COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
វៀតណាម ហាម​ជនបរទេស​ចូល​ក្រុង​ដា​ណា​ង បន្ទាប់ពី​មាន​ករណី​ឆ្លង COVID-19 ក្នុងស្រុក​ថ្មី​
27, Jul 2020 , 10:33 am        
រូបភាព
វៀតណាមផ្អាកសកម្មភាពខ្លះក្នុងក្រុងDanang បន្ទាប់ពីមានករណីឆ្លងCOVID-19 ក្នុងស្រុកថ្មី។ រូបភាព៖ AFP
វៀតណាមផ្អាកសកម្មភាពខ្លះក្នុងក្រុងDanang បន្ទាប់ពីមានករណីឆ្លងCOVID-19 ក្នុងស្រុកថ្មី។ រូបភាព៖ AFP
​វៀតណាម នៅ​ថ្ងៃទី​២៦ ខែកក្កដា បាន​ដាក់ចេញ​វិធានការ​មួយចំនួន​ជាថ្មី​នៅក្នុង​ទីក្រុង​Danang  ដើម្បី​ទប់ស្កាត់ COVID-19​។ ការដាក់ចេញ​វិធានការ​ការពារ​នេះ ធ្វើឡើង​បន្ទាប់ពី​វៀតណាម មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ក្នុងស្រុក​ជាថ្មី ដែល​មិនដឹង​ពី​ប្រភព​ចម្លង​។

 
​ទីក្រុង​ដា​ណា​ង នៅ​ថ្ងៃទី​២៥ ខែកក្កដា បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ក្នុងស្រុក ១​ករណី​ដែលជា​លើកដំបូង​ក្នុង​រយៈពេល​៩៩​ថ្ងៃ​។ មនុស្ស​យ៉ាងហោចណាស់ ១០៣​នាក់ មាន​ទាក់ទង​ជាមួយ​អ្នកជំងឺ​ថ្មី​នេះ ប៉ុន្តែ​ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​មាន​លទ្ធផល​អវិជ្ជមាន​។ នៅ​ថ្ងៃទី​២៦ ខែកក្កដា ទីក្រុង​ទេសចរណ៍​មួយ​នេះ បាន​រាយការណ៍​ពី​ករណី​ឆ្លង​COVID-19 ៣​ករណី​ទៀត ដោយ​មិនដឹង​ពី​ប្រភព​នៃ​ករណី​ឆ្លង​ដដែល​។ 
 
​ទាក់ទិន​នឹង​ករណី​ឆ្លង​ក្នុងស្រុក​ជាថ្មី​នេះ អាជ្ញាធរ​ក្រុង បាន​ដាក់ចេញ​វិធានការ​មួយចំនួន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​COVID-19 នៅក្នុង​ក្រុង​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam Express ក្រុង​ដា​ណា​ង បាន​ផ្អាក​ទទួលភ្ញៀវ​ទេសចរ​រ​យៈ​ពេល ១៤​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៦ ខែកក្កដា​។ លើសពីនេះ អាជ្ញាធរ បាន​ហាម​មិន​ឲ្យ​មានការ​ជួបជុំ​លើសពី ៣០​នាក់ និង​ជំរុញ​ឲ្យ​ប្រជាជន​ចេះ​រក្សា​គម្លាត​សុវត្ថិភាព និង​ពាក់​ម៉ាស់​។ 
 
​ក្រៅពី​ហាម​ប្រជាជន អាជ្ញាធរ​ក្រុង ក៏បាន​បិទ​សកម្ម​ភាពមិន​សំខាន់​មួយចំនួន​ផងដែរ ដូចជា ឧទ្យាន​កម្សាន្ត ហាង​អ៊ុតសក់ ខារ៉ាអូខេ កន្លែង​ម៉ាស្សា និង​បារ​ជាដើម​។ ចំណែក​ព្រឹត្តិការណ៍​សាសនា កីឡា និង​វប្បធម៌ ក៏ត្រូវ​ផ្អាក​ផងដែរ​។ 
 
​លើសពីនេះ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ួ​ន​ហ្វុ​ក បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​វៀតណាម​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ ស្វែងរក និង​ស៊ើបអង្កេត ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងអស់ មក​ដាក់​ច​ត្តា​ឡី​ស័ក និង​ពិន័យ​ជា​ប្រាក់​ទៅតាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​។ ទន្ទឹមនេះ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម ក៏បាន​ជំរុញ​ឲ្យ​ក្រសួងការពារជាតិ និង​ក្រសួង​សន្តិសុខ​សាធារណៈ បន្ត​រឹតត្បិត​ការធ្វើ​ដំណើការ​ចូលមក​វៀតណាម ជាពិសេស​នៅតាម​ច្រកទ្វារព្រំដែន​តែម្តង ដើម្បី​ទប់ស្កាត់ COVID-19 ។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ វៀតណាម​មាន​ករណី COVID-19 សរុប​ចំនួន ៤២០​ករណី និង​មិនមាន​ករណី​ស្លាប់​ឡើយ​។ ចំណែក​ករណី​ជាសះស្បើយ​នៅ​វៀតណាម​មាន​ចំនួន ៣៦៥​នាក់​។ ប្រជាជន​ច្រើនជាង ១១០០០​នាក់ ត្រូវបាន​គេ​ដាក់​ច​ត្តា​ឡី​ស័ក ក្នុងចំណោម​នេះ ប្រជាជន​២២០​នាក់ ត្រូវដាក់​នៅ​មន្ទីរពេទ្យ និង​អ្នក​ផ្សេងទៀត ត្រូវដាក់​នៅ​ម​ណ្ឌា​ល​ច​ត្តា​ឡី​ស័ក ឬ​នៅផ្ទះ​។ បើតាម​វេ​ប​សាយ​Worldometer វៀតណាម​បានធ្វើ​តេស្ត​សរុប​២៧​ម៉ឺន​ដង​៕ 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com