ជាតិ
រតនគិរី៖ ជនជាតិដើមភាគតិចចារ៉ាយនៅភូមិលែ និយមប្រើស្លឹកចេកវេចខ្ចប់ រូបភាពភូមិលែ
× រតនគិរី៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ ដែលស្ថិតនៅក្នុងភូមិលែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និយមប្រើប្រាស់នូវស្លឹកចេក និងសម្ពាយសម្រាប់ដាក់ឥវ៉ាន់ដែលផលិតដោយខ្លួនឯង សម្រាប់វេចខ្ចប់ ជំនួសឱ្យការប្រើប្រាស់ថង់ប្លាស្ទិក។ នេះបើតាមលោក រចំ សំបូរ ប្រធានភូមិលែ។
លោក រចំ សំបូរ បានអះអាងប្រាប់ ThmeyThmey25 ថា៖ «ប្រជាពលរដ្ឋនៅក្នុងភូមិនេះភាគច្រើនមានការយល់ដឹង លើបញ្ហាទុកដាក់សម្រាម និងការប្រើប្រាស់ប្លាស្ទិកនេះ ព្រោះកន្លងមកមានខាងអង្គការក្រៅរាជរដ្ឋាភិបាលបានចុះមកផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋនៅក្នុងភូមិនេះ»។
លោកបានបន្តទៀតថា ស្ទើរគ្រប់ផ្ទះក្នុងភូមិនេះមានធុងសម្រាម ការទុកដាក់មានរបៀបរៀបរយ ហើយពលរដ្ឋកម្រនឹងប្រើប្រាស់ប្លាស្ទិកណាស់ ដោយពួកគាត់និយមប្រើស្លឹកចេក ឬ សម្ពាយសម្រាប់ផ្ទុកឥវ៉ាន់ដែលផលិតដោយខ្លួនឯងជំនួសវិញ។
ចំណែកឯ លោក សៀវ បៃ ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងភូមិនេះបានបញ្ជាក់ថា៖ «នៅក្នុងបរិវេណភូមិទាំងមូលស្ទើរតែគ្មានសម្រាមនៅលើដី ហើយទេសភាពជារួមមានពណ៌ខៀវស្រងាត់គួរជាទីរស់នៅ»។
ពលរដ្ឋនៅទីនេះ មានការស្រលាញ់បរិស្ថាន មិនចោលសម្រាមផ្ដេសផ្ដាស និងធ្វើការទុកដាក់សម្រាមបានត្រឹមត្រូវ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋនៅតាមភូមិ ឬ បណ្ដាខេត្តដទៃទៀតចូលរួមក្នុងការគិតគូរពីបញ្ហាបរិស្ថាន ជាពិសេសការប្រើប្រាស់ប្លាស្ទិកតែម្ដង។ លោក សៀវ បៃ បានបញ្ជាក់យ៉ាងដូច្នេះ។
បើតាមលោក សំបូរ ប្រធានភូមិលែ នៅក្នុងភូមិនេះមានប្រជាជនសរុប៥៩០នាក់ ដោយពួកគាត់ភាគច្រើនប្រកបរបរកសិកម្ម សម្រាប់ការចិញ្ចឹមជីវិតប្រចាំថ្ងៃ៕
រូបភាពភូមិលែ
© រក្សាសិទ្ធិដោយ thmeythmey.com