កីឡាអន្តរជាតិ
អន្តរជាតិ
Ballon d'Or ផ្អាក​ផ្តល់​ពាន​ឲ្យ​កីឡាករ​លើកដំបូង​ក្នុង​រយៈពេល​៦៤​ឆ្នាំ ដោយសារ COVID-19
21, Jul 2020 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាន Ballon d'Or ឆ្នាំ​២០២០ មិនត្រូវ​ផ្តល់​ឲ្យ​កីឡាករ​បាល់ទាត់​រូប​ណា​ឡើយ ដែល​នេះ​ជាការ​ផ្អាក​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ៦៤ ឆ្នាំ​របស់ខ្លួន ដោយសារតែ​មានការ​រំខាន​យ៉ាងខ្លាំង​ពី​ការរីក​រាលដាល​ជំងឺ COVID-19​។ នេះ​បើតាម​ការប្រកាស​របស់​ទស្សនា​វ​ដ្តី​បារាំង France Football ដែលជា​អ្នករៀបចំ​ផ្តល់​ពាន​ពិភពលោក​នេះ នៅ​ថ្ងៃទី​២០ ខែកក្កដា​។​


Ballon d'Or ជា​ពានរង្វាន់​ប្រចាំឆ្នាំ​សម្រាប់​ផ្តល់ជូន​ដល់​កីឡាករ​បាល់ទាត់​ឆ្នើម​បំផុត​លើ​លោក ក្រោយ​ពួកគេ​បង្ហាញ​សកម្មភាព​លេចធ្លោ​ពេញ​មួយ​រដូវ​កាល​រួចមក ហើយ​ពាន​ដែល​ផ្តួចផ្តើមឡើង​ដោយ​ទស្សនា​វ​ដ្តី​បារាំង France Football រៀបចំ​សម្រាប់​កីឡាករ​ជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ ១៩៥៦​មក​។ ឯ Ballon d’Or សម្រាប់​ស្ត្រី​ត្រូវបាន​ផ្តល់ជូន​ជា​លើកដំបូង​នៅ​ឆ្នាំ ២០១៨​។​
 
​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្តាយ​បំផុត​សម្រាប់​រដូវ​កាល ២០១៩-២០ នេះ ដោយសារតែ​ជំងឺ​រាតត្បាត​សកល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការប្រកួត​យ៉ាងខ្លាំង​ក្នុង​លី​គ​ធំៗ​នៅ​តំបន់​អឺរ៉ុប​រហូត​ត្រូវ​ផ្អាក​សកម្មភាព​ជាង​៣​ខែ​។ មិន​ត្រឹមតែ​កីឡាបាល់ទាត់​ឡើយ សូម្បី​កីឡា​ល្បីៗ​ផ្សេងទៀត​បាន​ផ្អាក រួមទាំង​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ផង​ក៏ត្រូវ​ពន្យា​ពេល​ដល់​ឆ្នាំ​២០២១​ដែរ​។​
 
​ដោយសារតែ​មូលហេតុ COVID-19 នេះហើយ​ទើប France Football ដែល​ទទួល​សិទ្ធិ​រៀបចំ​ផ្តល់​ពាន Ballon d'Or ទៅ​ឲ្យ​កីឡាករ​សម្រាប់​សមិទ្ធផល​ឆ្នាំ​២០១៩ ត្រូវ​ផ្អាក​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ផងដែរ​។​
 
​លោក Pascal Ferre និពន្ធ​នាយក​ស្ស​នាវ​ដ្តី​បារាំង France Football បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ថា​ការសម្រេចចិត្ត​ផ្អាក​មិន​ផ្តល់​ពាន​ទៅ​ឲ្យ​កីឡាករ​នេះ​ដោយសារ​មានការ​ពិបាក​ក្នុងការ​វិនិច្ឆ័យ​ទៅលើ​សមត្ថភាព​កីឡាករ​រូប​ណាមួយ​ដែល​គួរ​ទទួលបាន​ពាន​កម្រិត​ពិភពលោក​នេះ ដ្បិត​ពួកគេ​ត្រួវ​សម្រាក​មួយរយៈ​ពេល​យូរ ហើយ​បើ​ទោះ​ការប្រកួត​បាន​ត្រឡប់​វិញ​ក្តី តែ​វា​ហាក់​មិនទាន់​ពេញលេញ​១០០​ភាគរយ​ឡើយ​។​
 
​ពាន Ballon d’Or កាលពី​ឆ្នាំមុន ក្រោម​ការបោះឆ្នោត​ជ្រើសរើស​ពី​សំណាក់​អ្នកសារព័ត៌មាន​កីឡា​ទូទាំង​ពិភពលោក Lionel Messi ទទួលបាន​ពាន​នេះ​ជា​លើក​ទី​៦ ដោយ​នាំមុខ​គូប្រជែង Cristiano Ronaldo ដែល​ឈ្នះ​៥​លើក​៕
 

Tag:
 Ballon d\'Or
  France Football
© រក្សាសិទ្ធិដោយ thmeythmey.com