ភ្នំពេញ៖ ការរាតត្បាតនៃជំងឺកូវីដ-១៩ (COVID-19) ក្នុងពិភពលោក បានផ្តល់ផលអវិជ្ជមានជាខ្លាំងលើសុខភាពផ្លូវចិត្ត ពិសេសបង្កជាជំងឺបាក់ទឹកចិត្ត (Depression) ជំងឺភ័យខ្លាច/ថប់បារម្ភ (Anxiety Disorders) លើមនុស្សគ្រប់វ័យ។ នេះបើយោងតាម របាយការណ៍សង្ខបរបស់អង្គការសហប្រជាជនស្តីពី«គោលនយោបាយសង្ខេប កូវីដ-១៩និងតម្រូវការធ្វើសកម្មភាពសម្រាប់សុខភាពផ្លូវចិត្ត»។
របាយការណ៍ដែលស្រង់ដោយក្រសួងសុខាភិបាលចុះផ្សាយនៅថ្ងៃទី២១កក្កដា ឆ្នាំ២០២០ បានបង្ហាញថាពលរដ្ឋដែលជំងឺបាក់ទឹកចិត្ត និងជំងឺភ័យខ្លាច/ថប់បារម្ភ ដោយសារតែបញ្ហាឆ្លងរាតត្បាតជំងឺកូវីដ-១៩នោះ មានកើនឡើងដល់៣ដង ដែលមានអត្រាប្រេវ៉ាឡង់កើនពី៣៥ទៅ៦០ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋទូទៅ។
ដើម្បីបង្ការខ្លួនកុំឱ្យកើតជំងឺទាំងនេះ ដោយតែឥទ្ធិពលឆ្លងរាលដាលមេរោគកូវីដ-១៩នោះ ប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្តសកម្មភាពភាពប្រចាំថ្ងៃ៦ចំណុច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖
ចំណុចទី១៖ ប្រជាពលរដ្ឋត្រូវពិចារណាក្នុងការទទួលយកព័ត៌មានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមនានា ពិសេសនៅលើហ្វេសហ៊ុក(Facebook)។
ចំណុចទី២៖ ពលរដ្ឋត្រូវកាត់បន្ថយការតាមដានឬប្រមាញ់ព័ត៌មានដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (ការមើល ការអាន ការស្តាប់) ដែលអាចធ្វើឱ្យមានអារម្មណ៍ភ័យខ្លាច តក់ស្លុត។ ជាការល្អបំផុត លោក-អ្នក ត្រូវកំណត់ពេលវេលាមើល អាន និងស្តាប់ ព័ត៌មានដែលនិយាយអំពីកូវីដ-១៩នោះ ត្រឹមមួយទៅពីរដងក្នុងមួយថ្ងៃ ហើយត្រូវគិតឱ្យបានល្អិតល្អន់ពីប្រភពព័ត៌មានទាំងនោះដោយប្រាកដថា អ្នកនឹងទទួលបានព័ត៌មានត្រឹមត្រូវ ពិតប្រាកដ និងច្បាស់លាស់។ ដូចជា៖ លោក-អ្នក អាចទូរសព្ទទៅលេខ១១៥ របស់ក្រសួងសុខាភិបាល, តាមដានព័ត៌មានលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល និងទំព័រហ្វេសប៊ុកឬគេហទំព័រ របស់អង្គការសុខភាពពិភពលោក(WHO)។
ចំណុចទី៣៖ ពលរដ្ឋត្រូវអនុវត្តវិធីប្រុងប្រយ័ត្នយ៉ាងស្ងៀមស្ងាត់ ត្រូវរក្សាភាពស្ងៀមស្ងាត់ និងគិតគូរឱ្យបានដិតដល់។ ពិសេសគឺមិនត្រូវចូលរួមការផ្សព្វផ្សាយភាពស្លន់ស្លោ ឬចូលរួមបញ្ជូនព័ត៌មានដែលមិនពិត ប្រឌិត ក្លែងបន្លំ។ ពិសេសធ្វើឱ្យប្រាកដថា លោក-អ្នកនឹងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ដំបូន្មានរបស់ក្រសួងសុខាភិបាល និងរក្សាបាននូវទម្លាប់អនាម័យល្អៗ។
ចំណុចទី៤៖ លោក-អ្នក ត្រូវបង្ហាញក្តីមេត្តា និងចិត្តទូលាយចំពោះអ្នកដទៃ ព្រោះទង្វើបែបមនេះគឺមានសារៈសំខាន់ណាស់ ដែលគ្រប់គ្នាត្រូវពង្រឹងស្មារតីជួយគ្នា ដោយចូលរួមនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងពេលវេលាភ័យខ្លាចនឹងជំងឺកូវីដ-១៩ នេះ។
ចំណុចទី៥៖ លោក-អ្នកគឺត្រូវសកម្មតាមដាន និងថែរក្សាសុខភាពផ្ទាល់ខ្លួន។ ត្រូវរក្សាទំនាក់ទំនងជាគ្រួសារ មិត្តភក្តិ (ទោះបីមិនបានជួបផ្ទាល់ក៏ដោយ) ត្រូវធ្វើសកម្មភាពជាប្រចាំដូចជា ធ្វើលំហាត់ប្រាណជាដើម។ ពិសេសត្រូវបរិភោគចំណីអាហារណាដែលមានជីវជាតិ និងត្រូវរកការគាំទ្រពីអ្នកផ្តល់ប្រឹក្សា ឬមន្ត្រីសុខាភិបាលថែមទៀត បើសិនជាចាំបាច់។
ចំណុចទី៦៖ លោក-អ្នក ត្រូវពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺផ្លូវចិត្ត ឬអ្នកជំនាញផ្លូវចិត្ត បើសិនជាមានអារម្មណ៍អស់សង្ឃឹម ឬភ័យ/ថប់អារម្មណ៍កាន់តែខ្លាំង ក្នុងរយៈពេលលើសពី ២សប្តាហ៍៕