ជាតិ
លោក អ៊ូច ភា៖ ខេត្តតាកែវសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ
× បង្កងខេត្តតាកែវ ក្លាយជាផលិតផលដែលត្រូវបានទទួលស្គាល់ថាជាផលិតផលប្រចាំខេត្ត។ បង្កងខេត្តតាកែវ រួមចំណែកទាក់ទាញភ្ញៀវទេសចរមកពីទូទាំងប្រទេស ទាំងភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត និងមកភ្លក់រសជាតិមុខម្ហូបបង្កងដ៏មានឱជារស។ រដ្ឋបាលខេត្តតាកែវ ជំរុញបង្កើនការចិញ្ចឹម និងអភិរក្សបង្កងធម្មជាតិ។ នេះបើតាមលោក អ៊ូច ភា អភិបាលខេត្តតាកែវនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវ»
លោក អ៊ូច ភា អភិបាលខេត្តតាកែវ
អភិបាលខេត្តតាកែវរូបនេះ បន្តទៀតថា ខេត្តតាកែវត្រូវបានទទួលស្គាល់ និងល្បីថា ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។ ជារៀងរាល់ឆ្នាំ បង្កង សម្បូរនៅរដូវទឹកឡើង និងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញា ដល់ខែវិច្ឆិកា។ ប្រជានេសាទ ធ្វើនេសាទបានពីតំបន់ទឹកលិច មាននៅស្រុកអង្គរបុរី បូរីជលសារ និងកោះអណ្តែត ក្នុងមួយរដូវៗ។ ទិន្នផលទទួលបានពីការនេសាទនេះ អាចផ្គត់ផ្គង់ដល់ទីផ្សារក្នុងនិងក្រៅខេត្ត ចំនួន ៨៧តោន។
ទន្ទឹមនឹងភាពល្បីល្បាញនេះ រដ្ឋបាលខេត្តតាមរយៈមន្ទីរជំនាញបានខិតខំចងក្រងសហគមន៍នេសាទដើម្បីធានាពីនិរន្តរភាព និងចិរភាពនៃការនេសាទ និងអភិរក្សពូជបង្កងធម្មជាតិកុំឲ្យមានការបាត់បង់ ព្រមទាំងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយពីសក្តានុពលនៃផលិតផលរបស់ខេត្ត។
ជាមួយគ្នានេះ លោក កង ឥន្ទ្រី ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បញ្ជាក់ថា ជាផ្នែកមួយក្នុងការជំរុញការទាក់ទាញអ្នកទេសចរឲ្យទៅកម្សាន្តនៅខេត្តតាកែវ នៅតាមតំបន់រមណីយដ្ឋាននានា ក្រៅពីបង្កើននិងអភិរក្សការចិញ្ចឹមបង្កងធម្មជាតិ ក៏មានពងទាកូនស្រែរនោង មានរសជាតិឆ្ងាញ់ ដែលជាកត្តាជួយស្រូបទាញអ្នកទេសចរប្រមាណ ៦០ម៉ឺននាក់ក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា ក្រៅពីទទួលបានចំណូលពីការនេសាទបង្កងធម្មជាតិ ពលរដ្ឋខេត្តតាកែវ មានផលិតផលកសិកម្មដែលមានសក្តានុពលជាច្រើនទៀតដូចជា៖ ស្វាយ ដំឡូងមី និងផលិតផលផ្សេងៗ ទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com