ពីនេះ ពីនោះ
រថយន្ត
តើគួរហាមថត Selfie (សែលហ្វី)នៅតាមទីកម្សាន្តឬទេ?
× សំណាង និងសុធីរ ស្គាល់គ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ពួកគេទាំងពីរនាក់ជជែកគ្នាដោយមិនចេះធុញពីរឿងសង្គមដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា។ មិនធុញព្រោះតែរឿងរ៉ាវចេះតែវិវត្ត និងចេះតែផ្លាស់ប្តូរមិនចេះឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ រាប់ទាំងរឿងនយោបាយ សេដ្ឋកិច្ច និងសង្គម។ នៅថ្ងៃនេះ ក្លើទាំងពីរនាំគ្នានិយាយជាថ្មីម្តងទៀតរឿងទេសភាពស្រុកស្រែស្រស់ស្អាត និងទីកម្សាន្តទេសចរណ៍កម្ពុជាល្អឯក ហើយថា តើគួរហាមថត Selfie (សែលហ្វី)នៅតាមទីកម្សាន្តទាំងនោះឬទេ?
សុធីរ៖ អា សំណាង អីគេអ្ហា! ហាមថត Selfie (សែលហ្វី)នៅតាមទីកម្សាន្ត ឬរមណីដ្ឋានទេសចរណ៍?
សំណាង៖ សុធីរ! កុំទាន់ច្រឡោត។ ប្រជាធិបតេយ្យ មានន័យថា ជាការផ្លាស់ប្តូរគំនិត ជជែកវែកញែករកខុសរកត្រូវដោយអហិង្សា ដោយមិនជេរគ្នា មិនវ៉ៃគ្នា មិនកាប់សម្លាប់គ្នា។ល។
សុធីរ៖ វែងឆ្ងាយម៉េះអ្ហា! អញចង់ដឹងរឿងទេសចរណ៍ ទីកម្សាន្តឯណេះទេ។ អញមិនចង់ដឹងរឿងប្រជាធិបតេយ្យស្អីគេណឹងទេ។
សំណាង៖ ដោយសារតែ អ្ហែងមិនយល់ពីតម្លៃស្នូលនៃប្រជាធិតេយ្យហ្នឹងហើយបានជាអ្ហែង ចេះតែឆាប់ប្រឡោតហ្នឹង។ តែមិនអីទេ អញចូលមកប្រធានបទវិញ។ ហាមថត Selfie (សែលហ្វី)នៅតាមទីកម្សាន្តនៅទីនេះ អញចង់និយាយលេងថា រមណីយដ្ឋានកម្សាន្តទេសចរណ៍ខ្មែរ ទស្សនីយភាពវាលស្រែល្អឯក ប្រាង្គប្រាសាទឈរយ៉ាងសង្ហា ទេសភាពព្រៃព្រឹក្សា ភ្នំ សមុទ្រ ល្អស្អាតរកអ្វីមកប្រៀបផ្ទឹមពុំបានឡើង។ ដូច្នេះ អញចង់ឲ្យកូនខ្មែរដែលមិនធ្លាប់ឃើញ ពេលឃើញទេសភាពទាំងនោះ ចូរកុំនាំគ្នាថត Selfie (សែលហ្វី)ភ្លាមអី ផ្ទុយទៅវិញ ចូរនាំគ្នាគយគន់សម្រស់រមណីយដ្ឋាន ឬទេសភាពដ៏ស្រស់ស្អាតទាំងនោះជាមុនសិន មុននឹងថត Selfie (សែលហ្វី)តាមក្រោយ។
សុធីរ៖ តែការថត Selfie (សែលហ្វី)ពីទីកម្សាន្តទេសចរណ៍ ឬទេសភាពស្រុកខ្មែរជួយផ្សព្វផ្សាយវិស័យទេសចរណ៍ខ្មែរតើ!
សំណាង៖ ថា អាហ្នឹងអញដឹងហើយ! តែអ្វីដែលអញចង់និយាយ គឺថា ស្រុកខ្មែរវាស្រស់ស្អាតពេកនារដូវភ្លៀងនេះ ស្អាតរហូតដល់អញជាប់ស្នេហ៍នឹងទីកម្សាន្តនានានៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយ បានជាអញចង់ឲ្យបងប្អូនខ្មែរដែលធ្វើដំណើរកម្សាន្តនៅជុំវិញប្រទេសកម្ពុជាមេត្តាគយគន់សម្រស់ទីកម្សាន្តឲ្យអស់ចិត្តជាមុនសិន មុននឹងលោកអ្នកទាញទូរសព្ឌចេញមកថត Selfie (សែលហ្វី) រួចហើយជួយផ្សព្វផ្សាយបន្ត។ អញខ្លាច បងប្អូនខ្មែររវល់តែថត Selfie (សែលហ្វី) ដោយមិនបានគយគន់ ហើយវាខាតចំណីអារម្មណ៍តើ! គំនិតអញតែប៉ុណ្ណឹងតើ។
សុធីរ៖ អើ អញស្មានតែអ្ហែងហាមឃាត់អ្នកទេសចរមិនឲ្យថត Selfie (សែលហ្វី)ផ្តិតយករូបភាពនៅតាមទីកម្សាន្តនានា។ បើក្នុងបំណងល្អ មិនអីទេ អញ អូខេ ជាមួយសំឡាញ់១០០ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com