ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន៖ កម្ពុជា បានទៅរកទុន៤០០លានដុល្លារ ពីចិន ដើម្បីបង្កើនឃ្លាំងស្រូវ សម្ដេច ហ៊ុន សែន កំពុងបើកម៉ាស៊ីនច្រូតស្រូវនៅស្រុកព្រៃកប្បាស (រូបពីទំព័រហ្វេសប៊ុក SPM)
× ភ្នំពេញ៖ កម្ពុជាត្រូវការបង្កើនឃ្លាំងស្រូវបន្ថែម ដើម្បីប្រមូលទិញស្រូវក្នុងស្រុកនិងរក្សាតម្លៃស្រូវបានដោយខ្លួនឯង។ ការបង្កើនឃ្លាំងស្រូវនេះ កម្ពុជាបានរកប្រាក់ប្រមាណ៤០០លានដុល្លារ ពីចិន ដើម្បីធ្វើឃ្លាំងប្រមូលទិញស្រូវ។ នេះបើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
សម្ដេច ហ៊ុន សែន អះអាងថា បច្ចុប្បន្នកម្ពុជាកំពុងខិតខំជំរុញឲ្យមានការវិនិយោគ ដោយធ្វើឃ្លាំងទុកស្រូវ ម៉ាស៊ីនកិនស្រូវ ឡសម្ងួតស្រូវ ដើម្បីរក្សាបានតម្លៃស្រូវ។ សម្ដេច ទទួលស្គាល់ថា ស្រូវនៅកម្ពុជាកន្លងមកខ្វះទីផ្សារ ខ្វះឃ្លាំងទុកស្រូវ និងខ្វះអ្នកប្រមូលទិញ។
លើសពីនេះ សម្ដេច បញ្ជាក់ថា កន្លងមកកម្ពុជាអាចនាំចេញស្រូវចេញដោយខ្លួនឯងប្រមាណកន្លះលានតោនប៉ុណ្ណោះ។ ដោយឡែកនៅសល់ស្រូវជាង៣លានតោនទៀត បានលក់ឲ្យវៀតណាមប្រមាណ៧០ភាគរយ និងថៃប្រមាណ៣០ភាគរយ។ ជាមួយគ្នាដែរ ការនាំចេញស្រូវនេះ ធ្វើឲ្យកម្ពុជាបាត់តម្លៃបន្ថែមយ៉ាងច្រើន ដូចជា កន្ទក់ ចុងអង្ករ និងអង្កាម ពិសេសគឺកម្លាំងក្នុងស្រុក។
ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«អ៊ីចឹង បានឥឡូវនេះ យើងហៅក្រុមហ៊ុនមកពីក្រៅប្រទេស ដោយផ្ដល់ឱកាសឲ្យគេវិនិយោគ ហើយយើងក៏បានទៅរកទុនពីចិនប្រមាណជា៤០០លានដុល្លារ កំពុងតែពង្រាយធ្វើឃ្លាំងនិងតំបន់ក្នុងការប្រមូលទិញ»។
ប្រមុខរដ្ឋាភិបាល បន្តថា បើកម្ពុជាអាចពង្រាយឃ្លាំងស្រូវឬតំបន់ប្រមូលទិញស្រូវបាន កម្ពុជានឹងរក្សាបាននូវតម្លៃស្រូវល្អនិងមានម្ចាស់ការលើតម្លៃស្រូវរបស់ខ្លួន។
ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល ក៏បានទទួលស្គាល់ថា ល្បឿននៃការផលិតស្រូវកម្ពុជាដើរលឿនជាង ការវិនិយោគនិងការកែច្នៃ ដោយសារការនាំទាមទារឲ្យមានលក្ខខណ្ឌច្រើនយ៉ាងតាមស្ដង់ដា៕
Tag:
កសិកម្ម
ស្រូវ
តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com