ជាតិ
សម្ដេច ហ៊ុន សែន បញ្ជា​ទិញ​ម៉ាស៊ីន​ព្រោះស្រូវ ២​ពាន់​គ្រឿង​បន្ថែមទៀត​
22, Jul 2020 , 10:29 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាឱកាសចុះសំណេះសំណាលពលរដ្ឋក្នុងខេត្តតាកែវ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាឱកាសចុះសំណេះសំណាលពលរដ្ឋក្នុងខេត្តតាកែវ
ដោយ:
​សម្ដេច ហ៊ុន សែន បញ្ជា​ទិញ​ម៉ាស៊ីន​ព្រោះស្រូវ ២​ពាន់​គ្រឿង ក្នុងនោះ​ធុន​ធំ ១​ពាន់​គ្រឿង ធុន​តូច ១​ពាន់​គ្រឿង ប្រគល់​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នាឱកាស​ចុះ​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី ២១ កក្កដា ឆ្នាំ​២០២០​។

 
​ដើម្បី​សម្រួល​ដល់​ការធ្វើ​ស្រែ​របស់​ប្រជាកសិករ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ទិញ​ម៉ាស៊ីន​ព្រោះស្រូវ​ចំនួន ២​ពាន់​គ្រឿង ប្រគល់​ឲ្យ​ក្រសួងកសិកម្ម ចែកជូន​ប្រជាកសិករ​។ នា​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាកសិករ នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ សម្ដេច ហ៊ុន សែន បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ប្រកាស ព្រឹក​មិញ​ខ្ញុំ​បាន​បញ្ជា​ទិញ ម៉ាស៊ីន​ព្រោះ ២​ពាន់​គ្រឿង ធុន​ធំ ១​ពាន់​គ្រឿង និង​ធុន​តូច ១​ពាន់​គ្រឿង ប្រគល់​ឲ្យ​ក្រសួងកសិកម្ម​។ ខ្ញុំ​ជា​អ្នកចេញលុយ​»​។ 
 
​ការផ្ដល់​ម៉ាស៊ីន​ព្រោះ​ដល់​កសិករ តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ជួយ​គ្រួសារ​កសិករ​ណា​ដែល​មិនមាន​ដី​សម្រាប់ធ្វើ​កសិកម្ម ដើម្បី​ឲ្យ​កសិករ​អាច​ស៊ីឈ្នួល​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​។​
 
​យោងតាម​របាយការណ៍​របស់ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ខេត្តតាកែវ ក៏​ធ្លាប់ជា​រាជធានី​នគរ​គោក​ធ្លោ​ក គឺជា​ដែនដី​មាន​សក្តានុពល​មួយ​លើ​វិស័យ​កសិកម្ម ហើយ​ខេត្ត​នេះ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣​លើ​វិស័យ​កសិកម្ម បន្ទាប់ពី​ព្រៃវែង និង​បាត់ដំបង​។ ខេត្តតាកែវ មាន​ប្រជាជន​សរុប ១,០១៤,៤៧៣​នាក់ ក្នុងនោះ ស្ត្រី ៥១៨,៨៨០​នាក់ ដោយមាន​ប្រជាពលរដ្ឋ​ប្រមាណ ៧៩​ភាគរយ ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យ​កសិកម្ម ធ្វើស្រែ​ចម្ការ នេសាទ​ត្រី និង​ចិញ្ចឹមសត្វ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់ខ្លួន​៕ 
 
 

Tag:
 កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com