COVID-19
ជាតិ
សុខភាព
អ្នក​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ គួរ​អនុវត្ត​សកម្មភាព​៩​យ៉ាង ដើម្បី​បង្ការ​ជំងឺ​បាក់​ទឹកចិត្ត
26, Jul 2020 , 8:59 am        
រូបភាព
បុរសខ្មែរម្នាក់មកពីបរទេសបានចត្តាឡីស័ក១៤ថ្ងៃ មណ្ឌលចត្តាឡីស័កវិទ្យាល័យជ័យវរ័្មនទី៧ ខេត្តកណ្តាល កាលពីថ្ងទី៥ឧសភា ឆ្នាំ២០២០។ រូបថត៖ គណនីហ្វេសប៊ុក  Krou Sany
បុរសខ្មែរម្នាក់មកពីបរទេសបានចត្តាឡីស័ក១៤ថ្ងៃ មណ្ឌលចត្តាឡីស័កវិទ្យាល័យជ័យវរ័្មនទី៧ ខេត្តកណ្តាល កាលពីថ្ងទី៥ឧសភា ឆ្នាំ២០២០។ រូបថត៖ គណនីហ្វេសប៊ុក Krou Sany
​ភ្នំពេញ​៖  បុគ្គល​នីមួយៗ​ដែល​តម្រូវឱ្យ​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​(WHO) ដើម្បី​តាមដាន​សុខភាព និង​រក​ជំងឺ​កូ​វីដ​-១៩(COVID-19)​នោះ គឺ​អាចមាន​អារម្មណ៍​ស្រងូតស្រងាត់ ឬ​ច្របូកច្របល់​។ លើស​នេះ​ទៀត​ទៅ គឺ​អាចមាន​អារម្មណ៍​អស់សង្ឃឹម និង​ភ័យខ្លាច​។ អារម្មណ៍​ទាំងនេះ នឹង​បង្ក​ឱ្យ​លោក​-​អ្នកមាន​ជំងឺ​បាក់​ទឹកចិត្ត ក្នុងអំឡុងពេល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​។

 
​បើតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​២១​កក្កដា ឆ្នាំ​២០២០ ដើម្បី​ដោះស្រាយ​នូវ​តានតឹង​ផ្លូវ​ទាំងនេះ បុគ្គល​នីមួយៗ​ដែល​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក គួរ​អនុវត្ត​នូវ​វិធានការ​៩​យ៉ាង ដូចខាងក្រោម​៖ 
 
​វិធានការ​ទី​១៖  អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​នីមួយៗ គឺ​ត្រូវ​ទទួលយក និង​យល់ថា​ពេលវេលា​នេះ ជា​ពេលវេលា​ពិសេស និង​ខុស​ពីមុន ទោះបីជា​លោក​-​អ្នក មិន​ចង់ឃើញ ឬ​មិន​ចង់​ទ​ទួ​ក​យក​ក៏ដោយ​។​

​វិធានការ​ទី​២៖ ត្រូវ​រក្សា​ទំនាក់ទំនង និង​រក​វិធី​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​អ្នកដទៃ តាមរយៈ​ហ្វេ​ស​ប៊ុ​ក និង​ទូរ​សព្ទ​ជាដើម​...​។​
 
​វិធានការ​ទី​៣៖ ត្រូវមាន​ចិត្តសប្បុរស​នឹង​អ្នកដទៃ និង​ផ្តល់ជំនួយ​ជួយ​អ្នកដទៃ និង​រិះរក​ថា​តើ​មាន​វិធី​អ្វីដែល​អាចជួយ​អ្នកដទៃ​ដែល​នៅ​ជុំវិញ​អ្នក​ដែរឬទេ​?
 
​វិធានការ​ទី​៤៖ មិនត្រូវ​ភ័យខ្លាច​ប៉ះពាល់​ការប្រាស្រ័យ​ទំនង​អ្នក​ជាមួយ​អ្នក​ទៃ​ឡើយ ហើយ​លោក​-​អ្នក​ត្រូវ​គិតថា​មនុស្ស​ទាំងអស់គ្នា កំពុង​ជួបនឹង​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​។​
 
​វិធានការ​ទី​៥៖  ក្នុងអំឡុងពេល​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃនោះ លោក​-​អ្នក​ត្រូវមាន​ការងារ​ធ្វើជា​ប្រចាំថ្ងៃ​។ ដូចជា​អាន​សៀវភៅ មើល​ភាពយន្ត ឬ​តន្ត្រី​កំសាន្ត​សប្បាយៗ ជាដើម​។​
 
​វិធានការ​ទី​៦៖ លោក​-​អ្នក ត្រូវ​គិតពិចារណា និង​ព្យាយាម​គិតថា ស្ថានការណ៍​នេះ​ជា​បញ្ហា​ថ្មី​និង​ជា​ពេលវេលា​ចម្លែក​ដែល​អាច​នាំមក​នូវ​ផលចំណេញ​ខ្លះមក​វិញ បើសិនជា​លោក​-​អ្នករៀន​សូត្រ​ពី​វា​។ 

​វិធានការ​ទី​៧៖ ត្រូវ​កំណត់​ការទទួលយក​ព័ត៌មាន ដោយ​កំណត់​ពេលវេលា​ប្រចាំថ្ងៃ និង​ប្រភពព័ត៌មាន​ឱ្យបាន​ច្បាស់លាស់ ដោយ​ធានាបាន​នូវ​ព័ត៌មាន​ដែល​ទទួលបាន​នោះ គឺអាច​ជឿទុកចិត្ត​បាន​។​
 
​វិធានការ​ទី​៨៖ កាត់បន្ថយ​ឱ្យបាន​ច្រើន​បំផុត នូវ​ការអាន មើល​ព័ត៌មាន​ណា​ដែល​ធ្វើឱ្យ​លោក​-​អ្នកមាន​ភាព​តានតឹង ទុយ​ក្ខ​ព្រួយ ស្រងូតស្រងាត់ និង​ស្លន់ស្លោ​ជាដើម​។ 
 
​វិធានការ​ទី​៩៖ លោក​-​អ្នក ត្រូវ​សម្រួល​អារម្មណ៍ និង​ត្រូវ​សមាធិ​ក្នុង​រយៈពេល​៦​ទៅ​៧​នាទី ដោយ​ធ្វើឱ្យបាន​២​ទៅ​៣​ដង ក្នុង​មួយថ្ងៃ​៕ 

Tag:
 ច​ត្តា​ឡី​ស័ក​
  ជំងឺ​បាក់​ទឹកចិត្ត​
  ជំងឺ​ភ័យខ្លាច​/​ថប់​បារម្ភ​
© រក្សាសិទ្ធិដោយ thmeythmey.com