ជាតិ
សង្គមជាតិ
តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងកែច្នៃ នៅតាកែវ ទាក់ទាញទេសចរណ៍ជាង៦០ម៉ឺននាក់ក្នុង១ឆ្នាំៗ
× ខេត្តតាកែវ មានតំបន់ទេសចរណ៍សក្ដានុពលចំនួន៩កន្លែង មានទាំងតំបន់វប្បធម៌ប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងរមណីយដ្ឋានកែច្នៃ។ ខេត្តតាកែវ ទទួលបានទេសចរណ៍ប្រមាណ ៦០ម៉ឺននាក់ ក្នុងមួយឆ្នាំៗ។ នេះបើតាមលោក អ៊ូច ភា អភិបាលខេត្តតាកែវនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវ» នៅថ្ងៃទី២៣ កក្កដា ២០២០។
បើតាមលោកអភិបាលខេត្ត តំបន់ទេសចរណ៍ទាំងនោះ មានតំបន់វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិចំនួន៥កន្លែង មានភ្នំដា ភ្នំបាយ៉ង់កោរ ភ្នំជីសូរ្យ ភ្នំតាម៉ៅ និងទន្លេបាទី។ រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិមាន ២កន្លែង គឺភ្នំខ្លែង និងភ្នំជីតាពេជ្រ។ រមណីយដ្ឋានទេសចរណ៍ធម្មជាតិមាន ១កន្លែង គឺជ្រោះផ្អោក និងសម្រាប់រមណីយដ្ឋានទេសចរណ៍កែច្នៃ មាន ១កន្លែង គឺកំពូលពេជ្រ។ ក្នុងចំណោមតំបន់ទាំងនេះ មានរមណីយដ្ឋានដែលល្បី និងមានភាពទាក់ទាញភ្ញៀវទេសចរច្រើនចំនួន ៦កន្លែង គឺភ្នំជីសូរ្យ ភ្នំតាម៉ៅ ទន្លេបាទី កំពូលពេជ្រ ភ្នំដា និងជ្រោះផ្អោក។ នេះបើតាមលោក អ៊ូច ភា។
នៅក្នុងសន្និសីទដដែល លោក អ៊ូច ភា ក៏បញ្ជាក់ដែរថា ខេត្តតាកែវ នៅមានតំបន់ទេសចរណ៍សក្តានុពលជាច្រើនទៀត ដែលមិនទាន់បានអភិវឌ្ឍន៍ឲ្យក្លាយជារមណីយដ្ឋានទេសចរណ៍នៅឡើយ។ តំបន់ទាំងនោះរួមមាន ប្រាសាទនាងខ្មៅ និងប្រាសាទជប់ពល សារមន្ទីរខេត្ត និងសារមន្ទីរអង្គរបូរី និងមណ្ឌលឧក្រិដ្ឋកម្មចំនួន១កន្លែង(ក្រាំងតាចាន់)ទំនប់ទឹកខ្ពបត្របែក ស្ថិតនៅស្រុកត្រាំកក់, ទំនប់ទឹកត្នោតទេរ ស្ថិតនៅស្រុកសំរោង, វត្តភ្នំសន្លុង ស្ថិតនៅស្រុកទ្រាំង, តំបន់អភិរក្សសត្វក្រៀល ស្ថិតនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com