រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ណាត ប៊ុនរឿន ជំរុញឲ្យពិចារណាដាក់ការកំណត់អាយុកីឡាករចូលនិវត្តន៍ក្នុងមាត្រា ឬជំពូកណាមួយ នៃសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់វិស័យអប់រំកាយនិងកីឡា។ លោកសង្កត់ធ្ងន់ថា ក្រសួងអប់រំត្រូវផ្តល់ការងារ ឬតួនាទីណាមួយដល់ពួកគេក្រោយដាក់ឲ្យចូលនិវត្តន៍។ លោក ស សុខា វាយតម្លៃថា សេចក្តីព្រាងច្បាប់នេះសម្រេចបានប្រមាណ៦០ភាគរយ។
នាកិច្ចប្រជុំបច្ចេកទេសលើកទីពីរ ដើម្បីប្រមូលធាតុចូលសម្រាប់តាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡាកាលពីថ្ងៃទី២៣ កក្កដា លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការតាក់តែងច្បាប់ថ្មីមួយនេះ។ ក្នុងឱកាសនោះ លោក បានចូលរួមមតិយោបល់កែប្រែ និងផ្តល់គំនិតល្អៗចំនួន៤ចំណុច ដើម្បីជាធាតុចូលក្នុងការតាក់តែងច្បាប់នេះ។
ត្រង់ចំណុចមួយក្នុងចំណោមគំនិតយោបល់ទាំងនោះ លោក ណាត ប៊ុនរឿន ប្រធានក្រុមការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ផងនោះ ជំរុញឲ្យគណៈកម្មការសិក្សាស្រាវជ្រាវ និងរៀបចំការតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា ពិនិត្យលទ្ធភាពក្នុងការកំណត់អាយុកីឡាករអាជីពចូលនិវត្តន៍។ លើសពីនេះ លោកបានស្នើឲ្យពិចារណាដាក់បញ្ហានេះក្នុងប្រការ ឬជំពូកណាមួយនៃសេចក្តីព្រាងច្បាប់ខាងលើ។
លោកលើកឡើងដូច្នេះថា៖«ខ្ញុំគិតថា យើងគួរមានការកំណត់អាយុសម្រាប់កីឡាករអាជីព តើការដាក់ឲ្យចូលនិវត្តន៍យ៉ាងម៉េច? គួរមានចែងក្នុងប្រការ ឬជំពូកណាមួយនៅក្នុងច្បាប់យើងដែរទេ? ព្រោះកីឡាករអាជីព គេមិនឲ្យលេងរហូតដល់អាយុ៦០ឆ្នាំដូចមន្ត្រីរាជការធម្មតានោះទេ។ មន្ត្រីរាជការយើងដាក់ឲ្យចូលនិវត្តន៍នៅអាយុ៦០ឆ្នាំ តែកីឡាករអាជីពគេមិនដែលឲ្យលេងដល់អាយុ៦០ឆ្នាំទេ»។
លោកសង្កត់ធ្ងន់ថា ក្រសួងមិនត្រូវទុកឲ្យកីឡាករដែលចូលនិវត្តន៍ចោលឡើយ ពោលគឺច្បាប់ខាងលើត្រូវតាក់តែងត្រង់ចំណុចណាមួយពីការទទួលបានការងារ ឬតួនាទីក្នុងសហព័ន្ធរបស់ពួកគេ ឬក្នុងក្របខណ្ឌអប់រំកាយនិងកីឡា។ លោកយល់ថា ការធ្វើបែបនេះមិនត្រឹមតែជួយលើកទឹកចិត្តកីឡាករនោះទេ តែវាបង្ហាញពីទំនួលខុសត្រូវ និងការយកចិត្តទុករបស់ក្រសួងអប់រំ។
ពាក់ព័ន្ធបញ្ហានេះ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធាគណៈកម្មការសិក្សាស្រាវជ្រាវ និងរៀបចំការតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡាបានអះអាងថា លោកបានសិក្សាយ៉ាងច្រើនចំពោះបញ្ហានេះ តែពុំទាន់រកឃើញមានប្រទេសណាមួយកំណត់អាយុកីឡាករឲ្យចូលនិវត្តន៍នោះទេ។ ហើយលោកសង្កេតឃើញថា កីឡាករភាគច្រើនបានកំណត់អាយុចូលនិវត្តន៍ដោយខ្លួនឯង ក្រោមហេតុផលផ្សេងៗ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក បានបញ្ជាក់ដូច្នេះថា៖«រឿងនេះខ្ញុំតាមដាននៅក្នុងអន្តរជាតិមិនទាន់មានកំណត់ទេ ប៉ុន្តែជាគោលការណ៍លក្ខណៈនៃវិទ្យាសាស្ត្រ កីឡាករមិនអាចនៅលេងដល់អាយុចូលនិវត្តន៍នោះទេ។ ជាក់ស្តែងលោកស្រី កែ ឡេង ដែលជាវីរកីឡាការិនីឆ្នើម ហើយមកទល់ពេលនេះពុំទាន់មានអ្នកណា ដែលអាចលេងឈ្នះគាត់បាន៤សម័យកាលក្នុងការប្រកួតពិភពលោក គាត់ស្ម័គ្រចិត្តចូលនិវត្តន៍ខ្លួនឯង»។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានគណៈកម្មការតាក់តែងច្បាប់ខាងលើបានអះអាងថា ក្រោយចំណាយពេលសិក្សាស្រាវជ្រាវនិងចងក្រងជិត១ឆ្នាំ និងរៀបចំសិក្ខាសាលាប្រមូលធាតុចូលចំនួនពីរលើករួចមក ដំណើរការនៃតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡាសម្រេចបានប្រមាណ៦០ភាគរយហើយ។ លោកនឹងយកសេចក្តីព្រាងច្បាប់នេះ ទៅពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ពិសេសក្រសួងយុត្តិធម៌ មុនឈានដល់ដាក់ឲ្យពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី រដ្ឋសភា ព្រឹទ្ធសភា និងឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រ។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា, រូបភាពពីហ្វេសប៊ុក
រដ្ឋលេខាធិការរូបនេះបានបញ្ជាក់ថា ការតាក់តែងច្បាប់នេះឡើងមិនមែនដើម្បីដាក់សម្ពាធលើស្ថាប័នណាមួយ ឬក្រសួងចង់ក្តោបក្តាប់ការងារម្នាក់ឯងនោះទេ។ ផ្ទុយទៅវិញ វាជាយន្តការមួយក្នុងការកំណែទម្រង់វិស័យអប់រំកាយនិងកីឡាឲ្យកាន់តែមានត្រឹមត្រូវ និងងាយស្រួលគ្រប់គ្រងជាងមុន។
ក្រោយច្បាប់នេះត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការ លោក ជឿជាក់ថា រចនាសម្ព័ន្ធចាត់តាំងមួយចំនួននឹងត្រូវបានបង្កើតឡើង និងរចនាសម្ព័ន្ធមួយចំនួនត្រូវបានកែលម្អរ។ លើសពីនេះ វានឹងក្លាយជាប្រទីបបំភ្លឺផ្លូវក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
«វាជាយន្តការនៃកំណែទម្រង់ស៊ីជម្រៅរបស់ក្រុមការងារគ្រប់វិស័យអប់រំកាយនិងកីឡា ក្រោយច្បាប់នេះត្រូវបានអនុម័យដាក់ឲ្យប្រើប្រាស់ នោះរចនាសម្ព័ន្ធចាត់តាំងមួយចំនួនត្រូវបានបង្កើត ហើយរចនាសម្ព័ន្ធមួយចំនួនទៀតត្រូវបានកែលម្អ ធ្វើឲ្យការគ្រប់គ្រងវិស័យកីឡាកាន់តែមានភាពត្រឹមត្រូវ និងខិតទៅកាន់តែជិតនៃនិយមនៃស្តង់ដាអន្តរជាតិ»។ នេះជាការលើកឡើងរបស់លោក ស សុខា។
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានក្រុមការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌មានជំនឿថា ច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាកម្ពុជា ឲ្យទទួលបានជោគជ័យនៅឆ្នាំ២០២៣។
លោកលើកឡើងថា៖«ខ្ញុំយល់ថា ការរៀបចំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមខាងលើនេះ(ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម)ឲ្យទទួលបានជោគជ័យនាឆ្នាំ២០២៣ខាងមុខជាក់ជាមិនខាន ហើយក៏ជាការពង្រឹងនូវការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡារបស់យើងឲ្យកាន់តែមានលក្ខណៈនីតិរដ្ឋ»។
ទន្ទឹមនឹងនេះ លោក ផ្តល់ជាមតិយោបល់ថា ការតាក់តែងច្បាប់ខាងលើ ត្រូវផ្សារភ្ជាប់ជាមួយរដ្ឋធម្មនុញ្ញ, គោលនយោបាយជាតិស្តីពីការអនុវត្តភាសាអប់រំកាយនិងកីឡា, ច្បាប់ស្តីពីការអប់រំ, យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលលើកឡើងថា យុវជនម្នាក់មានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត និងសេចក្តីណែនាំ ឬសេចក្តីសម្រេចរបស់សន្និសីទអន្តរជាតិផ្សេងៗ ដែលប្រមូលចងក្រងដោយអង្គការយូណេស្កូ៕