ជាតិ
សុខភាព
ស្ត្រីធ្លាក់ឈាមរដូវ តិចជាង១៥ និងលើស៨០មីលីលីត្រ ជាសញ្ញាខុសប្រក្រតី
× ភ្នំពេញ៖ ការមករដូវ គឺជាការធ្លាក់នៃភ្នាសស្ដើង ឬស្រទាប់ស្ដើង ក្នុងតួស្បូនចេញមកក្រៅតាមទ្វារមាស។ បើតាមលោកវេជ្ជបណ្ឌិត ប៉ិច សុធី ក្នុងមួយវដ្តរដូវ ស្ត្រីអាចធ្លាក់ឈាមរដូវ ចន្លោះពី៣០-៦០មីលីលីត្រ ហើយបើសិន ស្ត្រីធ្លាក់ឈាមរដូវតិចជាង១០-១៥មីលីលីត្រ ឬលើសពី៨០មីលីលីត្រ ជាសញ្ញាខុសប្រក្រតី។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញ អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយសស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ ដូចទៅ៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកវេជ្ជបណ្ឌិត ប៉ិច សុធី បានអះអាងថា ការធ្លាក់ឈាមរដូវតិច មិនសូវបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ គ្រាន់តែធ្វើឱ្យស្ត្រីឡើងមុន និងស្បែកមិនសូវស្រស់ថ្លាប៉ុណ្ណោះ ហើយមូលហេតុដែលបណ្ដាលឱ្យធ្លាក់ឈាមរដូវតិច គឺមកពីការប្រែប្រួលអម៉ូន, ស្ត្រេស និងឡើងគីឡូខ្លាំងជាដើម។
ចំណែកឯ ការធ្លាក់ឈាមរដូវច្រើនលើសពី៨០មីលីលីត្រ អាចបណ្ដាលមកពីការប្រែប្រួលអម៉ូន, មានដុំស្បូន,ហើមសាច់ស្បូនខាងក្នុង, រលាកមាត់ស្បូន និងមហារីកមាត់ស្បូនជាដើម។ ម្យ៉ាងវិញទៀត ការធ្លាក់ឈាមរដូវច្រើនពេក ធ្វើឱ្យប៉ះពាល់ដល់សុខភាពដូចជា ស្លេកស្លាំង អស់កម្លាំង ឬវិលមុខខ្លាំងដែលអាចឈានដល់ការបញ្ចូលឈាមផងដែរ។
បើតាមប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យរូបនេះ បានបញ្ជាក់ថា ស្ត្រីអាចដឹងខ្លួនធ្លាក់ឈាមរដូវតិចឬច្រើនបាន តាមរយៈការទ្រាប់សំឡីអនាម័យ។ លោកវេជ្ជបណ្ឌិតបានពន្យល់ពីរបៀបដឹងពីចំណុះនៃឈាមរដូវដូច្នេះថា៖« បើជោកសំឡីទ្រាប់មួយ ឈាមរដូវអាចប្រហែល ៥-១០មីលីលីត្រ។
អីចឹងបើសិន ក្នុងមួយរដ្តរដូវ យើងដូរសំឡី (សំឡីអនាម័យ) លើសពី១៥ដុំ នោះបានន័យថាយើងធ្លាក់ឈាមរដូវច្រើនហើយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com