សង្គមអន្តរជាតិ​
អន្តរជាតិ
អង់គ្លេស បន្ធូរ​លក្ខខណ្ឌ​សុំ​ទិដ្ឋាការ​សម្រាប់​ប្រជាជន​ហុងកុង
23, Jul 2020 , 3:11 pm        
រូបភាព
លោកស្រីPriti Patel រដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេស។ រូបភាព៖ Reuters
លោកស្រីPriti Patel រដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេស។ រូបភាព៖ Reuters
​រដ្ឋមន្ត្រី​មហាផ្ទៃ​អង់គ្លេស លោកស្រី Priti Patel នៅ​ថ្ងៃទី​២២ ខែកក្កដា បាន​លើកឡើងថា អង់គ្លេស នឹង​បើក​ពាក្យស្នើសុំ​ទិដ្ឋាការ​ដល់​ប្រជាជន​ហុងកុង​ជិត ៣​លាន​នាក់​នៅក្នុង​ខែមករា ឆ្នាំ​២០២១ ខាងមុខ ដើម្បី​មាន​សិទ្ធិមក​តាំង​លំនៅ​ក្នុងប្រទេស​អង់គ្លេស​។ ចិន​ប្រតិកម្ម​រឿងនេះ និង​បាន​ចោទថា ការអនុញ្ញាត​ឲ្យ​ប្រជាជន​ហុងកុង​មាន​សិទ្ធិ​ទៅ​តាំង​លំនៅ​ពី​សំណាក់​អង់គ្លេស ជាការ​ខុស​នឹង​ច្បាប់​អន្តរជាតិ​។


​បញ្ហា​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ត្រូវបាន​អង់គ្លេស ដែលជា​អតីត​ម្ចាស់​អាណានិគម​ហុងកុង រិះគន់​យ៉ាងខ្លាំង​ថា បំពាន​នឹង​សេចក្តីប្រកាស​រួម​រវាង​ចិន​-​អង់គ្លេស ឆ្នាំ​១៩៨៤ និង​បំផ្លាញ​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ នាពេល​កន្លងមក អង់គ្លេស បាន​បញ្ជាក់ថា ខ្លួន​នឹង​ចាត់វិធានការ​មួយ ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​ហុងកុង មាន​សិទ្ធិមក​រស់នៅ​អង់គ្លេស​ជា​អចិន្ត្រៃយ៍ និង​អាច​ក្លាយជា​ពលរដ្ឋ​អង់គ្លេស តាមរយៈ​លិខិតឆ្លងដែន​សម្រាប់​ពលរ​ដ្ឋ​ចក្រភព​អង់គ្លេស​នៅ​បរទេស (BNO)​។ 
 
​លោកស្រី Priti Patel រដ្ឋមន្ត្រី​មហាផ្ទៃ​អង់គ្លេស នៅ​ថ្ងៃទី​២២ ខែកក្កដា បានបង្ហាញ​លក្ខខណ្ឌ​សម្រាប់​ពលរដ្ឋ​ហុងកុង​ដែល​កាន់ BNO ។ ថ្លែង​ទៅកាន់​កិច្ចប្រជុំសភា លោកស្រី Patel បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​គ្រោង​បើក​ពាក្យស្នើសុំ​ទិដ្ឋាការ លើ​លិខិតឆ្លងដែន​សម្រាប់​ពលរ​ដ្ឋ​ចក្រភព​អង់គ្លេស​នៅ​បរទេស ចាប់ពី​ខែមករា ឆ្នាំ​២០២១ ខាងមុខ​»​។ 
 
​សម្រាប់​ការស្នើសុំ​នេះ អង់គ្លេស​មិន​តម្រូវ​លក្ខខណ្ឌ​អ្វី​ទេ ពោល គឺ​អ្នក​ដែល​កាន់​លិខិតឆ្លងដែន BNO ហើយ​គ្មាន​ជំនាញ ប្រាក់ចំណូល​កម្រិត​ទាប ឬ​តម្រូវការ​ផ្នែក​សេដ្ឋកិច្ច​បែបណា គឺអាច​ដាក់ពាក្យ​ស្នើសុំ​បាន​ទាំងអស់​។ ពាក្យស្នើសុំ នឹងធ្វើ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់លោក​ស្រី​Patel អង់គ្លេស​ផ្តល់ឱកាស​ឲ្យ​ប្រជាជន ដែល​កាន់​លិខិតឆ្លងដែន BNO ដើម្បី​ទទួលបាន​សិទ្ធិ​ជា​ប្រជាជន​របស់​អង់គ្លេស​ផងដែរ​។ ទន្ទឹមនេះ អ្នក​ដែល​កាន់​លិខិតឆ្លងដែន BNO ក៏​អាច​នាំ​អ្នក​ដែល​ស្ថិតក្នុង​បន្ទុក​ទៅជា​មួយ​ផងដែរ ដូចជា​កូន​ជាដើម​។ យ៉ាងណាក៏ដោយ អ្នក​ទាំងនោះ ត្រូវតែ​ជួយ ឬ​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯងបាន ក្នុង​រយៈពេល ៥​ទៅ ៧​ឆ្នាំ មុន​ព​ក្លាយជា​ប្រជាជន​អង់គ្លេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post​។ 
 
​ជាការ​ឆ្លើយតប​ទៅនឹង​សេចក្តីសម្រេច​នេះ ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​ឡុង​ដ៍ បាន​រិះគន់ថា អង់គ្លេស ជ្រែ​ត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​យ៉ាងធ្ងន់ធ្ងរ បំពាន​ច្បាប់​អន្តរជាតិ និង​មិន​គោរព​លិខិតបទដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​។ 
 
​សូមបញ្ជាក់ថា តាមរយៈ​លិខិតឆ្លងដែន​សម្រាប់​ពលរ​ដ្ឋ​ចក្រភព​អង់គ្លេស​នៅ​បរទេស ប្រជាជន​ហុងកុង​ប្រមាណ​ជា ២,៩​លាន​នាក់ អាចដាក់​ពាក្យស្នើសុំ​មក​រស់នៅ​អង់គ្លេស​បាន ប៉ុន្តែ​ប្រជាជន​ហុងកុង ត្រូវតែមាន សៀវភៅ​ស្នាក់​នៅក្នុង​ទីក្រុង​ហុងកុង ការធ្វើ​តេស្ត​រក​ជំងឺរបេង និង​របាយការណ៍​ធនា​គារ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​ចិញ្ចឹម​ខ្លួនឯង​៕

Tag:
 អង់គ្លេស​
  ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com