ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ទម្លាប់​នៃ​ការទទួល​ទាន​ដែល​គ្រប់គ្នា​គួរ​ចៀសវាង​
25, Jul 2020 , 6:59 am        
រូបភាព
​ទម្លាប់​នៃ​ការ​ទទួលទាន​មួយចំនួន​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​។ មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​នៃ​ការ​ទទួលទាន​ដែល​អ្នក​គួរ​ចៀសវាង ៖

 
១. ញ៊ាំ​ផ្លែឈើ​ភ្លាមៗ​ក្រោយ​ទទួលទាន​អាហារ​
 
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ទម្លាប់​នេះ​អាច​ជះ​ផលប៉ះពាល់​ច្រើនជាង​អត្ថប្រយោជន៍​ល្អៗ​។ នេះ​ក៏​ព្រោះតែ​វា​អាច​រារាំង​ចលនា​នៃ​អាហារ​ក្នុង​ក្រពះ​ដោយ​ធ្វើឱ្យ​ស្អិត​នឹង​ពោះវៀន​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ទទួលទាន​ផ្លែឈើ ១ ម៉ោង​មុន ឬ​ក្រោយពេល​អាហារ​។​
 
២. បន្ធូរ​ខ្សែក្រវ៉ាត់​
 
​ទម្លាប់​នេះ​អាចធ្វើឱ្យ​អ្នកទទួល​ទាន​ច្រើនជាង​ធម្មតា​។​
 
៣. ការដើរ​
 
​ការដើរ​ភ្លាមៗ​ក្រោយ​ទទួលទាន​អាហារ គឺ​មិនល្អ​សោះ​ដោយ​វា​អាច​បង្ក​ជា​បញ្ហា​ពិបាក​រំលាយ​អាហារ​និង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​រងចាំ​រយៈពេល ៣០ នាទី​សិន និង​ដើរ​សម្រាប់​រយៈពេល​ត្រឹមតែ ១០ នាទី​បាន​ហើយ​។ ការធ្វើ​បែបនេះ​នឹង​ជួយ​ទប់ស្កាត់​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​និង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។​
 
៤. គេង​ភ្លាមៗ​ក្រោយ​ទទួលទាន​
 
​ការ​គេង​ភ្លាម​ក្រោយពេល​ទទួលទាន​អាហារ​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​រួមបញ្ចូល​ទាំង​បញ្ហា​ពិបាក​រំលាយ​អាហារ និង​ការ​ដំណើរការ​មុខងារ​ផ្សេងទៀត​នៃ​រាងកាយ​។ ចន្លោះពេល​ដ៏​សមស្រប​បំផុត​នៃ​ការទទួល​ទាន​អាហារ និង​ការ​គេង គឺ​គម្លាត​ពី ២ ទៅ ៣ ម៉ោង​។ 
 
៥. ទទួលទាន​តែ​
 
​ការទទួល​ទាន​ទឹកតែ​ភ្លាមៗ​ក្រោយ​អាហារ​អាច​ជះឥទ្ធិពល​ដល់​ការរំលាយ​អាហារ​បាន​ត្រឹមត្រូវ ហើយ​បញ្ហា​នេះ​នឹង​ធ្វើអោយ​រាងកាយ​មិនអាច​ទទួលបាន​នូវ​សារធាតុ​ពេញលេញ​ពី​អាហារ​។ ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​រងចាំ​យ៉ាងហោចណាស់ ១ ម៉ោង​បន្ទាប់ពី​ទទួលទាន​អាហារ​សិន សឹម​ទទួលទាន​ទឹកតែ​។​
 
៦. ងូតទឹក​
 
​អ្នក​ក៏​មិនគួរ​ងូតទឹក​ភ្លាម​ក្រោយពេល​ទទួលទាន​អាហារ​ដែរ ក៏​ព្រោះ​ការធ្វើ​បែបនេះ​អាច​បណ្ដាលឱ្យ​បរិមាណ​នៃ​លំ​ហូរឈាម​ទៅកាន់​ក្រពះ​ត្រូវ​កាត់បន្ថយ​។ ជា​លទ្ធផល​ល្បឿន​នៃ​ការរំលាយ​អាហារ​ក៏​ថយចុះ​តាម​នោះដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com