COVID-19
ជាតិ
នាយករដ្ឋមន្រ្តី អំពាវនាវជាថ្មីឲ្យពលរដ្ឋប្រយ័ត្ននឹងកូវីដ-១៩ ក្រោយកម្ពុជារកឃើញអ្នកឆ្លង២៦នាក់ទៀត
21, Jul 2020 , 10:50 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបង្កាត់ពូជត្រី នៅស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។
សម្តេចនាយករដ្ឋមន្រ្តី ទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបង្កាត់ពូជត្រី នៅស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ននឹងជំងឺកូវីដ-១៩។ សម្តេច នៅតែរម្លឹកប្រជាពលរដ្ឋដូចរាល់ដង ឲ្យការពារខ្លួននឹងជំងឺរាតត្បាតនេះ ដូចជាពាក់ម៉ាស់និងដាក់ជែលលាងដៃតាមខ្លួនជាដើម។



ការអំពាវនាវជាថ្មីរបស់សម្តេចនាយករដ្ឋមន្រ្តី ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ២៦នាក់ទៀត នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។ តាមពិតទៅ ក្រសួងសុខាភិបាល បានផ្តល់ព័ត៌មានពីអ្នកឆ្លងថ្មី២៦នាក់នេះ ដល់សម្តេច តាំងពីយប់មិញម្ល៉េះ។ សម្តេច ចាត់ទុកករណីឆ្លងថ្មី២៦នាក់នេះ ថាជាចំនួនច្រើន សម្រាប់កម្ពុជា។ 

ក្នុងឱកាសចុះទៅពិនិត្យមើលការធ្វើស្រែ និងជួបសំណេះសំណាលជាមួយប្រជាកសិករ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកនេះ ប្រមុខរដ្ឋាភិបាល ថ្លែងថា ខ្លួន ស្លុតចិត្ត ពេលទទួលបានព័ត៌មាននេះ។ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«យប់មិញនេះធ្ងន់តែម្តង ដល់ទៅ២៦នាក់»។

យ៉ាងណាក៏ដោយ មេដឹកនាំកម្ពុជា អះអាងថា ជំងឺកូវីដ-១៩ អាចបំផ្លាញកម្ពុជា ក្នុងកម្រិតណាមួយ តែមិនអាចសម្លាប់កម្ពុជាឡើយ។ មេដឹកនាំកម្ពុជា និយាយថា៖«ធ្វើយ៉ាងម៉េច កុំឲ្យអត់អង្ករច្រកឆ្នាំង»។

សម្តេចនាយករដ្ឋមន្រ្តី សង្កេតឃើញថា ប្រជាពលរដ្ឋ ហាក់មានការធ្វេសប្រហែសបន្តិច ដោយការពាក់ម៉ាស់ កាន់តិចទៅៗ។ ក្នុងការឈប់សម្រាក៥ថ្ងៃខាងមុខ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ សម្តេច ក្រើនរម្លឹកប្រជាពលរដ្ឋ ឲ្យជៀសវាងការប្រមូលផ្តុំទ្រង់ទ្រាយធំ ដើម្បីជៀសវាងការរីករាលនៃជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ១៩៧នាក់ ដោយក្នុងនោះ បានជាសះស្បើយ១៤០នាក់ ខណៈ៥៧នាក់ទៀត កំពុងសម្រាកព្យាបាល៕

Tag:
 COVID-19
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com