ជាតិ
«សម្រស់ធម្មជាតិ បរិស្ថាន និងជំនឿ» ជំរុញឲ្យភ្ញៀវទេសចរទៅលេងភ្នំត្បែង
× ព្រះវិហារ៖ គ្របដណ្ដប់លើផ្ទៃដីជាង២ម៉ឺន៥ពាន់ហិកតា «ភ្នំត្បែង» សម្បូរដោយដើមឈើធំៗ ព្រៃព្រឹក្សាខៀវស្រងាត់ មានអាកាសធាតុល្អ ពិសេសជាទីសក្ការបូជារបស់ប្រជាពលរដ្ឋមានជំនឿ។ តាមរយៈទេសភាពដ៏ស្រស់ត្រកាល និងជំនឿដ៏ស័ក្ដិសិទ្ធ បានជំរុញឲ្យភ្ញៀវទេសចរមកលេងកម្សាន្តនៅតំបន់បេតិកភណ្ឌធម្មជាតិមួយនេះ។
មានចម្ងាយផ្លូវ ៣៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ «ភ្នំត្បែង» ស្ថិតនៅក្នុងទឹកដីនៃស្រុកសង្គមថ្មី ស្រុកគូលែន ស្រុករវៀង និងក្រុងព្រះវិហារ នៃខេត្តព្រះវិហារ។ ដើម្បីឡើងដល់កំពូលភ្នំត្បែងនាវត្តដំបូកខ្មៅ ភ្ញៀវទេសចរត្រូវធ្វើដំណើរថ្មើរជើងតាមកាំជណ្ដើរចំនួន ១៣៤៥កាំ។
ជាភ្ញៀវទេសចរម្នាក់ក្នុងចំណោមភ្ញៀវទេសចរជិត ៦០នាក់ ដែលទៅកម្សាន្តនៅភ្នំត្បែងកាលពីថ្ងៃទី ១០-១២ កក្កដា កញ្ញា រតនា បានលើកឡើងថា៖ «នេះជាលើកទី១ ដែលខ្ញុំមកលេងភ្នំត្បែង ព្រោះខ្ញុំចង់ស្គាល់ពីតំបន់បេតិកភណ្ឌភ្នំត្បែង និងចង់ដឹងពីប្រវត្តិលោកតាសួងនៅលើភ្នំត្បែង»។ តាមរយៈដំណើរកម្សាន្តនេះ កញ្ញា រតនា រំពឹងថា នឹងដឹងពីប្រវត្តិនៅតំបន់ភ្នំត្បែង និងអាចបង្ហាញទៅពិភពលោកថាស្រុកខ្មែរ មានតំបន់ទេសចរណ៍ដ៏អស្ចារ្យ។ កត្តាដែលជំរុញឲ្យកញ្ញា រតនា មកលេងភ្នំត្បែង ដោយសារស្រឡាញ់ធម្មជាតិ និងចង់ការពារព្រៃឈើ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយភ្ញៀវទេសចរមកលេងភ្នំត្បែងដូចតទៅ៖
មិនខុសពីកញ្ញា រតនា នោះទេ លោក លីន ភីរ៉ាត់ បានបញ្ជាក់ថា ការមកកម្សាន្តនៅភ្នំត្បែងនេះ ជាចំណងចំណូលដើរលេងរបស់លោក ពិសេសលោក ភីរ៉ាត់ យល់ថាភ្នំត្បែង ជាសក្ការបូជា និងមានទេសភាពស្រស់ស្អាតសម្រាប់មកកម្សាន្ត។ លោក លីន ភីរ៉ាត់ អំពាវនាវដល់ភ្ញៀវទេសចរមកកម្សាន្តនៅតំបន់ភ្នំត្បែងឲ្យច្រើន ដើម្បីជួយប្រជាជនឲ្យមានចំណូល តាមរយៈការមកកម្សាន្តរបស់ភ្ញៀវទេសចរ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក។
ចំណែក កញ្ញា ណែម វួចលីន បានឲ្យដឹងថា មូលហេតុដែលមកលេងភ្នំត្បែង ដោយសារភ្នំនេះ នៅមានព្រៃឈើច្រើន។ ក្រៅពីទេសភាពព្រៃឈើទាក់ទាញ កញ្ញា វួចលីន ក៏ចង់ឃើញសម្រស់ថ្មហួត និងចង់ដឹងពីប្រវត្តិភ្នំត្បែងផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០-១២ កក្កដាកន្លងទៅ ក្រុមដំណើរកម្សាន្ត Cambodia Amazing Trip Planner បានរៀបចំជំរំ «ភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋលើកទី៤» ដែលមានអ្នកចូលរួមជិត ៦០នាក់។ បើតាមលោក សា ឌីណា ស្ថាបនិក Cambodia Amazing Trip Planner ដំណើរកម្សាន្តរៀបចំ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ក្នុងស្រុក ជាពិសេសជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលបម្រើសេវាកម្មដល់ភ្ញៀវទេសចរ៕
Tag:
ទេសចរណ៍
ភ្នំត្បែង
© រក្សាសិទ្ធិដោយ thmeythmey.com