សៀមរាប៖ អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ បានរៀបចំសិក្ខាសាលាមួយស្ដីពី វត្តអារាមនិងការគ្រប់គ្រងសំរាម ដើម្បីសោភ័ណភាពក្រុងអង្គរ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងន័យភ្ជាប់កិច្ចការពុទ្ធសាសនា ជាមួយការងារសង្គម និងមានតំណាងព្រះសង្ឃដែលគ្រប់គ្រងការផ្សាយរបស់វិទ្យុសហគមន៍ ចូលរួមចែករំលែកចំណេះដឹងទាក់ទងនឹងបញ្ហាបរិស្ថានដល់ព្រះសង្ឃ ក៏ដូចជាដល់ពុទ្ធបរិស័ទ។ តើព្រះសង្ឃរួមចំណែកអ្វីខ្លះ ក្នុងការងារផ្សព្វផ្សាយបញ្ហាបរិស្ថានដល់ប្រជាពលរដ្ឋ?
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
សិក្ខាសាលាបញ្ជ្រាបចំណេះដឹង ទាក់ទងនឹងបញ្ហាសង្គមដល់ព្រះសង្ឃ ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដោយអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ បានយកទីតាំងសាលាឆាន់វត្តរាជបូរណ៍សម្រាប់បណ្ដុះបណ្ដាលសិក្ខាកាម រយៈពេល២ថ្ងៃ គឺថ្ងៃទី២២ ដល់ថ្ងៃទី២៣ កក្កដា។ សិក្ខាកាមភាគច្រើន ជាព្រះសង្ឃ មកពីតាមបណ្ដាវត្តក្នុងស្រុក/ក្រុងទាំង១២ នៃខេត្តសៀមរាប និងតំណាងព្រះសង្ឃដែលគ្រប់គ្រងការផ្សាយរបស់វិទ្យុ ចំនួន១០កម្មវិធី សរុបចំនួន ៦០អង្គ/នាក់។
នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ លោកធម្មបណ្ឌិត ហេង មណីចិន្ដា ឱ្យដឹងថា ជារៀងរាល់ឆ្នាំស្ថាប័នរបស់លោក តែងរៀបចំសិក្ខាសាលានេះឡើង ដែលជាកម្មវិធីពុទ្ធសាសនាផ្សារភ្ជាប់នឹងកិច្ចការសង្គម។ សិក្ខាសាលានេះ បាននិមន្តព្រះសង្ឃដែលលោកមានកម្មវិធីវិទ្យុរបស់ខ្លួន មកផ្តល់ចំណេះដឹងបន្ថែម ទាក់ទងនឹងផ្នែកវិទ្យុសហគមន៍ និងផ្តល់ចំណេះដឹងខាងសង្គមផង។ ហើយឆ្នាំនេះ សិក្ខាសាលាផ្តោតលើបញ្ហាសំរាម។
ធម្មបណ្ឌិត ហេង មណីចិន្ដា ពន្យល់យ៉ាងដូច្នេះថា៖« ឆ្នាំ២០២០យើងផ្តោតលើបញ្ហាសំរាម នៅតាមខេត្តមួយចំនួនដូចនៅបាត់ដំបង យើងផ្តោតលើអនាម័យតាមដងស្ទឹងសង្កែ នៅខេត្តសៀមរាបយើងពង្រីកវិសាលភាពលើពាក្យថា ព្រះសង្ឃនិងការគ្រប់គ្រងសំរាមដើម្បីសោភ័ណភាពក្រុងអង្គរ។ ក្រៅពីនេះយើងគ្រោងធ្វើនៅខេត្តកំពង់ធំ ដែលយើងមានស្ទឹងសែន និងនៅខេត្តពោធិ៍សាត់ ដែលយើងមានស្ទឹងពោធិ៍សាត់ បំណងដើម្បីឱ្យព្រះសង្ឃយកចិត្តទុកដាក់ ឱ្យលោកជួយផ្សព្វផ្សាយព្រះធម៌តាមរយៈការទេសនារបស់លោក និងតាមរយៈវិទ្យុដែលលោកកាន់កាប់ ដើម្បីឱ្យពុទ្ធបរិស័ទជួយកាត់បន្ថយនៅក្នុងការបោះចោលសំរាមផ្ដេសផ្ដាស កាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក ដើម្បីបរិស្ថានស្អាត...»។
ទាក់ទងនឹងការចូលរួមក្នុងកិច្ចការបរិស្ថាននេះដែរ កន្លងមកព្រះសង្ឃក្នុងស្ថាប័នក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ដែលហៅកាត់ថា CoMAPA បានអប់រំដល់បណ្ដាវត្តជាង៣០ក្នុងឧទ្យានអង្គរ ឱ្យយល់ពីការទុកដាក់សំរាម និងការដាំដើមឈើឡើងវិញជាដើម។ ធម្មបណ្ឌិត ហេង មណីចិន្ដា សង្កេតឃើញថា ក្រោយចូលរួមក្នុងកម្មវិធីអប់រំរួចមក វត្តអារាមមួយចំនួនបានផ្លាស់ប្ដូរមុខមាត់ ដោយមានការដាក់ធុងសំរាម ការញែកសំរាម ពិសេសការរៀបចំសួនច្បារ និងការដាំដើមឈើឡើងវិញ បង្កើនសោភ័ណភាពក្នុងវត្តអារាម។
អគ្គនាយកក្រុមហ៊ុនអារ៉ាខាវ៉ា លោក អៀង សុធារ៉ា ដែលធ្វើជាវាគ្មិនក្នុងសិក្ខាសាលានៅពេលនោះ បាននិយាយថា បញ្ហាសំរាមគឺជារឿងចាក់ស្រេះក្នុងសង្គមខ្មែរ និងទាមទារការអប់រំដល់ពលរដ្ឋឱ្យបានច្រើន។ លោកពន្យល់ថា សំរាមគ្មានវិញ្ញាណឬមានចលនាបំលាស់ទីនោះទេ លើកលែងតែមនុស្សជាអ្នកគ្រប់គ្រងវាបាន។ ការងារនេះគឺទាមទារការសហការនិងការយល់ដឹងពីប្រជាពលរដ្ឋជាចាំបាច់។ លោកលើកឡើងថា៖« ឱ្យតែកន្លែងណាមានសំរាម យើងខំតុបតែងរៀបចំយ៉ាងណាក៏ដោយ គឺបាត់សោភ័ណភាពហើយ ធ្វើម៉េចក៏មិនស្អាតដែរ»។
អ្នកជំនាញផ្នែកគ្រប់គ្រងសំរាម និងកែច្នៃរូបនេះពន្យល់ថា សំរាមផ្តល់ផលប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ សំរាមបង្កឱ្យមានជំងឺជាច្រើនដូចជា បញ្ហាផ្លូវដង្ហើម ពោះវៀន ជំងឺធុញថប់ គេងមិនលក់ជាដើម។ល។
ជាម្ចាស់អាជីវកម្មទាក់ទងនឹងបញ្ហាបរិស្ថានដែរនោះ លោក អៀង សុធារ៉ា ផ្តល់យោបល់ថា ដើម្បីដោះស្រាយបញ្ហាបរិស្ថាននេះបាន គឺត្រូវផ្តើមពីការកាត់បន្ថយជាមុន។ លោកពន្យល់ថា៖« អ្នកប្រើចានស្រាក់ និងប្រអប់ស្នោ បើយើងម្នាក់ៗរួបរួមគ្នាប្រើភាគច្រើនចានស្រាក់ ប្រអប់ស្នោត្រូវថយ»។
ទាក់ទងនឹងការចូលរួមរបស់ព្រះសង្ឃ លោក អៀង សុធារ៉ា មានសុទិដ្ឋិនិយមថា នឹងអាចចូលរួមដោះស្រាយបញ្ហាសំរាមនេះកាន់តែមានប្រសិទ្ធភាព។ លោកបន្ថែមថា៖« ព្រះសង្ឃមានឱកាសទេសនាច្រើន ទេសតាមភូមិ តាមផ្ទះ ហើយប្រជាជនស្ដាប់ច្រើន គាត់អាចចូលរួម រឿងសំខាន់គេរកឃើញការគ្រប់គ្រងសំរាមគឺគេគ្រប់គ្រងពេលបោះមុន មិនមែនពេលចោលទេ»។
លោក អៀង សុធារ៉ា យល់ទៀតថា៖« នៅសៀមរាបមានវត្តជាង២០០វត្ត ហើយលោកក៏ទទួលចង្ហាន់ពីពុទ្ធបរិស័ទ ពិសេសរដូវចូលវស្សា មែនទែនបើធ្វើការជាមួយអ្នកផ្សេង អាចត្រូវចាយថវិកាច្រើន តែព្រះសង្ឃអាចទេសក្នុងពិធីច្រើន អាចបញ្ជ្រាបរឿងសំរាមហើយពលរដ្ឋចូលចិត្តស្ដាប់ទៀត ចឹងពេលនេះយើងបង្រៀនគាត់សិន ទើបលោកមានទុនដើម្បីទេសឱ្យពុទ្ធបរិស័ទស្ដាប់»។
តាមរបាយការណ៍ពីមន្ទីរបរិស្ថានខេត្ត ជាប្រចាំថ្ងៃក្រុងសៀមរាបមានសំរាម៣០០តោន ចំណែកសំរាមក្នុងស្ទឹងសៀមរាប ជាប្រចាំថ្ងៃក្រុមហ៊ុនប្រមូលបាន២តោន៕