កំណាព្យ
ជាតិ
កវី​ដង​ប៉ា​កា​ប្រាក់ អ៊ីវ ហួត​៖ កំណាព្យ​ខ្មែរ ត្រូវតែ​ពីរោះ​!
22, Jul 2020 , 6:23 pm        
រូបភាព
កវី អ៊ីវ ហួត និងភរិយា សំពះនៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប
កវី អ៊ីវ ហួត និងភរិយា សំពះនៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប
​កវី អ៊ីវ ហួត ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​ដង​ប៉ា​កា​ប្រាក់​»​។ ព្រឹទ្ធាចារ្យ មិន​ងាយ​បដិសេធ​ឡើយ​នូវ​រាល់​សំណើរ​របស់​យុវជន​ដែល​ចង់​រៀនសូត្រ​ក្បួន​តែង​កាព្យ ប្រសិនបើ​ព្រឹទ្ធ​ចា​រ្យ​មិន​ជាប់រវល់​កិច្ចការ​សំខាន់​ណាមួយ​ទេនោះ​។ សំណួរ​ទី​៤​របស់លោក អ៊ឹង ចំរើន នៃ​សារព័ត៌មាន​ថ្មីៗ គឺ​ផ្តោតលើ​ដំបូន្មាន​របស់​កវី​ដង​ប៉ា​កា​ប្រាក់​រូបនេះ សម្រាប់​យុវជន​ដែល​ចង់​រៀន​ក្បួន​តែង​កំណាព្យ​ឲ្យ​ទាក់ទាញ និង​ចាប់អារម្មណ៍​។​


លោក អ៊ឹង ចំរើន៖ ​ដង​ប៉ា​កា​ប្រាក់​--​ត្រូវបាន​ចារ​ឆ្លាក់​--​នាម​អ៊ំ​កវី​
​ទោះ​អាយុ​ច្រើន​--​ចម្រើន​ឡើង​ក្តី​--​អ៊ំ​តែង​ប្រណី​
​រំលែក​ពិសោធន៍​។​

​ជា​អនុសាសន៍​--​តើ​មាន​អ្វីខ្លះ​--​ដែល​ស្រាយ​ចំណោទ​
​ទៅតាម​ក្បួន​កាព្យ​--​កំណាព្យ​គេ​កោត​--​អ្នកខ្លះ​នៅ​ឆោត​
​រៀប​ពាក្យ​មិនត្រូវ​។​



​កវី អ៊ីវ ហួត​៖ កំណាព្យ​ខ្មែរ​ត្រូវតែ​ពីរោះ​'..!

១. '​ដង​ប៉ា​កា​ប្រាក់​'--​សរសេរ​មិន​បាក់​--​ឆ្លាក់​ពាក្យ​បាន​ច្រើន​
​កាព្យ​ខ្មែរ​ពីរោះ​--​ពិគ្រោះ​ចម្រើន​--​កវី​ខ្មែរ​កើន
​ពាន់​ម៉ឺន​សែន​ណា៎​។​

២. វិធី​សិ​ល្យ៍​តែង​--​ពីរោះ​ក្រៃលែង​--​កុំ​ក្រែង​សិក្សា​
​ក្បួន​'​ល្បែង​រៀប​ពាក្យ​'--​វិភាគ​ពិចារណ៍​--​ឋិត​ជិត​ចិន្តា
'​សិស្ស​'​ណា​ចង់​រៀន​។​

៣. រៀប​ពាក្យ​ងាក​ចួន​--​ចាប់ចិត្ត​ស្និទ្ធ​ស្ងួន​--​អង្រួន​វិញ្ញាណ​
​គ្រប់គ្នា​ធ្វើបាន​--​ចំណាន​និទាន​--​ខន្តី​លៃ​ឈាន
​មាន​ឫទ្ធ​ស្និទ្ធស្នេហ៍​។​

៤. តែង​ពុំ​ពីរោះ​--​ពុំ​អាចមាន​ឈ្មោះ​--​រស់រាន​ហូរហែ​
​ជា​កវី​ប្រាជ្ញ​--​អង់អាច​ពូកែ​--​បាន​អាន​រឹតតែ
​បែរ​មករក​ស្គាល់​។​

៥. ខ្មែរ​ពង្ស​សង់​សាង​--​ប្រាង្គ​ថ្ម​ត្រដាង​--​សំអាង​កុសល​
​ផ្សំផ្គុំ​វិជ្ជា​--​កើតជា​កោសល្យ​--​បណ្តាល​ថ្នាល​ថ្នល់
​យល់​ពេញ​ផែនដី​។​

៦. វិជ្ជា​ទ្រទ្រង់​--​ជាតិខ្មែរ​ចង់​សង់​--​អង្គរ​អរិយ​
​ប្រាង្គ​តំណាង​សួគ៌​--​គួរ​ខ្មែរ​ស្នេហ៍​ន័យ​--​សាវតារ​ចារ​ជ័យ
​លៃ​គន់​សន្ទនា​។​

៧. រួម​លើក​ទិស​ថ្មី​--​កូន​ខ្មែរ​ប្រុស​ស្រី​--​កវី​គ្រប់គ្នា​
​តែង​កាព្យ​ពីរោះ​--​ព្រោះ​ប្រឹង​ពុះពារ​--​ចុងចួន​សោភា
​ធានា​បង្រៀន​។​

៨. ចែករំលែក​ចិត្ត​--​បន្ទុំ​គំនិត​--​គិត​ល្អិត​វិញ្ញាណ​
​វប្បធម៌​ជាតិខ្មែរ​--​ប្រែ​មន្ត​ជា​ស្ពាន​--​សន្សំ​ជំហាន
​ធនធាន​ម្នុស្ស​ខ្មែរ​។​

៩. មេកាព្យ​កើន​គ្រាន់​--​ច្រើនសិប​ពាក់ព័ន្ធ​--​មិន​ភ័ន្ត​មន្ត​ស្នេហ៍​
​តែ​នៅទីនេះ​--​ត្រិ​រិះ​ហូរហែ​--​កាកគតិ​គ្នេរ
​បកប្រែ​គ្រប់​ប្រាណ​។​

១០. រៀនមាន​ប្រាជ្ញា​--​ប្រារព្វ​សព្វ​សារ​--​ពិចារណ៍​ប្រធាន​
​ត្រិះរិះ​ចេះ​អស់​--​ចិត្ត​ស្មោះ​ចង់​ថ្កាន​--​មួយ​ល្បះ​ចំណាន
​បាន​ចេះ​មួយ​ក្បួន​។​

១១. ចួន​គោល​ពុំ​គ្រប់​--​គួរតែ​កុំ​ឈប់​--​បង្គ្រប់​ដ្បិត​ស្ងួន​
​កាកគតិ​ស្នេហ៍​--​ថែ​ល្អ​ជាប់​ចួន​--​កុំបី​បំពួន
​ចិត្ត​ខ្លួន​មេត្រី​។​

១២. ចេះ​ក្បួន​ស្ងួន​ក្បាច់​--​គិត​គុណបំណាច់​--​សម្រេច​ខន្តី​
​សន្សំ​បន្ទុំ​--​ជុំ​លក្ខណ៍​ភក្តី​--​រៀប​ពាក្យ​ប្រពៃ
​ន័យ​ពេចន៍​លេច​ល្អ​។​

១៣. តែមួយ​ល្បះ​សោះ​--​ច្នៃ​ឲ្យ​ពីរោះ​--​ពិគ្រោះ​បន្ត​
​ចាប់​ចុងចួន​ចែង​--​ណែងណង​បវរ​--​រួមរក្ស​ស្មោះសរ
​អក្សរ​ខេមរា​។​

១៤. ប្រាជ្ញា​ប្រវាស់​--​ខន្តី​លៃ​ណាស់​--​យុទ្ធសាស្ត្រ​ច្បាស់​ច្បារ​
​ជួយ​កែ​រួមគ្នា​--​ធានា​ខ្លឹមសារ​--​ជួយ​ឆ្ពិន​ចិន្តា
​គ្រា​ណា​កែ​ទៀត​។​

១៥. រកឃើញ​ជុំគ្នា​--​បង្កើន​សាម​គ្គា​--​គ្រប់​គ្រា​ជា​ញាតិ​
​លើក​ទិសដៅ​ជុំ​--​រម្ងាប់​វិវាទ​--​ឃើញ​ប្រយោជន៍​ជាតិ
​នាំ​ញាតិ​មេត្រី​។​

១៦. កុំអាល​ទៅណា​--​ប៉ិន​ថ្នឹក​ស​ក្សា​--​ពិចារណ៍​ជាថ្មី​
​កែលម្អ​ជាប់​--​រាប់រក​សិរី​--​វិធីសាស្ត្រ​ជ័យ
​នៃ​កំណាព្យ​ខ្មែរ​។​

១៧. មួយ​ល្បះ​បង្ហាញ​--​ជួនកាល​នៅ​សាញ​--​ទាញ​មក​ហូរហែ​
​ពាក្យ​នេះ​សម​ជាង​--​បើ​ផ្ទៀង​ព្រាង​ថែ​--​ដំណ​ត់ប​ត់​បែរ
​ជិត​..​កែ​ល្អ​ណាស់​។​

១៨. ពិនិត្យ​ពិគ្រោះ​--​ល្បះ​ខ្លះ​ពីរោះ​--​ព្រោះ​រស់​ច្បាប់​ច្បាស់​
​ផ្សំផ្គុំ​អំណត់​--​បត់​តាម​ជើងចាស់​--​រចនាបថ​ឆ្លាស់
​ដេរដាស​កវី​។​

១៩. គ្មានអ្វី​ជាង​សាក​--​ពិបាក​កុំ​ផ្អាក​--​កុំ​ញាក​ញោច​អី​
​បន្ត​ឈោង​ឈាន​--​ប្រាណ​មាន​វិន័យ​--​តែង​ទាំងប្រុស​ស្រី
​ថ្នល់​ជ័យ​នៅ​ជិត​។​

២០. មួយ​ល្បះ​ច្បាស់​ហើយ​--​ប្រៀបបាន​ឆ្លង​ត្រើយ​--​គ្មាន​ស្បើយ​ពិនិត្យ​
​បន្ត​ស្រាវជ្រាវ​--​រាវរក​ប្រឌិត​--​កាព្យ​ខ្មែរ​ពិសិដ្ឋ
​និម្មិត​អរិយ​។​

២១. រៀប​ពាក្យ​ច្រៀក​ពេចន៍​--​ចុងចួន​ជានិច្ច​--​ជា​កិច្ច​កវី​
​ណែងណង​ក្រង​ក្បួន​--​ស្ងួន​ក្បាច់​លេច​ថ្មី​--​គុណ​ទ្វេ​មេត្រី
​ទឹកដី​អង្ករ​។​

២២. រំលឹក​ច្រើនដង​--​ក្នុង​គោលបំណង​--​ក្រង​កាព្យ​វប្បធម៌​
​អក្សរ​សិល្ប៍ជាតិ​--​ញាតិ​រួម​បង្ក​--​ជឿជាក់​ស្មោះសរ
​អនាគត​ចែង​។​

២៣. ចិត្តជា​កវី​--​ពិតជា​ប្រពៃ​--​ន័យ​ទ័យ​សម្តែង​
​ឥន្ទ្រ​ទេវី​--​មូល​មីរ​កោតក្រែង​--​ជា​គ្រូ​គួរ​ស្ញែង
​តែង​កាព្យ​ខេមរា​។​

២៤. ពង្ស​សាវតារ​ខ្មែរ​--​គួរ​គិត​ស្និទ្ធស្នេហ៍​--​រឹតតែ​ពិស្តារ​
​សង្កេត​ហេតុផល​--​យល់​ថ្នល់​សិក្សា​--​អ​ច្ឆៈ​រី​យ៍​សារ
​មហានគរ​។​

២៥. បើសិន​ជាតិខ្មែរ​--​មិន​ប៉ិន​ពូកែ​--​ស្និទ្ធស្នេហ៍​បង្ក​
​វិជ្ជា​ជា​គ្រឹៈ​--​ជ្រើសរើស​បន្ត​--​សឹង​ប្រាសាទ​ថ្ម​
​កម្រ​កើតមាន​។​

២៦. គ្មានអ្វី​កើត​ឯង​--​បើ​ពុំ​ប្រឹងប្រែង​--​ស្វែងរក​ធនធាន
​រូប​.​អរូបី​--​លៃ​សង់​វិមាន​--​ធន​ម្នុស្ស​(១)​ជា​យាន
​ស្ពាន​សួគ៌​ភោគ​ភ័ព្វ​។​

២៧. សព្វ​ផ្នែក​សង្គម​--​គណិតសាស្ត្រ​ផ្គុំ​--​ជុំ​គម្រោង​គាប់​
​បច្ចេកវិទ្យា​--​វិទ្យាសាស្ត្រ​ផ្គាប់​--​បង្កើន​សព្វ​ភ័ព្វ
​សព្វ​ទ្រព្យ​សីមា​។​

២៨. មិន​ប៉ិន​គណិត​--​មិនអាច​ហ៊ាន​គិត​--​ប្រិត​ព្រាង​ស្ថាបនា​
​ស្កឹមស្កៃ​លៃ​ស្អាត​--​ប្រាសាទ​សិលា​--​ចក្រភព​ខ្មែរ​ចារ
​អ​ច្ឆៈ​រី​យ៍​ភណ្ឌ​។​

២៩. ទាំង​'​ប្រព័ន្ធ​ទឹក​'--​បារាយណ៍​រដឹក​--​នឹកនា​ទារ​គន់​
​ក​សិ​ន្ទុ​អន្លាយ​--​ប្រឡាយ​ពាក់ព័ន្ធ​--​ស្រះ​ស្អាត​គួរ​គន់
​មន្ត​ស្នេហ៍​សួគ៌ា​។​

៣០. ធនធាន​ម្នុស្ស​ខ្មែរ​--​ចង់​សង់​ពូកែ​--​ដង្ហែ​វិជ្ជា​
​សាង​សីមា​មាំ​--​នាំ​ឫទ្ធ​គ្រប់​គ្រា​--​ជូន​កម្ពុជា
​មហានគរ​។​

៣១. ប្រាជ្ញា​ស្មារតី​--​គិត​ជាតិ​.​ផែនដី​--​លៃ​លាភ​រៀប​..​ត​
​សាងសង់​អង់អាច​--​អ្នកប្រាជ្ញ​អក្សរ​--​ចារឹក​វប្បធម៌
​ទ្រ​ពង្ស​សាវតារ​។​

៣២. សុទ្ធសឹង​អ្នកប្រាជ្ញ​--​បញ្ញា​អង់អាច​--​បាច​សាប​សព្ទ​សារ​
​ចារឹក​តឹកតាង​--​លើ​ប្រាង្គ​សិលា​--​ប្រាប់​ភាព​អស្ចារ្យ
​គ្រា​ណា​ស្វែងយល់​។​

៣៣. ពុំ​រលប់​សាប​--​ចារ​ជា​កំណាព្យ​--​ឆាប​ចិត្ត​គិតដល់​
​ទ្រព្យ​មហាសាល​--​ដំណាល​កោសល្យ​--​ភស្តុតាង​តម្កល់
​ចម្ងល់​រាល់កាល​។​

៣៤. ស្នាដៃ​កវី​--​ជា​ភោគ​ជោគជ័យ​--​ន័យ​ល្អ​ត្រកាល​
​ភាសា​ខ្មែរ​ជួយ​--​ស្ទួយ​ភ័ព្វ​រាលដាល​--​សន្សំ​ដំណាល
​ថ្នល់​ថ្នាល​វប្បធម៌​។​

៣៥. សាស្ត្រា​រឹត​ខ្មែរ​--​សិក្សា​ស្និ​ទ្ឌ​ស្នេហ៍​--​ប្រាណ​ប្រែ​ស្មោះសរ​
​ជា​កវី​ស្រូត​--​សូត្រ​កាព្យ​បន្ត​--​តែង​ឆ្លង​សាទរ
​ទៅមក៍​អត់​ព្រាង​។​

៣៦. ហេតុ​ធំចម្បង​--​ភាសា​ខ្មែរ​ក្រង​--​ចំណង​សព្ទ​ទៀង​
​ច្រើនតែ​លើកស្ទួយ​--​ពាក្យ​មួយ​ពីរ​ព្យាង្គ​--​កាព្យ​ខ្មែរ​ថែ​រាង
​ជាង​ឆ្លាក់​ទាក់ចិត្ត​។​

៣៧. អំ​ណាន​បាន​គ្រាន់​--​ចិត្ត​ស្ម័គ្រ​ពាក់ព័ន្ធ​--​មាន​មន្ត​ពិនិត្យ​
​សាកល្បង​មួយ​ល្បះ​--​ច្បាស់​ល្អ​ប្រណីត​--​ផ្លាស់​ប្តូរជីវិត
​ព្រោះ​ស្និទ្ធ​កាព្យ​ខ្មែរ​។​

៣៨. មង្គល​រាល់ដង​--​យល់​ជិតស្និទ្ធ​ស្នង​--​ចម្លង​ចិត្ត​កែ​
​ខន្តី​រៀប​ពាក្យ​--​បង្កៀ​ក​ហូរហែ​--​ទម្លាប់​ល្អ​ថែ
​មន្ត​ស្នេហ៍​កាព្យ​ចួន​។​

៣៩. ចេះ​តែង​ចង់​កែ​--​ឲ្យ​កាព្យ​រឹតតែ​--​ប្រែ​ប្រាណ​សមសួន​
​ពាក្យ​ចួន​រណ្តំ​--​ផ្សំ​ណែងណង​ស្ងួន​--​ស្មេរ​ថ្ពេច​ភ្លេចខ្លួន
​អង្រួន​ចិត្ត​អាន​។​

៤០. ចិត្ត​ស្មេរ​ស្មោះសរ​--​ភាសា​ខ្មែរ​ល្អ​--​បង្ក​ចំណាន​
​អារម្មណ៍​កវី​--​លៃ​ច្នៃ​ក្លាហាន​--​កំណាព្យ​សួគ៌​ឋាន
​ក្នុង​ប្រាណ​និម្មិត​។​

៤១. ខ្វះ​តែ​ចំណង់​--​សង្ឃឹម​ត្រឹមត្រង់​--​សាងសង់​ពិសិដ្ឋ​
​សុ​បិ​ន្ត​រក្សា​--​ក្លាយជា​ការពិត​--​កវី​មាន​ឫទ្ធ
​ប្រឌិត​ភព​បាន​។​

៤១. ភព​នាម​មង្គល​--​បើ​ស្និទ្ធ​ដិតដល់​--​តម្កល់​សុខសាន្ត​
​សម្រាប់​អាត្មា​--​សីមា​តាមដាន​--​បើ​ល្អ​ប្រមាណ
​សព្វឋាន​នឹកនា​។​

៤២. កំណាព្យ​ពីរោះ​--​ជាក់​ជា​យស​ខ្ពស់​--​ពិគ្រោះ​គ្រប់គ្នា​
​កេណ្ឌ​កោសល្យ​ឆើត​--​អើត​មក​ធានា​--​ស្មេរ​ប្រែ​ប្រាណ​ជា
​ភោ​គា​ភព​ផង​។​

៤៣. ប្រាង្គ​អច្ឆរិយៈ​--​ជាតិខ្មែរ​ធ្លាប់​ឆ្លាក់​--​បញ្ជាក់​ចំណង​
​ហ្សែ​ន​ខ្មែរ​សង់​សាង​--​ត្រដាង​ច្រើនដង​--​ថ្ងៃស្អែក​ចម្លង
​ម្តងទៀត​ថ្នល់​ជ័យ​។​

៤៤. អណ្តែត​អន្លាយ​--​គំនិត​ជិត​ឆ្ងាយ​--​បន្លាយ​និស្ស័យ​
​ប្រាថ្នា​ខ្លាំងណាស់​--​ប្រវាស់​ស្រមៃ​--​ទុក​កេរ​គ្នេរ​ច្នៃ
​តម្លៃ​ច្រើន​ដែរ​។​

៤៥. សំណេរ​មាន​តិច​--​ទោះបី​ខំ​ថ្ពេច​--​រំលេច​ហូរហែ​
​វ័យ​ច្រើន​កើន​ផ្តុំ​--​ពុំទាន់​ពូកែ​--​តទៅ​ត្រូវតែ
​ស្និ​ទ្ឋ​ស្នេហ៍​រឿង​អ្វី​?

៤៦. ពិនិត្យ​ដិតដល់​--​ប្រឹងប្រែង​ស្វែងយល់​--​តម្កល់​ភក្តី​
​ស្នេហ៍​កំណាព្យ​ខ្មែរ​--​ថែ​កេរ្តិ៍​មេត្រី​--​មង្គល​ផ្តល់​ន័យ
​លៃ​លាក់​រក្សា​។​

៤៧. តាំង​ចិត្តជា​ស្មេរ​--​ត្រូវតែ​សរសេរ​--​ផ្ទឹម​ផ្ទេរ​ឯកសារ​
​ទិសដៅ​រំលែក​--​ចែក​ជ័យ​មន្ត​អារ្យ៍​--​ជូន​ដល់​ខេមរា
​មិន​ថា​ប្រុស​ស្រី​។​

៤៨. រឿង​ខ្ញូំ​លេច​ស្តែង​--​ចង់​នៅ​វ័យ​វែង​--​ក្រែង​មាន​ស្ពាន​ជ័យ​
​ឱកាសល្អ​ទៀត​--​វាត​ដោយ​'ThmeyThmey'--​អ៊ឹង ចំរើន ស្តី
​កវី​លៃ​ថែ​។​

៤៩. សុខភាព​កាយ​មាន​--​ជាក់​ជា​ធនធាន​--​និទាន​កុំ​ល្ហែ​
​ហាត់ប្រាណ​.​ចំណី​--​កុំបី​គេចកែ​--​កូ​វីដ​(១៩)​នៅក្បែរ
​ជា​ខ្មែរ​ថែ​ល្អ​។​

៥០. រក្សា​ទឹកចិត្ត​--​នៅ​ក្មេង​ថេរ​ឋិត​--​ស្និទ្ធ​ឋាន​អក្សរ​
​ជាមួយ​មាស​ម៉ុម​--​ផ្សំផ្គុំ​បន្ត​--​ពិគ្រោះ​ស្មោះសរ
​វប្បធម៌​ជាតិខ្មែរ​៕

(១) ធនធានមនុស្ស​

Tag:
 កវី អ៊ីវ ហួត
© រក្សាសិទ្ធិដោយ thmeythmey.com