ភ្នំពេញ៖ មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជាទាំង១៧អង្គ/នាក់ ដែលទទួលបានការប្រោសព្រះរាជទានគោរមងារពីព្រះករុណា ព្រះមហាក្សត្រ កាលពីឆ្នាំ២០១២ ពេលនេះនៅមានជន្មាយុតែ៩រូបប៉ុណ្ណោះ ដោយ៨អង្គ/រូបបានទទួលមរណភាពជាបន្តបន្ទាប់។ បច្ចុប្បន្ន មរតកមនុស្សរស់ដែលនៅមានអាយុ សុទ្ធសឹងតែមានវ័យកាន់តែចាស់ជរា រួមទាំងមានជំងឺប្រចាំកាយខ្លះផងដែរ។
ខាងក្រោមនេះគឺជាឈ្មោះរបស់មរតកមនុស្សរស់ ដែលនៅមានជន្មាយុ៖
១- ព្រឹទ្ធាចារ្យ ចាន់ ស៊ីម គោរមងារជាវឌ្ឍកីទេពនិម្មិត
លោកគឺជាសាស្ត្រាចារ្យក្បាច់ និងចម្លាក់ដ៏ចំណាន តាំងពីសម័យសង្គមរាស្ត្រនិយម។ មានស្រុកកំណើតនៅរាជធានីភ្នំពេញ ព្រឹទ្ធាចារ្យ ចាន់ ស៊ីម បច្ចុប្បន្នមានជន្មាយុ៨២ឆ្នាំ។ ព្រឹទ្ធាចារ្យជាសាស្ត្រាចារ្យសិល្បៈ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍។ មរតកមនុស្សរស់រូបនេះ អាចរក្សាបាននូវក្បួនខ្នាតចម្លាក់ពុម្ព ឈើ ស៊ីម៉ង់ និងគំនូរបុរាណ។
ព្រឹទ្ធាចារ្យបានបង្រៀនសិស្សនៅមហាវិទ្យាល័យសិល្បៈសូនរូប-ស្ថាបត្យកម្ម-ន័រតុន និងនៅផ្ទះ តាំងពីឆ្នាំ ១៩៥៩។ មិនត្រឹមតែប៉ុណ្ណោះ លោកបានចងក្រងសៀវភៅខ្នាតក្បាច់សម្រាប់ជំនាញ ចម្លាក់ស្មិត សិល្បៈសូនរូប ភាគទី១និងភាគទី២ផងដែរ។
ព្រឹទ្ធាចារ្យ ចាន់ ស៊ីម គោរមងារជាវឌ្ឍកីទេពនិម្មិត រូបផ្ដល់ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
វឌ្ឍកីទេពនិម្មិត ចាន់ ស៊ីម បានធ្វើរូបសំណាកផ្សេងៗសរុបជិត២០០រូប។ លោកបានបណ្ដុះបណ្ដាលសិស្សបរទេសលាវជាង១០នាក់។ ព្រឹទ្ធាចារ្យសិល្បៈរូបនេះ បានទទួលគ្រឿងឥស្សរិយយស ការងារប្រាក់ សម័យសង្គមរាស្ត្រនិយម។ លោកបានក្លាយជាវីរៈសិល្បករនៅឆ្នាំ២០០០ និងបានទទួលជាព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ពីរាជបណ្ឌិត្យសភាកម្ពុជានៅឆ្នាំ២០០៤។
២-ព្រឹទ្ធាចារ្យ ជេត ចន គោរមងារជាទេពនិម្មិតវិចិត្រ
លោកមានទេពកោសល្យខ្ពស់លើស្នាដៃគំនូរបុរាណ។ មានជន្មាយុ៧៤ឆ្នាំ ព្រឹទ្ធាចារ្យ ជេត ចន មានស្រុកកំណើតនៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ព្រឹទ្ធាចារ្យបង្រៀននៅសាលាមធ្យម និងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តាំងពីឆ្នាំ១៩៦៦ រហូតដល់ចូលនិវត្តន៍។
មរតកមនុស្សរស់ ជេត ចន បង្រៀននៅមហាវិទ្យាល័យសិល្បៈសូនរូប (ផ្នែកគំនូរបុរាណ) និងបង្រៀនក្បាច់ខ្មែរនៅសមាគម មិត្តវិចិត្រករខ្មែរ។ ព្រឹទ្ធាចារ្យ បានសិក្សាស្រាវជ្រាវរឿងរាមកេរ្ដិ៍ លើថែវព្រះកែវមរកត រួមទាំងការងារជួសជុលគំនូរជាមួយអ្នកបច្ចេកទេសប៉ូឡូញផងដែរ។ មរតកមនុស្សរស់រូបនេះ ទទួលបាន លិខិត និងប័ណ្ណសរសើរមួយចំនួន ព្រមទាំងសញ្ញាប័ត្រកិត្តិយស ជាវីរសិល្បករពីឆ្នាំ២០០៤-២០០៥។
ព្រឹទ្ធាចារ្យ ជេត ចន គោរមងារជាទេពនិម្មិតវិចិត្រ រូបផ្ដល់ឱ្យពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៣-ព្រឹទ្ធាចារ្យ ឯម ធាយ គោរមងារជាទេពវនាដនិម្មិត
ព្រឹទ្ធាចារ្យជានាដការបាំព្រះរាជទ្រព្យឬរបាំក្បាច់ខ្មែរបុរាណ។ មរតកមនុស្សរស់រូបនេះ បានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង ក៏ដូចជាខំបង្រៀនរបាំបុរាណទៅដល់ក្មេងជំនាន់ក្រោយ។ ព្រឹទ្ធាចារ្យ អាចរាំរបាំតួនាង តួនាយរោង ក្បាច់ប្លែង តួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង។
ទេពវនាដនិម្មិត ឯម ធាយ បានបង្រៀនសិស្សរបាំបុរាណក្នុងព្រះបរមរាជវាំង តាំងពីអាយុ១៩ឆ្នាំ និងបង្ហាត់ក្នុងនាយកដ្ឋានសិល្បៈ រហូតដល់ថ្ងៃចូលនិវត្តន៍។ ព្រឹទ្ធាចារ្យធ្លាប់ចូលរួមសម្ដែងរបាំក្បាច់បុរាណខ្មែរ ក្នុងរាជព្រះករុណាព្រះបាទសម្ដេច នរោត្តម សុរាម្រិត។ បច្ចុប្បន្នព្រឹទ្ធាចារ្យ ឯម ធាយ មានជន្មាយុ៨៥ឆ្នាំ ហើយសុខភាពកាន់តែចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ។
ព្រឹទ្ធាចារ្យ ឯម ធាយ គោរមងារជាទេពវនាដនិម្មិត រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៤ ព្រឹទ្ធាចារ្យ គង់ ណៃ គោរមងារជាកោសល្យវោហារ
ព្រឹទ្ធាចារ្យគឺជាសិល្បករចាប៉ីដងវែង មកពីខេត្តកំពត ហើយបច្ចុប្បន្នលោកមានជន្មាយុ៧៦ឆ្នាំ។ មរតកមនុស្សរស់រូបនេះ គឺជាបុគ្គលទី៣របស់កម្ពុជា ដែលទទួលបានពានហ្វ៊ុកុអូកាលើកទី២៨ ពីប្រទេសជប៉ុន។ ព្រឹទ្ធាចារ្យ គង់ ណៃ បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីសិល្បៈចាប៉ីដងវែង ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ដូចជាប្រទេសអង់គ្លេស បារាំង អាមេរិក ថៃ ឡាវ ជប៉ុន និងវៀតណាម.......។
ព្រឹទ្ធាចារ្យ គង់ ណៃ គោរមងារជាកោសល្យវោហារ (រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន)
កោសល្យវោហារ គង់ ណៃ បានបង្រៀនច្រៀងចាប៉ីដល់សិស្សចំនួន១២រូប ក្នុងនោះមានជនបរទេស៣រូប ហើយសិស្សទាំងនោះមួយចំនួនធំអាចចេញសម្ដែងបាន។ ព្រឹទ្ធាចារ្យបានប្រឡងជាប់ចម្រៀងចាប៉ីថ្នាក់លេខ១ នៅឆ្នាំ១៩៩១។ និងទទួលបានគ្រឿងឥស្សរិយយសធំៗមួយចំនួនដូចជា គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ សញ្ញាប័ត្រកិត្តិយស សញ្ញាប័ត្រព្រឹទ្ធាចារ្យ វប្បធម៌-សិល្បៈខ្មែរ និងមេដាយមាស។ សព្វថ្ងៃលោកព្រឹទ្ធាចារ្យកំពុងចុះខ្សោយសុខភាពដោយរោគាពាធ។
៥-ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច គោរមងារជាវោហាកោសល្យវដ្ដី
មានស្រុកកំណើតនៅភូមិត្រពាំងព្រៃ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង មរតកមនុស្សរស់រូបនេះ មានជំនាញចេះចាំស្ទាត់ជាងគេគឺ និទានរឿងបែបល្ខោនបាសាក់ទោល។ លោកព្រឹទ្ធាចារ្យ គឺជាគ្រូបង្ហាត់សិល្បៈល្ខោនទោល(ល្ខោនបាសាក់)។
វោហាកោសល្យវដ្ដី ពៀក ចាប៉ិច ជាសិល្បករនិទានរឿងប្រើវោហាសាស្ត្រ ជាទេពកោសល្យសម្ដែង ដោយសម្ដែងក្នុងពិធីបុណ្យផ្សេងៗក្នុងភូមិ ស្រុក ខេត្ត ក្រុង និងរាជធានី។ ព្រឹទ្ធាចារ្យមានស្នាដៃច្នៃប្រឌិត ឧបករណ៍សម្រាប់បណ្ដុះបណ្ដាល និងសម្ដែង ដូចជា កាមែល គម្របដែកកេះ និងកំណាត់ឈើតូចជាអន្លូងស្គរ។
ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច គោរមងារជាវោហាកោសល្យវដ្ដី ក្នុងកម្មវិធីតាំងពិព័រណ៌រូបថតអគារបេតិកភណ្ឌ កាលពីអំឡុងឆ្នាំ២០១៩
មរតកមនុស្សរស់ ពៀក ចាប៉ិច បានបង្ហាត់សិស្សចំនួន០៧រូប នៅភូមិត្រពាំងជ្រៃ ឃុំក្រសាំង ស្រុករមាសហែក ខេត្តព្រៃវែង។ ស្នាដៃដែលព្រឹទ្ធាចារ្យផលិតថ្មីមានរឿង “សុបិន្តកុមារ” រឿង”ខ្យងសម្បុណ៌បី” និងរឿង”មគ្គុលីផល”។ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច ដែលបច្ចុប្បន្នមានជន្មាយុ៦៧ឆ្នាំ មានសមត្ថភាពប្រើសំឡេងមនុស្សបានប្រមាណជិត១០សំឡេង និងអាចធ្វើសំឡេងឧបករណ៍ភ្លេងទ្របានយ៉ាងល្អថែមទៀតផង។
៦-ព្រឹទ្ធាចារ្យបណ្ឌិត ជិត ជន គោរមងារជាគរុពហុស្សូត
ជាសាស្ត្រាចារ្យភាសាបាលី សំស្ក្រឹត និងទស្សនៈវិជ្ជា នៅសកលវិទ្យាល័យ ព្រះសីហនុរាជ ព្រឹទ្ធាចារ្យមានជន្មាយុ៨៦ឆ្នាំ។ មានស្រុកកំណើតនៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ មរតកមនុស្សរស់ ជិត ជន ចេះចាំស្ទាត់ភាសាបាលី និងសំស្ក្រឹត។ ព្រឹទ្ធាចារ្យ ចាំស្ទាត់ខាងបង្រៀនភាសាបាលី សំស្ក្រឹត និងសម្ដែងធម៌។
គរុពហុស្សូត ជិត ជន មានសមត្ថភាពនិពន្ធកំណាព្យជាភាសាបាលី និងសំស្ក្រឹត និងបកប្រែកំណាព្យពីភាសាបាលី-សំស្ក្រឹត មកជាភាសាខ្មែរវិញ។ ព្រឹទ្ធាចារ្យជាគ្រូឧទ្ទេសគរុកោសល្យ ដែលមានសញ្ញាបត្រ បណ្ឌិតកិត្តិយសភាសាបាលី នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១១ និងគ្រឿងឥស្សរិយយស ផ្នែកអប់រំ ក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ។ បង្រៀនសិស្សតាំងពីជាង៤០ឆ្នាំមុន ទាំងព្រះសង្ឃ និងគ្រហស្ថ លោកព្រឹទ្ធាចារ្យ ជិត ជន នៅតែបន្តបង្រៀនសិស្សរហូតដល់សព្វថ្ងៃនេះ។
ព្រឹទ្ធាចារ្យបណ្ឌិត ជិត ជន គោរមងារជាគរុពហុស្សូត (រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
៧-ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ គោរមងារជាកោសល្យវិជ្ជាគរុ
មានស្រុកកំណើតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ មរតកមនុស្សរស់ ម៉ែន ប្រាង្គ សព្វថ្ងៃមានជន្មាយុ៧៥ឆ្នាំ។ កោសល្យវិជ្ជាគរុ ម៉ែន ប្រាង្គ ជាសមាជិកគណៈកម្មការចងក្រងកម្មវិធីសិក្សាសម្រាប់ពុទ្ធិកបឋមសិក្សា ពុទ្ធិកមធ្យមសិក្សា និងពុទ្ធិកឧត្តមសិក្សា។ ជាសមាជិកគណៈកម្មការ ទស្សនាវដ្ដីពុទ្ធិកសិក្សា ទស្សនាវដ្ដីកម្ពុជសុរិយា។ ជាសមាជិកគណៈកម្មការនិពន្ធសៀវភៅសិក្សា ពុទ្ធវិន័យ។ ជាសមាជិកគណៈកម្មការត្រួតពិនិត្យសៀវភៅ បែបរៀនភាសាបាលី។
ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ គោរមងារជាកោសល្យវិជ្ជាគរុ (រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
ព្រឹទ្ធាចារ្យ ជាសមាជិកគណៈកម្មការ រៀបរៀងសៀវភៅអប់រំសិក្សាភាសាបាលី នៅថ្នាក់ពុទ្ធិកបឋមសិក្សា។ ជាសមាជិកគណៈកម្មការរៀបរៀង សៀវភៅអប់រំសីលធម៌ពុទ្ធសាសនា។ ជាសមាជិកគណៈកម្មការ ត្រួតពិនិត្យពាក្យបច្ចេកទេស ក្នុងសៀវភៅសិក្សា ចំណេះទូទៅ ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ នៃក្រសួងអប់រំយុវជន និងកីឡា។ ជាសមាជិកគណៈកម្មការ ប្រមូលចងក្រងពាក្យថ្មី ដាក់បញ្ចូលបន្ថែម ក្នុងវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។ ព្រឹទ្ធាចារ្យ បានទទួលមេដាយមាស នៅក្រសួងធម្មការ និងសាសនា ក្នុងឆ្នាំ២០០០។
៨-ព្រឹទ្ធាចារ្យ ទា វ៉ាន គោរមងារជាបញ្ញាកោសល្យវិជ្ជា
លោកជាគ្រូបង្រៀនភាសាខ្មែរ និងជាគ្រូបង្រៀនភាសាសំស្ក្រឹតនៅពុទ្ធិកសកលវិទ្យាល័យព្រះសុរាម្រឹត។ ព្រឹទ្ធាចារ្យដែលមានស្រុកកំណើតនៅភូមិលេខ៣ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាលរូបនេះ បច្ចុប្បន្នមានជន្មាយុ៨២ឆ្នាំ។
មរតកមនុស្សរស់រូបនេះ បានខិតខំបង្ហាត់បង្រៀនសិស្សឱ្យមានសមត្ថភាព ពុទ្ធិ ចំណេះដឹង សមជាទំពាំងស្នងឫស្សី ដោយក្រោយមក សិស្សទាំងអស់នោះបានចូលបម្រើការងារ ប្រទេសជាតិ និងសានា។ បញ្ញាកោសល្យវិជ្ជា ទា វ៉ាន បានទទួលលិខិតសរសើរ ប័ណ្ឌសរសើរ ចេញដោយថ្នាក់សាលា ថ្នាក់មន្ទីរ ថ្នាក់ក្រសួង មួយចំនួន។
ព្រឹទ្ធាចារ្យ ទា វ៉ាន គោរមងារជាបញ្ញាកោសល្យវិជ្ជា (រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
៩-ព្រឹទ្ធាចារ្យ ជា ហ៊ា គោរមងារជានាដកោសល្យវិជ្ជា
មរតកមនុស្សរស់ ជា ហ៊ា បច្ចុប្បន្នមានជន្មាយុ៩១ឆ្នាំ។ ព្រឹទ្ធាចារ្យ មានឯកទេសខាងធ្វើខ្មុកល្ខោនខោល បង្រៀនសម្ដែង និងបង្រៀនធ្វើមុខខ្មុក។ មានស្រុកកំណើតនៅ ភូមិក្ដុល ឃុំក្ដុល ស្រុកក្ដុលដូនទាវ ខេត្តបាត់ដំបង ព្រឹទ្ធាចារ្យទទួលបានប័ណ្ណសរសើរឆ្នាំ ១៩៩០ និងសញ្ញាប័ត្រកិត្តិយសជាវីរៈសិល្បករ-ការិនី ឆ្នាំ២០០០-២០០១ ព្រមទាំងប័ណ្ណជ័យលាភីពានប្រាក់សម្ដេច ហ៊ុន សែន និងសម្តេច ប៊ុនរ៉ានី ហ៊ុន សែន ឆ្នាំ២០០១។
ខាងក្រោមនេះគឺជាព្រះនាមនិងឈ្មោះមរតកមនុសុ្សរស់ ដែលបានសុគតនិងទទួលមរណភាព៖
១០-ព្រឹទ្ធាចារ្យ ទេព ផុន គោរមងារជាវិជ្ជាធម្មគរុ
ព្រឹទ្ធាចារ្យជាគ្រូបង្រៀនច្រើនជំនាន់ ព្រមទាំងបានចូលបម្រើការងារក្នុងសារមន្ទីរជាតិ ក្នុងការថែរក្សារូបសំណាកឈើអស់ជាច្រើនឆ្នាំ។ មានស្រុកកំណើតនៅ ភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រឹទ្ធាចារ្យ ទេព ផុន គោរមងារ វិជ្ជាធម្មគរុ បានទទួលមរណភាព កាលពីថ្ងៃ២៦ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៣:២០នារី ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ។
ព្រឹទ្ធាចារ្យមានចំណេះដឹងចេះចាំស្ទាត់ ខាងព្រះពុទ្ធសាសនា រួមមានព្រះធម៌ ព្រះវិន័យ ព្រះអភិធម្ម និងទស្សនវិជ្ជាពុទ្ធសាសនា ដោយអាចបំភ្លឺ ពន្យល់ វែកញែកខ្លឹមសារ និងសារសំខាន់របស់ព្រះពុទ្ធឱវាទឱ្យដល់សប្បុរសជនទូទៅ។ ជាពិសេសឯកទេសជំនាញខាងការបង្រៀនមានបទពិសោធច្រើន ព្រមទាំងមានជំនាញប្រៀបធៀប(ទស្សនវិជ្ជា និងពុទ្ធសាសនា)។ លោកព្រឹទ្ធាចារ្យក៏មានជំនាញស្ទាត់ក្នុងការស្រាវជ្រាវឯកសារផ្សេងៗ មានពុទ្ធវិន័យ ពុទ្ធសាសនា និងសាសនាប្រៀបធៀប ។ល។
ព្រឹទ្ធាចារ្យ ទេព ផុន គោរមងារជាវិជ្ជាធម្មគរុ (រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
ការផ្ទេរចំណេះដឹងខាងទ្រឹស្ដី លើមុខវិជ្ជាខាងព្រះពុទ្ធសាសនា មានព្រះធម៌ ព្រះវិន័យ ព្រះអភិធម្ម និងទស្សនវិជ្ជាពុទ្ធសាសនា បំភ្លឺ ពន្យល់ វែកញែកខ្លឹមសារ និងសារសំខាន់របស់ពុទ្ធឱវាទ ដល់សប្បុរសជនទូទៅ ជាពិសេសចំពោះសមណសិស្សដែលរៀនសូត្រក្នុងថ្នាក់ ព្រះត្រៃបិដកទាំង៣ ដែលជាប្រភពនៃទ្រឹស្ដី ក្នុងព្រះពុទ្ធសាសនា។
ព្រឹទ្ធាចារ្យបានរៀបរៀងផ្ទាល់ដៃនូវសៀវភៅ ព្រះពុទ្ធឱវាទសង្ខេប៣យ៉ាង សៀវភៅប្រវត្តិពុទ្ធសាសនាសង្ខេប សៀវភៅឯកសារពុទ្ធសាសនាសង្ខេប និងសៀវភៅពុទ្ធប្បវត្តិសង្ខេប (សម្រាប់គរុកោសល្យ) ព្រមទាំងមានសៀវភៅជាច្រើនទៀត។
១១-ព្រឹទ្ធាចារ្យ ព្រីង សាឃន គោរមងារជានាដកោសល្យវដ្ដី
ព្រឹទ្ធាចារ្យបានទទួលមរណភាព នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ៧៥ឆ្នាំ។ បើតាមឯកសារក្នុងបញ្ជីជីវប្រវត្តិសង្ខេបរបស់ បេក្ខជន~នារី មរតកមនុស្សរស់ លោកព្រឹទ្ធាចារ្យ ព្រីង សាឃន កើតនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៤៥។ តែបើតាមភរិយារបស់ព្រឹទ្ធាចារ្យ គឺអ្នកស្រី អ៊ឹម សុវណ្ណ ព្រឹទ្ធាចារ្យចែកឋានក្នុងជន្មាយុ៨៣ឆ្នាំ។
នាដកោសល្យវដ្ដី ព្រីង សាឃន ចេះចាំស្ទាត់លើជំនាញល្ខោននាដកម្ម ដោយលោកស្ទាត់ខាងផលិតនិងសម្ដែង។ ព្រឹទ្ធាចារ្យ បានសម្ដែងជាតួ តាជូជក ក្នុងរឿង ព្រះវេស្សន្តរជាតក និងដើរតួត្លុកក្នុងរឿងទុំទាវ ក្នុងទម្រង់សិល្បៈល្ខោនយីកេរ។ ក្រៅពីនោះលោកព្រឹទ្ធាចារ្យ ក៏មានទេពកោសល្យលើទម្រង់របាំ ភាពយន្ត និងទម្រង់ល្ខោននានាជាច្រើនទៀតដែរ។
ព្រឹទ្ធាចារ្យ ព្រីង សាឃន គោរមងារជានាដកោសល្យវដ្ដី (រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
មរតកមនុស្សរស់រូបនេះ បានផ្ទេរចំណេះខាងទ្រឹស្ដី ខាងផលិត និងសម្ដែង ផ្នែកនាដសាស្ត្រ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ ពីឆ្នាំ១៩៨០។ មរតកមនុស្សរស់ ព្រីង សាឃន បានទទួលគ្រឿងឥស្សរិយយសធំៗចំនួន៣ និងក្លាយជាវីរៈសិល្បករនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០០០។
នៅក្នុងបញ្ជីជីវប្រវត្តិសង្ខេបរបស់ បេក្ខជន-នារី មរតកមនុស្សរស់ ព្រឹទ្ធាចារ្យ ព្រីង សាឃន បានបញ្ជាក់ថា មូលហេតុដែលលោកចង់ចូលជាប្រព័ន្ធមរតកមនុស្សរស់ ក៏ដើម្បីរួមចំណែកថែរក្សាកេរមរតកវប្បធម៌ជាតិ ក៏ដូចជារួមចំណែកបង្រៀនដល់អ្នកជំនាន់ក្រោយ។
១២-ព្រឹទ្ធាចារ្យ រស់ គង់ គោរមងារ វិសេសនាដកាវិជ្ជា
ព្រឹទ្ធាចារ្យមរតកមនុស្សរស់រូបនេះ ទទួលមរណភាពនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយជរាពាធ ក្នុងជន្មាយុ៨៥ឆ្នាំ។ ព្រឹទ្ធាចារ្យជានាដការបាំ ឯកទេសរបាំព្រះរាជទ្រព្យ តួនាយរោង។ មានស្រុកកំណើតនៅខេត្តកណ្ដាល ព្រឹទ្ធាចារ្យ បានបង្ហាត់សិល្បៈរហូតដល់ថ្ងៃចូលនិវត្តន៍។
ព្រឹទ្ធាចារ្យ រស់ គង់ គោរមងារ វិសេសនាដកាវិជ្ជា (រូបពី Chhourn Outdom)
វិសេសនាដកាវិជ្ជា រស់ គង់ បានសម្ដែងរបាំបុរាណ និងបង្រៀនសិស្សតាំងពីអាយុ១៨ឆ្នាំ។ ព្រឹទ្ធាចារ្យបានទទួលប័ណ្ណសរសើរនៅឆ្នាំ១៩៧៩។ មរតកមនុស្សរស់រូបនេះ បានក្លាយជាវីរសិល្បការិនី តាំងពីឆ្នាំ១៩៩៥ ផ្ដល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្លាយជាព្រឹទ្ធាចារ្យវប្បធម៌និងសិល្បៈ តាំងពីឆ្នាំ២០០១ ផ្ដល់ដោយរាជបណ្ឌិតសភា។
១៣-ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត គោរមងារ នាដភក្ដីនិម្មិត
ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត ដែលមានស្រុកកំណើតនៅខេត្តតាកែវ បានទទួលមរណភាពនៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៩ ក្នុងជន្មាយុ៧៦ឆ្នាំ។ មរតកមនុស្សរស់រូបនេះ ជាព្រឹទ្ធាចារ្យល្ខោនបាសាក់ដ៏ឆ្នើម។ នាដភក្ដីនិម្មិត អ៊ុំ សាមិត្ត ជាគ្រូបង្ហាត់បង្រៀនសិល្បៈល្ខោនបាសាក់ និងនិពន្ធរឿងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី។ មរតកមនុស្សរស់រូបនេះ ទទួលបានសញ្ញាប័ត្រកិត្តិយសជាវីរសិល្បករ ឯកទេសល្ខោនបាសាក់ ឆ្នាំ១៩៩៩-២០០០ និងគ្រឿងឥស្សរិយយស សិល្បករដែលមានស្នាដៃឆ្នើមក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ថ្នាក់មេដាយមាស។
ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត គោរមងារ នាដភក្ដីនិម្មិត (រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
១៤-សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គោរមងារ ទេពនាដវដ្ដីឯក
សម្ដេចរាជបុត្រី បានយាងសោយព្រះពិរាល័យ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ៧៦ព្រះវស្សា ដោយជរាពាធ។ សម្ដេចរាជបុត្រី បុប្ផាទេវី ជាព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ ហើយព្រះនាងជានាដកាឯកនៃប្រទេសកម្ពុជា ដែលទ្រង់សព្វព្រះទ័យក្រសាលរបាំបុរាណតាំងពីព្រះជន្ម ៥ព្រះវស្សា។
សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គោរមងារ ទេពនាដវដ្ដីឯក
ព្រះអង្គមានស្នាព្រះហស្តធំៗដូចជា ទ្រង់បានធ្វើឱ្យរស់ឡើងវិញនូវរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ ក្រោយសម័យសង្គ្រាមខ្មែរក្រហម។ ព្រះអង្គតែងបានដឹកនាំក្រុមរបាំបុរាណ ដង្ហែអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ទៅសម្ដែងជូនថ្នាក់ដឹកនាំប្រទេសនានា ទាំងក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិ។
ទេពនាដវដ្ដីឯក នរោត្តម បុប្ផាទេវី មានព្រះទេពកោសល្យខ្ពស់ក្នុងការ ថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងច្នៃបង្កើតថ្មីនូវទម្រង់សិល្បៈបុរាណខ្មែរ។ ស្នាព្រះហស្តច្នៃបង្កើតថ្មីរបស់ព្រះអង្គរួមមាន រឿង “នាងវឌ្ឍនាទេវី” រឿង “ព្រះសុធន នាងកែវមនោរា” ជាដើម។
១៥-ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គោរមងារ ភិរម្យវោហារ
មរតកមនុស្សរស់ ដ៏មានទេពកោសល្យរូបនេះ ទទួលមរណភាពដោយរោគាពាធ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ៨២ឆ្នាំ។ ភិរម្យវោហារ ប្រាជ្ញ ឈួន មានទេពកោសល្យខ្ពស់ក្នុងការលើកដាក់សំឡេងច្រៀងចាប៉ីបានយ៉ាងពីរោះ។
មានស្រុកកំណើតនៅភូមិស្រម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ព្រឹទ្ធាចារ្យ មានជំនាញចេះចាំស្ទាត់ជាងគេ គឺចម្រៀងចាប៉ីដងវែង។ ចាប់ពីឆ្នាំ១៩៦១ ព្រឹទ្ធាចារ្យបានចូលបម្រើការងារក្នុងវិទ្យុជាតិ ជាអ្នកច្រៀងចម្រៀងចាប៉ីដងវែង។ ព្រឹទ្ធាចារ្យក៏ជាអ្នកចម្រៀងចាប៉ីដងវែង នៅតាមពិធីផ្សេងៗផងដែរ។ លោកចូលនិវត្តន៍នៅឆ្នាំ២០០០។
ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គោរមងារ ភិរម្យវោហារ (រូបផ្ដល់ឱ្យដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
មរតកមនុស្សរស់ ប្រាជ្ញ ឈួន ជាអ្នកមានសំនៀងវោហាខាងចម្រៀងចាប៉ីដងវែង តាំងពីឆ្នាំ១៩៦២។ លោកបានទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងចម្រៀងចាប៉ីដងវែង នាសមាជជាតិលើកទី១១ ឆ្នាំ១៩៦២។ លោកបានទៅច្រៀងចាប៉ីដងវែង នៅប្រទេសបារាំង ក្នុងឆ្នាំ១៩៩៥ ទៅសហរដ្ឋអាមេរិក ឆ្នាំ១៩៩៧ និងទៅសិង្ហបូរី ឆ្នាំ១៩៩៨។ ព្រឹទ្ធាចារ្យ បានបង្ហាត់សិស្សជាបុគ្គលចំនួន០៩រូប ក្នុងនោះមានស្រី១រូប និងបានបង្ហាត់ចាប៉ីដងវែងនៅមណ្ឌលជនពិការអង្គការគ្រួសារថ្មី គៀនឃ្លាំង។
ព្រឹទ្ធាចារ្យចាប៉ីដងវែងរូបនេះ ទទួលបានសញ្ញាប័ត្រកិត្តិយស តែងតាំងជាវីរសិល្បករ ផ្នែកឯកទេសច្រៀងចាប៉ីដងវែង ឆ្នាំ១៩៩៣ វិញ្ញាបនប័ត្រ ព្រឹទ្ធាចារ្យ វប្បធម៌ និងសិល្បៈខ្មែរឆ្នាំ២០០១ និងប្រកាសនីយប័ត្រ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ ឆ្នាំ២០០១។
ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បានបញ្ជាក់នៅក្នុងជីវប្រវត្តិសង្ខេបរបស់ បេក្ខជន~នារី មរតកមនុស្សរស់ ថាមូលហេតុដែលលោកចង់ចូលជាប្រព័ន្ធមរតកមនុស្សរស់ ក៏ព្រោះតែចង់ឱ្យរដ្ឋជួយរកមធ្យោបាយ ដើម្បីផ្ទេរចំណេះជំនាញចាប៉ីដងវែង ឱ្យបានទូលំទូលាយ ដល់មនុស្សជំនាន់ក្រោយ។
១៦-ព្រឹទ្ធាចារ្យ សុខ ឌុច គោរមងារ កោសល្យតន្ត្រីវិជ្ជាធរ
ព្រឹទ្ធាចារ្យ សុខ ឌុច ជាវីរៈសិល្បករខ្មែរ ផ្នែកភ្លេងការនិងភ្លេងអារក្ស ដែលមានស្រុកកំណើតនៅខេត្តតាកែវ។ កោសល្យតន្ត្រីវិជ្ជាធរ សុខ ឌុច ទទួលមរណភាពនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងជន្មាយុ៩២ឆ្នាំ។ ព្រឹទ្ធាចារ្យ បានបង្ហាត់ជំនាញភ្លេងបុរាណដល់សិស្ស៣ក្រុម សរុប៣៦រូប ព្រមទាំងបានបណ្ដុះបណ្ដាលសិស្សជាតិ និងអន្តរជាតិ ជាច្រើនរូបទៀត។
ព្រឹទ្ធាចារ្យ សុខ ឌុត គោរមងារ កោសល្យតន្ត្រីវិជ្ជាធរ (រូបពីអង្គការសិល្បៈខ្មែរអមតៈ)
មរតកមនុស្សរស់រូបនេះ បានផលិតឧបករណ៍ភ្លេងបុរាណសម្រាប់លក់ក្នុងស្រុក និងក្រៅប្រទេសផងដែរ។ ព្រឹទ្ធាចារ្យបានទទួលប័ណ្ណសរសើរនៅឆ្នាំ១៩៧៩ បានទទួលសញ្ញាប័ត្រកិត្តិយស វីរសិល្បករ តាំងពីឆ្នាំ១៩៩៦ ផ្ដល់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោកទទួលបានវិញ្ញាបនប័ត្រ ព្រឹទ្ធាចារ្យវប្បធម៌ និងសិល្បៈខ្មែរនៅឆ្នាំ២០០១ ព្រមទាំងប្រកាសនីយប័ត្រ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ នៅឆ្នាំ២០០៩។
១៧-ព្រឹទ្ធាចារ្យ ឆេង ផុន គោរមងារ ទេពបញ្ញាកោសល្យវិជ្ជា
ព្រឹទ្ធាចារ្យទទួលអនិច្ចកម្ម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។ មរតកមនុស្សរស់ ឆេង ផុន ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលកាន់តំណែងជិតមួយទសវត្សរ៍។ លោកក៏ជាអតីតប្រធាន គ.ជ.ប ដំបូងគេនៅកម្ពុជាក្នុងអំឡុងឆ្នាំ ១៩៩៧-២០០៣។ ទេពបញ្ញាកោសល្យវិជ្ជា គឺជាអ្នកស្រាវជ្រាវសិល្បៈ វប្បធម៌ និងអរិយធម៌ខ្មែរ។ លោកក៏ជាប់ឈ្មោះថាជាអ្នកធ្វើឱ្យសិល្បៈវប្បធម៌ជាតិរស់ឡើងវិញ ក្រោយសង្គ្រាមប្រល័យពូជសាសន៍ដែរ។
ព្រឹទ្ធាចារ្យ ឆេង ផុន គោរមងារ ទេពបញ្ញាកោសល្យវិជ្ជា (រូបពីលោក ធៀង វណ្ណដារ៉ុង
ជំនាញដែលព្រឹទ្ធាចារ្យចេះចាំស្ទាត់ គឺ សម្ដែង និពន្ធ និងដឹកនាំរឿងល្ខោនលើឆាក ពិសេសស្នាដៃដឹកនាំរឿងចុងក្រោយដូចជា “ដំណើរជាតិកម្ពុជា” ពៀររំងាប់ដោយការមិនចងពៀរ” ឆ្មាំបាយ័ន” “ព្រះអសោក” “ព្រះអង្គជ័យ” និង “នាយហ្មដំរី”។
លោកព្រឹទ្ធាចារ្យ ធ្វើជាគ្រូសាលាគរុកោសល្យ នៅឆ្នាំ១៩៥៥។ លោកជាស្ថាបនិកក្រុមរបាំប្រជាប្រិយ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំ១៩៦៤។ ជាសាស្ត្រាចារ្យសិល្បៈ និងជាអ្នកសិក្សាស្រាវជ្រាវល្បីឈ្មោះនៅកម្ពុជា នៅឆ្នាំ១៩៦៨។ ជានាយកអភិរក្សដ្ឋានជាតិសិល្បៈទស្សនីយភាព ឆ្នាំ១៩៧៣។ ជាសកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំ១៩៨០។ ជារដ្ឋមន្ត្រីក្រសួងឃោសនាការ និងព័ត៌មាន ឆ្នាំ ១៩៨២-១៩៩១។ ជានាយកវិទ្យាស្ថានខ្មែរវប្បធម៌ និងវិបស្សនា ឆ្នាំ១៩៩៣-១៩៩៥។ ជានាយកមជ្ឈមណ្ឌលវប្បធម៌ និងវិបស្សនាឆ្នាំ ១៩៩៥។ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឆ្នាំ ១៩៩៨-២០០៣។
ទេពបញ្ញាកោសល្យវិជ្ជា ធ្លាប់បានដឹកនាំ និងបង្រៀនសិស្សសាលាល្ខោន ចាប់ពីឆ្នាំ១៩៨០ រហូតមកដល់ឆ្នាំ២០០៣ ជាពិសេសលើទ្រឹស្ដីសិល្បៈការនិពន្ធ និងដឹកនាំរឿង។ លោកជាអ្នករិះគន់សិល្បៈដ៏ល្បីល្បាញ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ លោកធ្លាប់ចូលរួមការបណ្ដុះបណ្ដាល ទាំងថ្នាក់ជាតិ និងអន្តរជាតិ លើវិស័យសិល្បៈនៅអាមេរិក ស្វីស ម៉ាឡេស៊ី និងឡាវ......។
មរតកមនុស្សរស់រូបនេះ ទទួលបានគ្រឿងឥស្សរិយយស ‘Commandeur de I’Ordre Royal du Cambodge’ ចុះនៅខែកញ្ញា ឆ្នាំ១៩៩៩។ និងទទួលគ្រឿងឥស្សរិយយស ផ្ដល់ដោយ The Fukuoka Asian Culture Prize រង្វាន់ធំ ‘Grand Prize ឆ្នាំ១៩៩៧៕