ជាតិ
ក្រុមហ៊ុន​ចិន​មួយ​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​ដុត​សំរាម​ដើម្បី​ផលិត​អគ្គិសនី​នៅ​ខេត្តសៀមរាប
23, Jul 2020 , 7:29 pm        
រូបភាព
លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​(​រូប​សាំ្ត​)​កំពុង​ប្រជុំ​បច្ចេកទេស ជាមួយ លោក Zhang Xiaozhong ប្រធានការិយាល័យ​តំណាង​ខាង​ភាគី​ក្រុមហ៊ុន MIZUDA ស្តីពី​ការវិនិយោគ​បង្កើត​រោងចក្រ​ដុត​សំរាម​ឱ្យបាន​២១​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ដោយ​ផលិត​ថាមពលអគ្គីសនី​ជាង​៧៥​ម៉ឺន​គីឡូវ៉ាត់ ក្នុង​ខេត្តសៀមរាប នៅ​សាលា​រដ្ឋ​ខេត្ត កាលពី​ថ្ងៃទី​២១​កក្កដា ឆ្នាំ​២០២០​។ រូបថត​៖ រដ្ឋបាល​ខេត្តសៀមរាប​

ក្រុមហ៊ុន MIZUDA របស់​ប្រទេស​ចិន គ្រោង​បង្កើត​រោច​ក្រ​ដុត​សំរាម​ឱ្យបាន​២១​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ដោយ​ផលិត​ថាមពលអគ្គីសនី​ជាង​៧៥​ម៉ឺន​គីឡូវ៉ាត់ម៉ោង នៅ​ខេត្តសៀមរាប​។ ការផលិត​អគ្គិសនី​ពី​សំរាម​របស់​ក្រុមហ៊ុន​ចិន​នេះ  អាច​ចូលរួម​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ក្នុង​ក្រុង​សៀមរាប​បាន​១០​ភាគរយ​។ បើតាម​លោក លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប ក្រុមហ៊ុន​ចិន​មួយ​នេះ នឹង​វិនិយោគ​បង្កើត​រោងចក្រ​ដុត​សំរាម ដើម្បី​ផលិត​ថាមពល​អគ្គិសនី​នេះ​ឡើង​នៅ​ឆ្នាំ​២០២១​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​មួយ​នេះ កំពុង​សិក្សា​និង​វាយតម្លៃ​អំពី​លទ្ធភាព​នូវ​គម្រោង​វិនិយោគ​ខាងលើ ដោយ​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០​។ នេះ​ជាការ​លើកឡើង​របស់លោក លី សំរិទ្ធ ប្រាប់​សារព័ត៌មាន​ថ្មីៗ​(Thmey Thmey)​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​២២ ខែកក្កដា  ដោយ​បន្តថា ការសាងសង់​រោងចក្រ​ដុត​សំរាម​ដើម្បី​ផលិត​និង​ផ្គត់ផ្គង់​ថាមពលអគ្គីសនី​នេះ គឺជា​ការរួមចំណែក​អភិវឌ្ឍ​ខេត្តសៀមរាប​ឱ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ការសម្អាត និង​ថែរក្សា ការពារ​បរិ​សា្ថ​ន​។ 
 
​ក្នុង​មួយៗ​ថ្ងៃ សំរាម​នៅ​ក្រុង​សៀមរាប មាន​ប្រមាណ​៤៨០​តោន ហើយ​អាច​កើន​ដល់​៦០០​តោន​ក្នុង​ឆ្នាំ​២០២២ នឹង​ឈាន​រហូតដល់​ជាង​១០០០​តោន នៅក្នុង​ឆ្នាំ​២០៣៥​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​រដ្ឋបាល​ខេត្តសៀមរាប​បង្ហាញ​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​រវាង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ជាមួយ លោក Zhang Xiaozhong ប្រធានការិយាល័យ​តំណាង​ខាង​ភាគី​ក្រុមហ៊ុន MIZUDA ប្រចាំ​នៅ​កម្ពុជា​និង​សហការី  កាលពី​ថ្ងៃទី​២១​កក្កដា ឆ្នាំ​២០២០៕ 

Tag:
 សំរាម​
  អគ្គិសនី​
  សៀ​បរាម​
© រក្សាសិទ្ធិដោយ thmeythmey.com