ជាតិ
ក្រៅពី​សម្រស់​ធម្មជាតិ និង​ជួរ​ភ្នំ​ដ៏​ស្រស់ស្អាត ឧទ្យាន​ជាតិ​វីរៈ​ជ័យ មាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ
25, Jul 2020 , 1:39 pm        
រូបភាព
 រូបភាព​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី
រូបភាព​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី
ដោយ:
​រតនគិរី​៖ ឧទ្យាន​ជាតិ​វីរៈ​ជ័យ ជា​ឧទ្យាន​ជាតិ​មួយ​ដែល​សម្បូរ​ទៅដោយ​ធន​ជាតិ​ធម្មជាតិ និង​ជីវចម្រុះ​។ ក្រៅតែពី​ទេសភាព​ជួរ​ភ្នំ​ដ៏​ស្រស់ត្រកាល ព្រៃឈើ​ខៀវស្រងាត់ និង​ទឹកធ្លាក់​ជាដើម  ឧទ្យាន​ជាតិ​វីរៈ​ជ័យ គឺជា​តំបន់​អភិរក្ស​មួយកន្លែង ដែលមាន​សត្វព្រៃ​ច្រើន​ប្រភេទ​កំពុង​រស់នៅ​ដូចជា សត្វ​ស្វា​កន្ទុយ​ស ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្ទីង និង​ខ្លាឃ្មុំ​ជាដើម​។ នេះ​បើតាម​ក្រសួងបរិស្ថាន​។​

 
​លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បាន​សរសេរ​នៅ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែកក្កដា ថា​គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវទេសចរ​ចំនួន​១០៧​នាក់ បាន​មកលេង​កម្សាន្ត នៅក្នុង​តំបន់ការពារធម្មជាតិ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​ឧទ្យាន​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ាង​។ ដោយឡែក មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចំនួន​៦៨​នាក់ បាន​ទៅ​កម្សាន្ត នៅ​តំបន់​វាល​ធំ នៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​។ 
 
​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ធ្លាប់​បញ្ជាក់ថា ទេសចរ​ម្នាក់ អាច​ចំណាយ​អស់​ជិត​៦០​ដុល្លារ​អាមេរិក នៅក្នុង​ការធ្វើដំណើរ​ក​ម្សា​ន្ត ស្នាក់នៅ ហូបចុក និង​សេវាកម្ម​ផ្សេងៗ នៅក្នុង​តំបន់ការពារធម្មជាតិ​។​
 
​ឧទ្យាន​ជាតិ​វីរៈ​ជ័យ  បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៩៣ មាន​ទំហំ ៣៣២ ៥០០ ហិកតា លាតសន្ធឹង​លើ​ផ្ទៃដី​នៃ​ខេត្ត​ចំនួន​ពីរ គឺ​ស្ទឹងត្រែង និង​រតនគិរី​។ ក្រៅពី​ឧទ្យាន​ជាតិ​វីរៈ​ជ័យ កម្ពុ​ជាមាន​ឧទ្យាន​ជាតិ​ដែល​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត ចំនួន​៦​ទៀត ដូចជា​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គីរីរម្យ ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ឧទ្យាន​ជាតិ​មុនី​វង្ស​បូកគោ ឧទ្យាន​ជាតិ​កែប ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម និង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​។​
 
​គួរបញ្ជាក់​ផងដែរ​ថា កម្ពុ​ជាមាន​តំបន់ការពារធម្មជាតិ​កំពុង​អភិរក្ស​ចំនួន​៦៩​កន្លែង មាន​ផ្ទៃដី​សរុប​ចំនួន​៧,៣​លាន​ហិកតា ហើយ​បែង​ចែកជា​តំបន់​ឧទ្យាន​ជាតិ តំបន់ការពារទេសភាព ដែនជម្រកសត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​បេតិកភណ្ឌ​ធម្មជាតិ និង​របៀង​ជីរ​ចម្រុះ​ជាដើម​៕


រូបភាព​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី


Tag:
 ឧទ្យាន​ជាតិ​វីរៈ​ជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com