ពីនេះ ពីនោះ
សុខភាព
ងាយ​ណាស់​! ចង់​ស្រក​ទម្ងន់​? កុំ​រំលង​អាហារ​មាន​ផ្ទុក​កាឡូរី​ទាប​ទាំងនេះ​
27, Jul 2020 , 6:59 pm        
រូបភាព
​ការកាត់បន្ថយ​ការ​ទទួលទាន​កាឡូរី​អាចជា​រឿង​ពិបាក​បំផុត​មួយ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​ភាគច្រើន​។​នេះ​ក៏​ព្រោះតែ​អាហារ​មាន​ផ្ទុក​កាឡូរី​ទាប​មួយចំនួន​អាច​បណ្ដាលឱ្យ​ឆាប់​ឃ្លាន​វិញ​។ គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​អាហារ​មួយចំនួន​ដែល​មិន​ត្រឹម​តែមាន​ផ្ទុក​កាឡូរី​ទាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាចជួយ​ឱ្យ​ឆ្អែត​បានយូរ​ទៀតផង ៖

 
១. ផ្លែ​ប៉ោម​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​និង​ជាតិ​ស​សៃ ប៉ុន្តែ​កាឡូរី​ទាប​ដែលជា​ជម្រើស​នៃ​អាហារសម្រន់​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​ដោយ​វា​ជួយ​ឱ្យ​ឆាប់​ឆ្អែត ហើយ​ឆ្អែត​បានយូរ​។ ម្យ៉ាងវិញទៀត​ការទទួល​ទាន​ផ្លែ​ប៉ោម​ជួយ​ទប់​ចំណង់​អាហារ​តាមរយៈ​សារធាតុ pectin ដែល​វា​មាន​ផ្ទុក​។ ផ្លែឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន ក៏ដូចជា​ជាតិ​រ៉ែ​សំខាន់ៗ​ផងដែរ​។​
 
២. ត្រសក់​
 
​មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​ដែល​ជួយ​ឱ្យ​ឆាប់​ឆ្អែត ហើយ​ឆ្អែត​បានយូរ​។ អ្វីដែល​សំខាន់​ទៀត​នោះ គឺ​ត្រសក់​ថែមទាំង​មាន​ផ្ទុក​កាឡូរី​ទាប ប៉ុន្តែ​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​គ្រប់គ្រង​ទម្ងន់​និង​កម្ចាត់​ខ្លាញ់​ដែល​លើស​។ ត្រសក់​ជា​ជម្រើស​នៃ​បន្លែ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​កម្ចាត់​ខ្លាញ់​ក្បាលពោះ​។​
 
៣. ឪឡឹក​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក ព្រមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ប្រយុទ្ធប្រឆាំង​រ៉ាឌីកាល់​សេរី​ផងដែរ​។​
 
៤. ប៉េងប៉ោះ​
 
​ប៉េងប៉ោះ​មាន​ផ្ទុក​កាឡូរី​ទាប​បំផុត ប៉ុន្តែ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ល្អ​ណាស់​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។​
 
៥. ទំពាំងបាយជូរ​
 
​ទំពាំងបាយជូរ​មួយ​ពែង​មាន​ផ្ទុក​កាឡូរី ៦២ កាឡូរី​។ ក្រៅពីនេះ​ទំពាំងបាយជូរ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ដែល​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ចាំបាច់​សម្រាប់​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារ​ផងដែរ​។​
 
៦. ខ្ញី​
 
​បន្លែ​មើម​នេះ​មាន​ផ្ទុក​កាឡូរី​ទាប និង​ជា​ភ្នាក់ងារ thermogenic មាន​ប្រសិទ្ធិភាព​បង្កើន​ការរំលាយ​អាហារ ព្រមទាំង​ដុត​រំលាយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការបង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​។ ខ្ញី​មាន​សមត្ថភាព​បង្កើន​ការរំលាយ​អាហារ​និង​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ប្រសើរ​បំផុត​ជួយ​ក្នុងការ​សម្រក​ទម្ងន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com