ភ្នំពេញ៖ ពលរដ្ឋមួយចំនួន ក្នុងភូមិចំនួន៦ ក្នុងសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើតជំងឺឈីកគង់ហ្គន់យ៉ា (Chikunngunya) ហៅថាជំងឺ ឈីក (CHIK)។ ភូមិទាំង៦ ដែលមានពលរដ្ឋកើតជំងឺឈីកនោះ មាន ភូមិប៉ោយប៉ែត ក្បាលកោះ អូរជ្រៅ ព្រៃគប់ អូរវនាង និងភូមិអូរឬស្សី។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលបានបញ្ជក់ថាជំងឺនេះ ចាប់ផ្តើមផ្ទុះឡើង តាំងពីថ្ងៃទី១៩ ខែកក្កដាមក ដោយមានពលរដ្ឋ១៦៨នាក់ (ស្រី៩៤) រស់នៅក្នុងភូមិទាំង៦ខាងលើ មានចេញរោគសញ្ញា ក្តៅខ្លួន ក្នុងសីតុណ្ហភាព៣៨អង្សាសេ មានកន្តួលក្រហមលើស្បែក និងឈឺសន្លាក់ដៃ-ជើង។ បន្ទាប់ពីមន្ត្រីបច្ចេកទេសរបស់ក្រសួងសុខាភិបាល បានប្រមូលវត្ថុសំណាកអ្នកទាំងនោះ ទៅវិភាគនៅមន្ទីរពិសោធន៍វិទ្យាប៉ាស្ទ័រ លទ្ធផលបឋម បានបង្ហាញថា ជាករណីជំងឺគ្រុនឈីក។
ជំងឺគ្រុនឈីកនេះ គឺបង្កឡើងដោយមេរោគឈីក ហើយចម្លងពីមនុស្សទៅមនុស្សម្នាក់ តាមរយៈមូសខ្លាញីខាំ ជាពិសេសមូសខាំនៅពេលថ្ងៃ។ ភ្នាក់ងារចម្លង គឺសត្វមូសប្រភេទក្រុមអាអេដេស (Aedes Aegypti and Aedes Albopictus) ដែលដូចគ្នាទៅនឹងភ្នាក់ងារចម្លងជំងឺគ្រុនឈាម ផងដែរ។ បើតាមក្រសួងសុខាភិបាល រោគសញ្ញានៃជំងឺនេះ គឺក្រៅពីក្តៅខ្លួន មានកន្តួលក្រហមលើស្បែក និងជើងសន្លាក់ដៃ-ជើង រួមទាំង មានអាការឈឺក្បាល ក្អូតចង្អោរ និងអស់កម្លាំង ផងដែរ។
ជំងឺដែលកើតឡើងពីមូសខ្លានេះ គឺមិនអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បានឡើយ។ ជាទូទៅអ្នកជំងឺ នឹងជាសះស្បើយវិញក្នុងរយៈពេលមួយសប្តាហ៍ តែក្នុងករណីខ្លះ អាចមានរយៈពេលរាប់សប្តាហ៍។ នេះជាការលើកឡើងរបស់ក្រសួងសុខាភិបាល ដោយបញ្ជាក់ថា ក្នុងករណីមួយចំនួន អាចធ្វើឲ្យអ្នកជំងឺមានអាការឈឺសន្លាក់ដៃជើងក្នុងរយៈពេលរហូតដល់៥ឆ្នាំ ហើយជំងឺនេះ ក៏អាចធ្វើឲ្យអ្នកជំងឺស្លាប់បានដែរ ក្នុងករណីអ្នកជំងឺមានជំងឺរួមផ្សំផ្សេងៗ ដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ និង ជំងឺរលាកស្រោមខួរជាដើម។
ក្រសួង បញ្ជាក់ដូច្នេះថា៖«ថ្វីដ្បិតជំងឺនេះ មានហានិភ័យឲ្យស្លាប់ក្នុងកម្រិតទាបក៏ដោយ ប៉ុន្តែវានាំឲ្យប៉ះពាក់ដល់សុខភាព ខាតបង់ពេលវេលារៀនសូត្រ ខាតបង់ពេលវេលារកចំណូលប្រចាំថ្ងៃ។ ពិសេសសម្រាប់មនុស្សចាស់ដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ ភាគច្រើនអ្នកទាំងនោះមានអាចឈឺសន្លាក់ឆ្លឹងយូរ ដែលប៉ះពាល់ដល់សុខភាពបុគ្គល សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ»។
ដើម្បីបង្ការខ្លួនពីជំងឺនេះ ក្រសួងសុខាភិបាលបានណែនាំ និងអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវលុបបំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសម្អាតជុំវិញផ្ទះ, ការពារកុំឲ្យមានទឹកដក់នៅជុំវិញផ្ទះ ដោយលុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រ់អាបែតដាក់ក្នុងពាងទឹក ឬអាងស្តុកទឹក ជារៀងរាល់សប្តាហ៍។ ជាមួយគ្នានេះ ពលរដ្ឋត្រូវស្លៀកពាក់ខោជើង អាវដៃវែង និងស្រោមជើង ដោយធ្វើយ៉ាងណាគ្របដណ្តប់ភាគច្រើននៃរាងកាយឲ្យជិត។
ពលរដ្ឋគួរប្រើថ្នាំបាញ់ Spray ឬលាប Repellent កុំឲ្យមូសមកជិត ព្រោះថ្នាំប្រភេទនេះ ស្ត្រីមានផ្ទៃពោះអាចប្រើបានដោយមានសុវត្ថិភាព។ ជាមួយគ្នានេះពលរដ្ឋត្រូវសម្រាន្តក្នុងមុង ហើយពេលថ្ងៃ ត្រូវបើកបង្អួច ទ្វារឲ្យធំ ដើម្បីឲ្យមានពន្លឺថ្ងៃ និងមានខ្យល់ចេញ-ចូលបានល្អ។
ជំងឺគ្រុនឈីកនេះ បានកើតឡើងដំបូងបំផុតនៅទ្វីបអាហ្វ្រិក ក្នុងឆ្នាំ១៩៥៣។ ដោយឡែក នៅកម្ពុជារកឃើញជំងឺឈីកនេះ នៅក្នុងឆ្នាំ១៩៦១ និងនៅឆ្នាំ២០១១ ក៏មានការបញ្ជាក់ពីករណីនេះ នៅខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ហើយជំងឺឈីកនេះ ធ្លាប់មានអត្រាឆ្លងរោគរហូតដល់៦០-៧០ភាគរយ ក្នុងប្រទេសកម្ពុជា នាទសវត្សរ៍ទី៦០។ ជំងឺនេះ ធ្លាប់រាតត្បាតខ្លាំងផងដែរ ក្នុងឆ្នាំ២០១១-២០១២ នៅរាជធានីភ្នំពេញ ខេត្តព្រះវិហារ កំពង់ស្ពឺ កំពង់ចាម តាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្តាល និង ខេត្តកំពត៕