ជាតិ
សង្គមជាតិ
សង្គមស៊ីវិល៖ ពលរដ្ឋជាង១ពាន់គ្រួសារ ប្រឈមការបណ្តេញចេញ ពីតំបន់បឹងទំពុន ដោយសារគម្រោងអភិវឌ្ឍ
27, Jul 2020 , 1:05 pm        
រូបភាព
រូបពីគណនីហ្វេសប៊ុកឈ្មោះ Khemarin Cambodia
រូបពីគណនីហ្វេសប៊ុកឈ្មោះ Khemarin Cambodia
អង្គការលីកាដូ (LICADHO) អង្គការសមធម៌កម្ពុជា (EC) សមាគមធាងត្នោត (STT) និង បណ្តាញយុវជនកម្ពុជា (CYN) បានចេញរបាយការណ៍ស្រាវជ្រាវរួមគ្នាមួយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្តីពីផលប៉ះពាល់ទៅលើប្រជាពលរដ្ឋនិងបរិស្ថាន ដោយសារគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន នៅតំបន់បឹងទំពុន ឬតំបន់បឹងជើងឯក ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ។



អង្គការ-សមាគមទាំង៤ វាយតម្លៃក្នុងរបាយការណ៍ថា ប្រជាពលរដ្ឋជាង១ពាន់គ្រួសារបន្ថែមទៀត ដែលរស់នៅក្នុងតំបន់បឹងទំពុន កំពុងប្រឈមនឹងការបណ្តេញចេញ ការបាត់បង់ប្រាក់ចំណូល និង អសន្តិសុខស្បៀង ខណៈគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជននានា ដូចជា អាយ អិន ជី ស៊ីធី (ING City), ជីបម៉ុង, អ៊ីអនម៉ល, អ័រគីដេវីឡា, និង បុរីប៉េងហួត ជាដើម កំពុងធ្វើឲ្យប៉ះពាល់តំបន់បឹងទំពុន។

បើតាមរបាយការណ៍ ក្រៅពីប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន ក៏ធ្វើឲ្យប៉ះពាល់ខ្លាំងដល់បរិស្ថានដែរ។ អង្គការ-សមាគមទាំង៤ ហ៊ានអះអាងថា ប្រជាពលរដ្ឋជាង១លាននាក់ ក្នុងរាជធានីភ្នំពេញ ប្រឈមនឹងការកើនឡើងនៃទឹកជំនន់ ដោយសារតែគម្រោងអភិវឌ្ឍនៅតំបន់បឹងទំពុន។

អង្គការ-សមាគមទាំង៤ បញ្ចេញមតិរួមគ្នា ដូច្នេះថា៖«របាយការណ៍ថ្មី បង្ហាញពីការរំលោភសិទ្ធិមនុស្ស និង ការបំផ្លាញបរិស្ថាន នៅពេលការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន គំរាមកំហែងធ្វើឲ្យមានជន់លិចនៅក្នុងរាជធានីភ្នំពេញ»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល មិនអត្ថាធិប្បាយឡើយ ដោយលោក លើកហេតុផលថា មិនមានព័ត៌មានពីរឿងនេះ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ លោក គ្រាន់តែនិយាយយ៉ាងខ្លីថា៖«ការអភិវឌ្ឍក្រុងហ្នឹង វាឆ្លើយតបនឹងតម្រូវការរបស់អ្នកមករស់នៅក្នុងទីក្រុង»។

អ្នកនាំពាក្យរដ្ឋាភិបាល រុញឲ្យទៅសួរក្រសួងបរិស្ថាននិងសាលារាជធានីភ្នំពេញ ដែលពាក់ព័ន្ធនឹងរឿងនេះ។ តែលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន មិនលើកទូរស័ព្ទ ហើយលោក ម៉េត មាសភក្តី មិនអាចផ្តល់ចម្លើយបាន ព្រោះជាប់ប្រជុំ។ ឯលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី ក៏មិនលើកទូរស័ព្ទដែរ។

យ៉ាងណា ក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា ប្រមុខរដ្ឋាភិបាល ជាអ្នករំដោះប្រជាជនពីរបបខ្មែរក្រម ដូច្នេះ គ្មានហេតុផលណា ដែលប្រមុខរដ្ឋាភិបាល ត្រូវយកពួកគាត់  ឲ្យមករស់នៅក្នុងភាពក្រីក្រឡើយ។

លោក លើកពីចំណុចល្អរបស់ប្រមុខរដ្ឋាភិបាលថា តែងមានក្តីសន្តោសចំពោះប្រជាពលរដ្ឋក្រីក្រ តាមរយៈការផ្តល់ដីធ្លី។ លោក ក៏បានរំលេចពីការប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋដែរ ដូចជា នៅបុរីកីឡានិងនៅបឹងកក់ជាដើម។ លោក បន្ថែមថា រាល់ការដោះស្រាយលើទំនាស់ដីធ្លី គឺត្រូវធ្វើតាមច្បាប់និងសិទ្ធិលំនៅឋាន។

ក្នុងសន្និសីទសារព័ត៌មាននាពេលនោះ លោកអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍បែបនេះថា៖«បើ គាត់អត់ផ្ទះនៅពិតប្រាកដ ត្រូវរកទីតាំងណាមួយឲ្យរស់នៅ តូចឬធំ ត្រូវមានជម្រក...»។

មុនចេញរបាយការណ៍ ក្រុមអង្គការ-សមាគមទាំង៤ ដែលធ្វើការលើវិស័យសិទិ្ធមនុស្ស និងបរិស្ថាន បានស្ទង់មតិជាមួយនឹងប្រជាពលរដ្ឋ៤៦៩គ្រួសារ រស់នៅក្នុងតំបន់បឹងទំពុននិងទន្លេ ហើយលទ្ធផលដែលទទួលបាន គឺពួកគាត់ បង្ហាញក្តីបារម្ភពីផលប៉ះពាល់ក្នុងតំបន់បឹងទំពុននេះ។ លើសពីនេះ ប្រជាសហគមន៍រាប់រយគ្រួសារនៅតំបន់បឹងទំពុន មិនមានប័ណ្ណកម្មសិទ្ធិដីធ្លី មិនសូវបានទទួលបានប័ណ្ណក្រីក្រ និង កំពុងជំពាក់បំណុល ហើយគ្រួសារស្ទើរតែទាំងអស់ មិនទទួលបានការពិគ្រោះយោបល់ ស្តីពីគម្រោងអភិវឌ្ឍនានារបស់ក្រុមហ៊ុនឯកជនឡើយ។

អង្គការ-សមាគមទាំង៤ បានឲ្យដឹងថា តំបន់បឹងទំពុន មានផ្ទៃសរុបប្រមាណ១,៥ពាន់ហិកតា កំពុងជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកាកសំណល់ និងការពារទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ។

អង្គការ-សមាគមទាំង៤ បន្តថា តំបន់បឹងទំពុន ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានកាត់និងបែងចែកទៅឲ្យក្រុមហ៊ុនឯកជននានា ដោយសារតែមានអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៅចន្លោះ ឆ្នាំ២០១៧ និងឆ្នាំ២០១៩។

អង្គការ-សមាគមទាំង៤ ព្យាករទុកយ៉ាងដូច្នេះថា៖«...ផ្ទៃតំបន់បឹងទំពុន ពីមុនមានទំហំយ៉ាងហោចណាស់១,៥ពាន់ហិកតា ប៉ុន្តែ ឥឡូវនេះ គ្រោងនឹងត្រូវកាត់មកនៅត្រឹមទំហំ១០៧ហិកតាតែប៉ុណ្ណោះ»។

ដោយក្តីបារម្ភទាំងនេះ អង្គការ-សមាគមទាំង៤ ស្នើឲ្យផ្អាកជាបណ្តោះអាសន្ននូវគម្រោងអភិវឌ្ឍនានា នៅតំបន់បឹងទំពុន។

របាយការណ៍របស់អង្គការ-សមាគមទាំង៤ មិនបានបង្ហាញតួលេខជាក់លាក់ឡើយថា បច្ចុប្បន្ន ផ្ទៃតំបន់បឹងទំពុន នៅសល់ប៉ុន្មានហិកតា ដែលមិនទាន់លុប។ ការដែលអង្គការ-សមាគមទាំង៤ ហ៊ានសន្និដ្ឋានថា ទៅថ្ងៃខាងមុខ ផ្ទៃតំបន់បឹងទំពុន អាចនៅសល់ត្រឹមតែជាង១០០ហិកតា គឺផ្អែកលើតួលេខនៃផ្ទៃតំបន់បឹងទំពុន ដែលក្រុមហ៊ុនឯកជននីមួយៗ កំពុងទទួលបាន។

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះថា៖«ឥឡូវនេះ យើងអត់ទាន់មាន [តួលេខថា ផ្ទៃតំបន់បឹងទំពុន នៅសល់ប៉ុន្មានហិកតា] ទេ។ យើងគិតនេះ គឺគិតទៅលើផ្ទៃដី [តំបន់បឹងទំពុន] ដែលក្រុមហ៊ុនវិនិយោគ ទទួលបាន។ ថ្ងៃអនាគត បើក្រុមហ៊ុន លុបតាមគម្រោង គឺនៅសល់ប៉ុណ្ណឹង [ជាង១០០ហិកតា]»។

មន្រ្តីអង្គការលីកាដូរូបនេះ អាចត្រឹមដឹងថា បច្ចុប្បន្ន ផ្ទៃតំបន់បឹងទំពុនជាងពាក់កណ្តាលហើយ ដែលត្រូវបានលុប។ មិនខុសពីរបាយការណ៍ លោក ស្នើឲ្យរដ្ឋាភិបាលពិចារណាឡើយវិញ ហើយផ្អាកការអភិវឌ្ឍជាបណ្តោះអាសន្នសិន នៅតំបន់បឹងទំពុន។

បើតាមរបាយការណ៍ដដែល តំបន់បឹងទំពុន បម្រើផលប្រយោជន៍សាធារណៈសំខាន់២យ៉ាង គឺ ទី១ កាត់បន្ថយទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដោយបឹងនេះ រក្សាទុកទឹកភ្លៀងដែលហូរចេញពីរាជធានីភ្នំពេញ និងទី២ ដើរតួនាទីប្រព្រឹត្តកម្មទឹកកខ្វក់ ដែលហូរចេញពីរាជធានីភ្នំពេញ មុនពេលហូរចូលទៅក្នុងទន្លេបាសាក់។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គ្រោងនឹងផ្តល់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មានតម្លៃខ្ពស់ ដែលអាចធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បានតិចជាង២ភាគរយ នៃទឹកកខ្វក់ ដែលកំពុងហូរចូលក្នុងតំបន់បឹងទំពុនជារៀងរាល់ថ្ងៃ។

អង្គការ-សមាគមខាងលើ រកឃើញថា ដីខ្សាច់ភាគច្រើន ដែលចាក់លុបតំបន់បឹងទំពុន ត្រូវបានបូមចេញពីទន្លេមេគង្គ និងទន្លេបាសាក់ ហើយបរិមាណដីខ្សាច់ ដើម្បីបំពេញនៅតំបន់បឹងទំពុន ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនច្រើនជាង១០០លានតោន។ អង្គការ-សមាគមទាំងនោះ លើកឡើងថា ការបូមខ្សាច់ចេញពីទន្លេនេះ បង្កជាហានិភ័យយ៉ាងខ្លាំង ដល់បរិស្ថាន និងប្រជាជនក្នុងតំបន់ដែលរស់នៅក្បែរនោះ។

គេ ក៏កំពុងបារម្ភពីការលុបបឹងតាមោក នៅខាងជើងរាជធានីភ្នំពេញដែរ។ មកដល់ពេលនេះ ផ្ទៃបឹងតាមោក ត្រូវបានកាត់ទៅឲ្យស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន អស់ចំនួន៤លើកហើយ ដែលសរុបមានប្រមាណ៤៣០ហិកតា ក្នុងចំណោមផ្ទៃបឹងទាំងមូលជាង៣,២ពាន់ហិកតា។ យ៉ាងណា ការអភិវឌ្ឍឬការកសាងសំណង់ណាមួយ លើផ្ទៃបឹងតាមោក ដែលត្រូវបានកាត់នោះ មិនទាន់លេចជារូបរាងនៅឡើយទេ។

កាលពីចុងខែមិថុនា ឆ្នាំ២០២០ សមាគមធាងត្នោត ក៏បានចេញរបាយការណ៍មួយដែរ ស្តីពីការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅឋាន។ សមាគមធាងត្នោង អះអាងក្នុងរបាយការណ៍នោះថា រយៈពេល៣ខែចុងក្រោយនេះ ប្រជាពលរដ្ឋក្រីក្រមិនតិចជាង១០០គ្រួសារឡើយ នៅតាមសហគមន៍ផ្សេងៗ ក្នុងរាជធានីភ្នំពេញ ត្រូវបណ្តេញចេញពីលំនៅឋាន ខណៈពួកគាត់ កំពុងស្ថិតក្នុងស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ច និងស្ថិតក្នុងភាពងាយរងគ្រោះបំផុត ដែលបង្កឡើងដោយការរាលដាលនៃជំងឺកូវីដ-១៩។

សមាគមធាងត្នោត ស្នើឲ្យរដ្ឋាភិបាល ចាត់វិធានការបញ្ឈប់រាល់សកម្មភាពនៃការបណ្តេញចេញ ក្នុងអំឡុងពេលពិភពលោកកំពុងមានវិបត្តិ និងផ្តល់ការពិគ្រោះយោបល់ដល់ប្រជាសហគមន៍ក្នុងស្ថានភាពមានជំងឺកូវីដ-១៩នេះ។

សមាគមធាងត្នោត នៅមានរបាយការណ៍មួយផ្សេងទៀត ស្តីពីការលុបបឹងនានានៅរាជធានីភ្នំពេញ។ របាយការណ៍របស់សមាគមធាងត្នោត ដែលចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៩ បង្ហាញថា បឹងទាំង២៦នៅរាជធានីភ្នំពេញ សុទ្ធតែត្រូវបានចាក់ដីលុប ដោយក្នុងនោះ បឹង១៦ ត្រូវបានលុបទាំងស្រុង និងបឹង១០ទៀត ត្រូវបានលុបនៅផ្នែកខ្លះ។

សមាគមធាងត្នោត មើលឃើញថា ការលុបបឹងនេះ ធ្វើឲ្យប៉ះពាល់ជីវចម្រុះ បរិស្ថាន បង្កឲ្យមានទឹកជំនន់ ហើយប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ប្រឈមនឹងការគំរាមកំហែង រួមទាំងបាត់បង់លំនៅឋាន៕

Tag:
 បឹងទំពុន
  ការលុបបឹង
  ការបណ្តេញពលរដ្ឋពីលំនៅឋាន
© រក្សាសិទ្ធិដោយ thmeythmey.com