ជាតិ
សេដ្ឋកិច្ច
កម្ពុ​ជាមាន​មាស​​៣៦.៥​តោន​ដែល​រក្សាទុក​នៅ​ស្វី​ស អង់គ្លេស និង​កម្ពុជា​
23, Jul 2020 , 12:22 pm        
រូបភាព
បើតាម​សម្តេច ហ៊ុន សែន កំណើន​ទុនបម្រុង​អន្តរជាតិ​នេះ បង្ហាញថា កម្ពុជា​មិនមាន​ជា​មាយា​ទ​ស្រី​កញ្ជើរ​ធ្លុះ​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​នោះទេ​។ រូបថត SPM
បើតាម​សម្តេច ហ៊ុន សែន កំណើន​ទុនបម្រុង​អន្តរជាតិ​នេះ បង្ហាញថា កម្ពុជា​មិនមាន​ជា​មាយា​ទ​ស្រី​កញ្ជើរ​ធ្លុះ​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​នោះទេ​។ រូបថត SPM
ដោយ: រួបរួម
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី​២៣ ខែកក្កដា នេះ បាន​បង្ហោះ​ឯកសារ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​បញ្ជាក់​ពី​ទុនបម្រុង​អន្តរជាតិ​រួមមាន​រូបិយ​បណ្ណ​បរទេស និង​មាស ដែល​ត្រូវបាន​រក្សាទុក​ដោយ​សុវត្ថិភាព​។​



​សេចក្តីបញ្ជាក់​របស់​ធ​នាគារ​ជាតិ បាន​បង្ហាញថា គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​២០២០ កម្ពុ​ជាមាន​ទុនបម្រុង​អន្តរជាតិ​គិត​ជា​ដុល្លារ​អាមេរិក​មាន​ចំនួន​១៩.៥​ប៊ី​លាន និង​មាស​ចំនួន​៣៦.៥​តោន ដោយ​ក្នុងនោះ ១២.៤​តោន​ជា​មាស​កេរ្តិ៍មរតក​ពីមុន​សម័យ​សង្គ្រាម​ដែល​រក្សាទុក​នៅ​ប្រទេស​ស្វី​ស ១៤.១​តោន កំពុង​វិនិយោគ​នៅ​ធនាគារកណ្តាល​អង់គ្លេស និង​១០​តោន ត្រូវបាន​រក្សាទុក​នៅ​កម្ពុជា​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ពី​ការ​បង្ហោះ​ឯកសារ​នេះ​ថា ជាការ​ឆ្លើយតប​នឹង​ការចង់​ដឹង​ពី​មាស​ដែលជា​ទុនបម្រុង​របស់​ជាតិ​។ សម្តេច​បាន​គូសបញ្ជាក់ថា​៖ «​ការចង់​ដឹងរ​បស់បង​ប្អូន​មួយចំនួនធំ មាន​ភាព​សុចរិត​ពីព្រោះ​វា​ជា​របស់​ជាតិ តែ​នៅមាន​ជន​អាក្រក់​មួយចំនួន​តូច​បាន និង​កំពុង​ប្រើប្រាស់​ការបាត់បង់​ដំណឹង​អំពី​មាស​ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល ថា​ចង់​បន្លំ​យក​មាស​ក្នុងពេល​មាន​ជំងឺឆ្លង​កូ​វីដ​-១៩ ព្រោះ​មិនដែល​ឮ​លោក​ហ៊ុន សែន និយាយ​ពី​មាស​នេះ​ទៀត​ទេ​»​។​

​នា​ពិធី​ចែក​សញ្ញាបត្រ​មួយ​កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩ សម្តេច ហ៊ុន សែន ក៏បាន​បញ្ជាក់​ផងដែរ កម្ពុជា មាន​មាស​៣០​តោន ដែល​តម្កល់ទុក​នៅ​ធនាគារ​ប្រទេស​ស្វី​ស និង​អង់គ្លេស ដើម្បី​បម្រុង​ទុក​ដោះស្រាយ​បញ្ហា នៅពេលដែល​កម្ពុជា ជួប​បញ្ហា​សេដ្ឋកិច្ច​កើតឡើង​ជាយថាហេតុ​។

​ពេលនោះ សម្ដេច​និយាយ​លម្អិត​ថា មាស​ទាំង​៣០​តោន​នេះ គឺមាន​១២​តោន​ទុក​នៅ​ស្វី​ស មាស​១៥​តោន​ទុក​នៅ​អង់គ្លេស និង​មាស​៣​តោន តម្កល់​នៅ​ធនាគារជាតិ​កម្ពុជា​។ តែ​កម្ពុជា​អាចមាន​លទ្ធផល​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​ជូន​មន្ត្រីរាជការ និង​កងកម្លាំង​គ្រប់​ប្រភេទ​បាន បើសិន​ជាមាន​ករណី​បញ្ហា​សេដ្ឋកិច្ច​កើតឡើង ដោយសារ​សំអាង​ទៅលើ​ការប្រមូល​ពន្ធគយ និង​សារពើពន្ធ​ផ្សេងៗ ។



សេចក្តីបញ្ជាក់​របស់​ធ​នាគារ​ជាតិ បង្ហាញថា​ទុនបម្រុង​ជាតិ​មានការ​កើនឡើង​ជា​លំដាប់ ពោលគឺ​មាស​ដែល​រក្សាទុក​នៅ​កម្ពុជា​កើន​ពី​៣​តោន​ឡើងដល់​១០​តោន​។ សម្តេច ហ៊ុន សែន បាន​រំលឹក​នៅលើ​សំណេរ​របស់ខ្លួន​ថា​៖ «​ប្រហែល មួយឆ្នាំ​មុន​ខ្ញុំ​ធ្លាប់​ប្រកាសថា​មាស​របស់​យើង​មាន​៣០​តោន​តែ​តាម​តួលេខ​ថ្មី​នេះ​មាស​របស់​យើង​មាន​ដល់​៣៦,៥​តោន​។ នេះ​មិនមែនជា​មាយា​ទ​ស្រី​កញ្ជើរ​ធ្លុះ​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​នោះទេ​»៕




© រក្សាសិទ្ធិដោយ thmeythmey.com