អន្តរជាតិ
សមុទ្រចិនខាងត្បូង៖ ព្រុយណេ ចាកចេញពីភាពស្ងប់ស្ងៀម រូបភាព Xinhua
× រដ្ឋាភិបាលព្រុយណេ បានចេញសេចក្តីថ្លែងការណ៍ដ៏កម្រ និងគួរឲ្យភ្ញាក់ផ្អើលមួយជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ ខណៈស្ថានភាពសមុទ្រចិនខាងត្បូងហាក់ដូចជាកំពុងឡើងកម្តៅបន្តិចនោះ ព្រុយណេ បង្ហាញជំហរចង់ឃើញភាគីពាក់ព័ន្ធនៃជម្លោះអធិបតេយ្យមួយនេះ រក្សាភាពចាស់ទុំ និងដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ។
តាមរយៈសេចក្តីថ្លែងការណ៍ដែលចេញនៅដើមសប្តាហ៍នេះ ក្រសួងការបរទេសព្រុយណេ បានអះអាងជាថ្មីក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសុខដុមនៅក្នុងតំបន់ ជាពិសេសលើបញ្ហាសមុទ្រចិនខាងត្បូងតែម្តង។ រដ្ឋាភិបាលព្រុយណេ តាមសេចក្តីថ្លែងការណ៍ដដែល បានប្រកាសជំហរមិនប្រែប្រួលក្នុងការអនុវត្តយន្តការពីរផ្លូវដើម្បីដោះស្រាយបញ្ហាអធិបតេយ្យមួយនេះ។
ក្នុងជំហររបស់ព្រុយណេ ដែលជារដ្ឋសម្បូរហូរហៀរដោយធនធានធម្មជាតិ រ៉ែ ប្រេង និងមាសជាដើមនោះ បានស្នើឲ្យមានការជជែកបញ្ហាដោយជាលក្ខណៈទ្វេភាគី រវាងប្រទេសដែលមានជាប់ពាក់ព័ន្ធបញ្ហាដោយផ្ទាល់តាមរយៈកិច្ចសន្ទនាសន្តិវិធី និងការពិគ្រោះយោបល់។
មួយទៀតនោះ ព្រុយណេ ចង់ឲ្យភាគីពាក់ព័ន្ធចរចាលើបញ្ហាសមុទ្រចិនខាងត្បូង ដោយប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងបទដ្ឋានអន្តរជាតិផ្សេងៗ។ ការរក្សាភាពចាស់ទុំ, សន្តិភាព និងភាពជាធ្នុងមួយ, ការកសាងទំនុកចិត្ត និងការបង្កើនការទុករួមក្នុងតំបន់ ក៏ជាអ្វីដែលព្រុយណេរំពឹងពីប្រទេសពាក់ព័ន្ធដូចគ្នាផងដែរ។
គួរជម្រាបបន្តិចថា ជម្លោះសមុទ្រចិនខាងត្បូង គឺជាបញ្ហាអធិបតេយ្យមួយ ដែលមានរដ្ឋអាស៊ានជាប់ពាក់ព័ន្ធដោយផ្ទាល់រួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ សម្រាប់រដ្ឋអាស៊ាន ការប្រើប្រាស់ច្បាប់អន្តរជាតិ គឺជាជម្រើសល្អបំផុតសម្រាប់ការដោះស្រាយបញ្ហា ខណៈភាគីចិន ដែលបានទាមទារគ្រប់គ្រងតំបន់ជម្លោះនោះស្ទើរតែទាំងស្រុងនោះ តែងតែយកអំណះអំណាងប្រវត្តិសាស្ត្រមកអនុវត្ត។
កន្លងមក ព្រុយណេ ត្រូវបានកត់សម្គាល់ជារដ្ឋភាគីនៃជម្លោះ ដែលមានជំហរស្ងប់ស្ងាត់បំផុត។ ពោលគឺ ព្រុយណេ កម្រនឹងចេញសេចក្តីថ្លែងការណ៍ណាមួយពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង ក្រៅពីវេទិការបស់អាស៊ានណាស់។ ខុសពីម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ដែលជានិច្ចកាលចេញសេចក្តីថ្លែងការណ៍តវ៉ា និងថ្កោលទោសចិន នៅពេលដែលចិន ធ្វើសកម្មភាពនៅក្នុងសមុទ្រចិនខាងត្បូង៕
Tag:
ព្រុយណេ
អាស៊ាន
ចិន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com