«ខារ៉ាអូខេ» តាមសំនៀងភាសាខ្មែរ ឬការ៉ាអុកិ (Karaoke) តាមភាសាជប៉ុនកំពុងពេញនិយមទាំងនៅកម្ពុជា និងនៅសកលលោក ប៉ុន្តែសម្រាប់នៅកម្ពុជា មនុស្សភាគច្រើនពុំបានដឹង ឬយល់អត្ថន័យ នៃពាក្យខារ៉ាអូខេ ឬការ៉ាអុកិនេះទេ។
«ខារ៉ាអូខេ ឬការ៉ាអុកិ» គឺជាពាក្យពីរម៉ាត់នៃភាសាជប៉ុន ផ្សំចូលគ្នា គឺការ៉ា និងអុកិ។ ភាសាជប៉ុន ពាក្យថា ការ៉ា មានន័យថា ទទេ ឬគ្មាន។ ចំណែកពាក្យថា អុកិ មកពីភាសាបារាំង ថា អ័គកេះ ដែលខ្មែរយើងហៅថា តន្ត្រី ឬភ្លេង។ ដូច្នេះពាក្យថា ខារ៉ាអូខេ ឬការ៉ាអុកិ មានន័យថាកម្មវិធីដែលមានតែតន្ត្រី ឬភ្លេងទទេ។
ប្រសិនបើយើងទៅការ៉ាអុកិ មានន័យថាយើងទៅច្រៀងចម្រៀង ដែលមានតែភ្លេង ឬតន្ត្រីទទេ។ ប៉ុន្តែ សម្រាប់នៅកម្ពុជា ឬនៅប្រទេសផ្សេងៗមួយចំនួនទៀត ពេលទៅខារ៉ាអូខេ ឬការ៉ាអុកិ គឺទៅដើម្បីបានឱប ស្ទាបអង្អែល បានកេះកៀវ នារីក្មេងៗ ឬអាចឈានដល់សេវាផ្លូវភេទផងដែរ។
ការ៉ាអុកិ(Karaoke) ឬខារ៉ាអូខេ ត្រូវបានបង្កើតឡើងដោយលោកដាយស៊ូកិ អ៊ីណូអិ (DAISUKE INOUE) ជនជាតិជប៉ុន កាលពីអំឡុងឆ្នាំ១៩៧០ ហើយនៅឆ្នាំ១៩៧១ កម្មវិធីនេះ ចាប់ផ្តើមល្បីល្បាញខ្លាំងនៅទីក្រុងកូបេ និងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
លោកដាយស៊ូកិ អ៊ីណូអិ ជាក្រុមតន្ត្រីមួយប្រចាំក្លឹបកម្សាន្តនៅទីក្រុងអូសាកា ប្រទេសជប៉ុន។ លោកពុំមែនជាអ្នកជំនាញខាងតន្ត្រីទេ តែលោកបង្កើតជាខារាអូខេ ឬការ៉ាអុកិ នេះ គឺធ្វើទៅតាមសំណើ របស់ប្រធានក្រុមហ៊ុនម្នាក់ ដែលគេមិនបង្ហាញឈ្មោះ ចង់ច្រៀងលេងម្នាក់នៅពេលខ្លួនអផ្សុក។ ប្រធានក្រុមហ៊ុនេះ ស្នើឲ្យលោកដាយស៊ូកិ អ៊ីណូអិ ប្រគុំតន្ត្រី ក្នុងក្លឹប ដើម្បីគាត់ច្រៀងម្នាក់ឯង។
លោកដាយស៊ូកិ អ៊ីណូអិ មានអារម្មណ៍ថា ប្រសិនបើគេអាចច្រៀងម្នាក់ឯងបាន ម្តេចក៏យើងមិនរកវិធី បំពាក់បច្ចេកវិជ្ជាថ្មីទៅម៉ាស៊ីនចាក់ថាស ហើយច្រៀងតែម្នាក់ឯងខាងក្រៅក្លឹបទៅ?។ ចាប់ពីពេលនោះមកលោក និងសហការី បានបង្កើតបន្ទប់សម្រាប់ច្រៀងជាឯកជន ចំនួន១១បន្ទប់ ដោយបំពាក់គ្រឿងបរិក្ខារ មានកាស្សែត មានអំភ្លី និងចាប់ផ្តើមចុះកិច្ចសន្យាជួលម៉ាស៊ីនចាក់តាមរង្គសាល ក្នុងទីក្រុងកូបេ នៅឆ្នាំ១៩៧១។
លោកអ៊ីណូអិ បានធ្វើឲ្យការខ្មាសអៀនរបស់ប្រជាជនជប៉ុន ដែលមិនហ៊ានច្រៀង មានការផ្លាស់ប្តូរ ចាប់ពីពេលនោះមក ហើយពិភពលោកទាំងមូល ក៏ទទួលយកកម្មវិធីរបស់លោកទៅធ្វើអាជីវកម្មដោយសេរី ប៉ុន្តែប្រហែលដោយសារបញ្ហាកម្មសិទ្ធិបញ្ញា សព្វថ្ងៃលោកស្ទើរតែពុំមានអ្វីសោះ។ ឯក្រុមហ៊ុន ខារ៉ាអូខេ ដែលលោកប្រគល់ឲ្យប្អូនប្រុស របស់លោកគ្រប់គ្រងនោះ បានបិទទ្វារទៅហើយ។ លោកអ៊ីណូអិ និយាយថា ខ្ញុំជាអ្នកបង្កើតជាម៉ែឪខារ៉ាអូខេ តែឥឡូវខ្ញុំបានបោះបង់វាចោលហើយ។
បច្ចុប្បន្នពាក្យ«ខារ៉ាអូខេ» នេះមានពលរដ្ឋនៅក្នុងប្រទេសមួយចំនួន ព្រមទាំងពលរដ្ឋកម្ពុជានិយមហៅពាក្យម្យ៉ាងទៀតដែលមានន័យដូចនឹងពាក្យ«ខារ៉ាអូខេ»ដែរ គឺ«KTV»៕