COVID-19
ជាតិ
ខេត្តសៀមរាប នឹងដាក់​ដំណើរការ​មន្ទីរពិសោធន៍​ធ្វើតេស្ត​កូ​វីដ​-១៩ នៅ​ថ្ងៃស្អែក​
26, Jul 2020 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៧ កក្កដា​នេះ ខេត្តសៀមរាប នឹងដាក់​ដំណើរការ​មន្ទីរពិសោធន៍​ធ្វើតេស្ត​កូ​វីដ​-១៩ ដើម្បី​ធ្វើតេស្ត​ជំងឺ​កូ​វីដ​-១៩​។ បើតាម​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មន្ទីរពិសោធន៍​នេះ នឹង​សម្រួល​ដល់​ការធ្វើ​តេស្ត​កូ​វីដ​-១៩​នៅក្នុង​ខេត្តសៀមរាប ដោយ​មិនចាំបាច់​យក​សំណាក​ទៅធ្វើ​តេស្ត​នៅ​ភ្នំពេញ​ទៀតឡើយ​។


 
​មន្ទីរពិសោធន៍​ធ្វើតេស្ត​កូ​វីដ​-១៩ ដែល​ស្ថិតនៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​២៧ កក្កដា​នេះ ក្រោម​ការជួយជ្រោមជ្រែង​ពី​ក្រសួងសុខាភិបាល​។ លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លើកឡើងថា មន្ទីរពិសោធន៍​នេះ មាន​សមត្ថភាព​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ដោយ​មិនចាំបាច់​យក​សំណាក​ទៅធ្វើ​តេស្ត​នៅ​ភ្នំពេញ​ទៀតឡើយ​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រូបនេះ បញ្ជាក់ថា​៖ «​យើង​បានរៀបចំ​ឲ្យ​មន្ទីរពិសោធន៍​នេះ ឲ្យ​មាន​លក្ខណៈ​ស្ដង់ដារ​នៅក្នុង​ការការពារ​ការ​ចម្លងរោគ​។ យើង​មាន​ម៉ាស៊ីន​ថ្មី និង​បាន​បញ្ជូន​មន្ត្រី​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ក្នុងការ​ធ្វើតេស្ត​ផងដែរ​»​។ 
 
​បើតាម​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ការចាប់ផ្ដើម​ដំណើរការ​មន្ទីរពិសោធន៍​ធ្វើតេស្ត​កូ​វីដ​-១៩​នេះ នឹងមាន​ការចូលរួម​ពី​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ធ្វើតេស្ត​ដល់​អ្នក​ដែល​សង្ស័យ និង​ប៉ះពាល់​ជាមួយ​អ្នក​ផ្ទុក​កូ​វីដ​-១៩​។ សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន ២២៥​នាក់ ក្នុងនោះ ១៤៣​នាក់ បាន​ព្យាបាល​ជាសះស្បើយ និង​ចំនួន ៨២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ និង​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដាច់ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​៕ 


លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប





Tag:
 កូ​វីដ​១៩
  មន្ទីរពិសោធន៍​
© រក្សាសិទ្ធិដោយ thmeythmey.com