបង់ក្តីសុបិនពីក្មេងរបស់ខ្លួន ហើយទៅអនាគត លោកចង់ក្លាយជាគ្រូបង្វឹកក្លិបតូចមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com