កីឡាជាតិ
ជាតិ
វិសាខា​លត់​អាស៊ី​អឺរ៉ុប ១០-១ ខណៈ​ស្វាយរៀង​បន្ត​គ្រង​កំពូល​តារាង​ជាមួយ​កំណត់ត្រា​មិន​ស្គាល់​ចាញ់​
27, Jul 2020 , 4:08 pm        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយអង្គរថាយហ្គឺរនៅកីឡដ្ឋានខេត្តស្វាយរៀង, រូបភាពផ្តល់ដោយ CNCC
សកម្មភាពប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀងជាមួយអង្គរថាយហ្គឺរនៅកីឡដ្ឋានខេត្តស្វាយរៀង, រូបភាពផ្តល់ដោយ CNCC
ដោយ:
​ក្រុមបាល់ទាត់​វិសាខា​បាន​លត់​ក្រុម​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ១០-១ នា​ជំនួប​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ខណៈ​កីឡាករ​ពីររូប​សម្រេច​បាន Hat-Trick រៀងៗ​ខ្លួន​។ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​គ្រង​កំពូល​តារាង​ប្រចាំ​សប្តាហ៍​ទី​៩ ក្រោយ​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ២-០ ខណៈ​ជ័យជម្នះ​នេះ ជួយ​ឲ្យ​ពួកគេ​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​។​

 
​គ្រាប់​បាល់​ចំនួន​១១​គ្រាប់​ត្រូវបាន​ស៊ុត​បញ្ចូល​ទី​គ្នា្ន​ក្នុងជំនួប​រវាង​ក្រុម​វិសាខា​ជាមួយ​អាស៊ី​អឺរ៉ុប​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ក្នុង​មួយ​ប្រកួត​ក្រុម​ទាំងពីរ​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​លើសពី​១០​គ្រាប់ បន្ទាប់ពី​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ១០-០ កាលពី​សប្តាហ៍​ទី​៦​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ជ័យជម្នះ ១០-១ របស់​ម្ចាស់ផ្ទះ​វិសាខា​លើ​ភ្ញៀវ​អាស៊ី​អឺរ៉ុប ខ្សែប្រយុទ្ធ កែវ សុខ​ផេង និង​កីឡាករ Mihaljevic Folp សម្រេចបាន​៣​គ្រាប់​ម្នាក់ឯង​(Hat-Trick)​រៀងៗ​ខ្លួន​។  
 
​នា​ជំនួប​នៅ​កីឡដ្ឋាន​វិសាខា​នៅ​ទី​២៥ កក្កដា ខ្សែប្រយុទ្ធ រ៉ឹង ប៊ុន​ហៀ​ង បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​វិសាខា​ក្រោយ​ការប្រកួត​ដំណើរការបាន​៧​នាទី​។ ៣​នាទី​ក្រោយមក​កីឡាករ កែវ សុខ​ផេង សម្រេច​គ្រាប់​ទី​២​សម្រាប់​ម្ចាស់ផ្ទះ មុន​កីឡាករ Mihaljevic Folp បន្ថែម​មួយគ្រា​ប់​ទៀត ដើម្បី​បង្កើត​ការ​នាំមុខ​អាស៊ី​អឺរ៉ុប ៣-០ នៅ​នាទី​៣៥​។ គ្រាប់​ទី​៤​សម្រាប់​ម្ចាស់ផ្ទះ​វិសាខា​បានកើត​ឡើង​៤​នាទី​បន្ទាប់ ក្រោយ​ខ្សែប្រយុទ្ធ កែវ សុខ​ផេង សម្រេចបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​មុន​បញ្ចប់​វគ្គ​ទី​១​។ 
 
​ឈានដល់​វគ្គ​ទី​២​នៅ​នាទី​៥៥ ខ្សែប្រយុទ្ធ Mihaljevic Folp សម្រេចបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន ដែលជា​គ្រាប់​បាល់​ទី​៥​សម្រាប់​វិសាខា មុន​ខ្សែបម្រើ​អា​ហ្វ​ហ្គា​នី​ស្ថាន Zazai Mustafa បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​នាទី​៥៩​។ គ្រាប់​បាល់​តាម​ពីក្រោយ ១-៦ សម្រាប់​ភ្ញៀវ​អាស៊ី​អឺរ៉ុប​បានកើត​ឡើង​នៅ​នាទី​៧០ ដែល​រកបាន​ដោយ​កីឡាករ Abbee NDjoo Hurber​។ ១២​នាទី​ក្រោយមក​កីឡាករ កែវ សុខ​ផេង សម្រេច​គ្រាប់​បាល់​ទី​៧​ឲ្យ​វិសាខា ដែលជា​គ្រាប់​បាល់​ទី​៣​របស់គេ​។ 
 
​ការប្រកួត​ដំណើរការបាន​២​នាទី​កីឡាករ ង​យ ស្រ៊ី​ន បានរួម​ចំណែក​មួយគ្រា​ប់​បន្ថែម ដើម្បី​បង្កើន​ការនាំ​មុខ ៨-១ ឲ្យ​វិសាខា មុន​ខ្សែប្រយុទ្ធ Mihaljevic Folp សម្រេចបាន Hat-Trick ដែលជា​គ្រាប់​បាល់​ទី​៩​របស់​វិសាខា មុន​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Ajayi Opeyemi Korede សម្រេច​គ្រាប់​ជ័យជម្នះ ១០-១ នៅ​ចុង​វគ្គ​ទី​ពីរ​(៩០+២)​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​វិសាខា​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៣​បណ្តោះអាសន្ន​ដោយមាន​១៩​ពិន្ទុ ប្រចាំ​សប្តាហ៍​ទី​៩​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ខ​ខេ​ម​បូ​ឌា​ន​លី​គ​។​
 
​ដោយឡែក ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់ ក្រោយ​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ២-០ នៅលើ​ទឹកដី​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ កក្កដា ឆ្នាំ​២០២០​។ ខ្សែប្រយុទ្ធ Jean Marie Privat Befolo Mbarga និង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Pedro Augusto ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ បន្ត​គ្រង​កំពូល​តារាង​បណ្តោះអាសន្ន​មាន​២២​ពិន្ទុ ជាមួយ​កំណត់ត្រា​ឈ្នះ​៧ ស្មើ​១​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ កក្កដា នោះដែរ ក្រុម​កងយោធពល​ខេមរភូមិន្ទ​បាន​យកឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ៣-០​។ គ្រាប់​បាល់​ជ័យជម្នះ​ទាំងនេះ​រួមចំណែក​ម្នាក់​១​គ្រាប់​ពី​កីឡាករ ជឿ​ម ចាន់​រឿន​, ណា​រ៉ុង កក្កដា និង Yannick Francois Nduomene​។ ទ័ព​បន្ត​ឈរ​លេខ​រៀង​ទី​៧​ដោយមាន​១៤​ពិន្ទុ​។ 
 
​បឹងកេត​បាន​ឡើងទៅ​ឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៩ ក្រោយ​ធ្វើ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ខកចិត្ត​ជាមួយ​បរាជ័យ ៣-១​។ នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ បឹងកេត​បាន​បើកទ្វារ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​ស្វាគមន៍​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន ដែលជា​ប្រកួត​ដ៏​ស្វិតស្វាញ និង​ទាក់ទាញ​ប្រចាំ​សប្តាហ៍ ក៏ដូចជា​សម្រាប់​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​។ 
 
​គ្រាប់​បាល់​ទី​១​បាន​កើតឡើង​ក្រោយ​ការប្រកួត​ដំណើរការបាន​៦​នាទី បន្ទាប់ពី​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ សម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ម្ចាស់ផ្ទះ​បឹងកេត​។ ការនាំ​មុខ​នេះ​មិនបាន​ធ្វើ​ឲ្យ​ភ្នំពេញ​ក្រោ​ន​បាត់បង់​ការព្យាយាម​រប​ស់​ខ្លួន​នោះទេ ពោលគឺ​ពួកគេ​បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ការដាក់​សម្ពាធ​លើ​ក្រុម​ម្ចាស់ផ្ទះ​។ គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​បាន​កើតឡើង​នៅ​នាទី​៥២ ដែល​សម្រេចបាន​ដោយ​កីឡាករ ប្រាក់ ធី​វ៉ា​។ 
 
​ឈានដល់​វគ្គ​ទី​ពីរ កីឡាករ ឱ ភា​រុណ បាន​បង្កើន​ការនាំ​មុខ ២-១ សាជាថ្មី​សម្រាប់​បឹងកេត​នៅ​នាទី​៦៣​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​៩០​នាទី ប៉ុន្តែ​នៅ​នាទី​បន្ថែម ៩០+១ កីឡាករ ម៉ាត់ នូ​រុណ សម្រេចបាន​គ្រាប់​ទី​ពីរ ហើយក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ ៣-១ សម្រាប់​បឹងកេត​លើ​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​ផងដែរ​។ បរាជ័យ​នេះ​ធ្វើ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ធ្លាក់​ពី​លេខ​រៀង​ទី​២​មកឈរ​លេខ​រៀង​ទី​៤ ដោយ​រក្សា​១៨​ពិន្ទុ​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ នោះដែរ ក្រុម​អគ្គស្នងការ​ដ្នា​ន​នគរបាលជាតិ​ស្គាល់​ជ័យជម្នះ​ជា​លើកដំបូង ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា ៣-០​។ ជ័យជម្នះ ៣-០ ក៏​កើតឡើង​សម្រាប់​ណាហ្គា​វើ​ល​លើ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ផងដែរ​។ 
 
​គិត​ត្រឹម​សប្តាហ៍​ទី​៩ ព្រះខ័ន​រាជ​ស្វាយរៀង​បន្ត​ឈរ​កំពូល​តារាង​ដោយមាន​២២​ពិន្ទុ​, បឹងកេត​ឈរ​លេខ​២​មាន​២០​ពិន្ទុ​, វិសាខា​ឈរ​លេខ​៣​មាន​១៩​ពិន្ទុ​, ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​៤​មាន​១៨​ពិន្ទុ​, ណាហ្គា​វើ​ល​ឈរ​លេខ​៥​មាន​១៨​ពិន្ទុ​, អង្គ​រថា​យ​ហ្គឺ​រ​ឈរ​លេខ​៦​មាន​១៥​ពិន្ទុ ខណៈ​កងយោធពល​ខេមរភូមិន្ទ​, គីរីវង់​សុខ​សែន​ជ័យ​, អាស៊ី​អឺរ៉ុប​, អគ្គិសនី​កម្ពុជា​, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​, សូល​ទី​ឡូ​អង្គរ និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ឈរ​លេខ​រៀង​ជា​បន្តបន្ទាប់​៕  
   
 

Tag:
 បាល់ទាត់​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com