ជាតិ
អ្នកភូមិ​គោក​ពោធិ៍ ដែល​ស្ថិតក្នុង​ឧទ្យាន​អង្គរ នៅតែ​រក្សា​តម្បាញរ​ពាក់បាន​យ៉ាង​ល្អ​
25, Jul 2020 , 11:29 pm        
រូបភាព
​សៀមរាប​៖ ការ​ត្បាញ​រពាក់ ជា​របរ​ប្រពៃណី​មួយ​របស់​អ្នកភូមិ​គោក​ពោធិ៍ ដែលជា​ភូមិ​ស្ថិតក្នុង​ឧទ្យាន​អង្គរ​។ មកទល់​បច្ចុប្បន្ន អ្នកភូមិ​គោក​ពោធិ៍ ឃុំ​ដូន​កែវ ស្រុក​ពួក នៅតែ​រក្សា​របរ​ត្បាញ​រពាក់​នេះ​បាន​យ៉ាង​ល្អ​។ អ្នក​ត្បាញ ភាគច្រើន​ជា​ស្ត្រី ហើយ​គេ​និយម​ត្បាញ​ជា​ជាល ដែល​សម្បូរ​ទីផ្សារ និង​មាន​ឈ្មួញ​ចាំ​ទទួល​ទិញ​យកទៅលក់​បន្ត​។ របរ​នេះ បាន​ជួយ​សម្រាល​ជីវភាព​មួយផ្នែកធំ ដល់​គ្រួសារ​នីមួយៗ ក្រៅពី​ការធ្វើ​ស្រែចម្ការ​។​

 
​អ្នកស្រី វ៉ាត សូត អាយុ​៤៧​ឆ្នាំ កំពុង​អង្គុយ​ត្បាញ​ជាល​ដែល​ធ្វើ​ពីរ​ពាក់ នៅក្រោម​ដើមឈើ​ធំ​មួយ​មុខផ្ទះ ដែលមាន​ជញ្ជាំង​ស្លឹក​។ អ្នកស្រី សូត រៀបរាប់ថា ចេះ​ត្បាញ​តាម​ឪពុកម្ដាយ តាំងពី​នៅ​តូចៗ​មក​។ ក្រៅពី​ជាល អ្នកស្រី សូត ក៏​ចេះ​ត្បាញកន្ទេល ដែល​ធ្វើ​ពី​រំចេក​ផងដែរ​។ ស្ត្រី​រូបនេះ​ថា របរ​នេះ បានរួម​ចំណែក​សំខាន់​ក្នុងការ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​
 
​ដោយសារ​អនុផល រពាក់​តាម​ផ្ទះ​កាន់តែ​ខ្សត់​ទៅៗ ធ្វើឱ្យ​អ្នកភូមិ​គោក​ពោធិ៍ ដែលមាន​គ្រួសារ​អ្នកស្រី សូត ផង ចេញទៅរ​កនៅ​តំបន់​ឆ្ងាយៗ ដូចជា​នៅ​តំបន់​ខេត្តកំពង់ធំ និង​ស្រុក​ស្រីស្នំ នៃ​ខេត្តសៀមរាប ដែល​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​នេះ ពួកគាត់​ត្រូវ​សម្រាក​តាម​ព្រៃ​ពី​៤​ទៅ​៥​យប់ ទើប​វិល​មក​ផ្ទះ​វិញ​។ ទៅ​ម្ដងៗ អ្នកស្រី សូត រួម​និង​ប្ដី អាចរ​ករ​ពាក់បាន​ប្រមាណ​៨​ដុំ​ធំៗ ដែល​អាច​យកមក​ធ្វើ​ជាល​បាន​១៥០ សម្រាប់​លក់​ឱ្យ​ឈ្មួញ ដែល​គិត​ជា​ទឹកប្រាក់​បាន​ជិត​៣០​ម៉ឺន​រៀល​។ អ្នកស្រី សូត ប្រាប់ថា ក្រោយ​កាត់កង​ការចំណាយ​ថ្លៃ​គោយន្ត និង​ម្ហូបអាហារ​ដេក​តាម​ព្រៃ អាច​នៅសល់​ប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ប៉ុណ្ណោះ​។​
 
​ចំណែក​អ្នកស្រី ល ងិ ក៏​ពឹង​លើ​របរ​ត្បាញ​រំ​ពាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែរ​។ របរ​នេះ​អាចឱ្យ​អ្នកស្រី​មាន​ថវិកា​សម្រាប់​ទិញ​ម្ហូប ឱ្យ​កូន​រៀន និង​ចាក់​សាំង​ម៉ូតូ​ឱ្យ​កូន​ទៅ​ធ្វើការ​នៅក្នុង​ក្រុង​ជាប្រចាំ​ថ្ងៃជា​ដើម​។ អ្នកស្រី​ថា របរ​នេះ​ធ្វើឱ្យ​អ្នកស្រីរ​ស់បាន​សមរម្យ ពិសេស​ជា​របរ​នៅផ្ទះ​ក្រោយ​ទំនេរ​ពី​ការធ្វើ​ស្រែ​៕







Tag:
 រំពា​ក់​
  អនុផល​ព្រៃឈើ​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com