ជាតិ
សង្គមជាតិ
រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ហាត់ប្រាណ​និង​លេង​កីឡា​តាម​ទីសាធារណៈ តែ​ក្លិប​ហាត់ប្រាណ​ឯកជន នៅ​បន្ត​បិទ
28, Jul 2020 , 10:22 am        
រូបភាព
រូបភាព សកម្មភាពពលរដ្ឋហាត់ប្រាណ​នៅតាមបណ្តោយ​​ផ្លូវ​ថ្មើរជើង​ដង​​ទន្លេ​ចតុមុខនា​វេលា​ម៉ោង​៦​ល្ងាច
រូបភាព សកម្មភាពពលរដ្ឋហាត់ប្រាណ​នៅតាមបណ្តោយ​​ផ្លូវ​ថ្មើរជើង​ដង​​ទន្លេ​ចតុមុខនា​វេលា​ម៉ោង​៦​ល្ងាច
ដោយ:
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ហាត់ប្រាណ​និង​លេង​កីឡា​នៅតាម​ទី​សា​ធាណៈ ក្នុង​រាជធានី​-​ខេត្ត និង​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​អូឡាំពិក​ឡើងវិញ​។ តែ​ការហាត់​ប្រាណ នៅតាម​ក្លិប​ហាត់ប្រាណ​ផ្សេងៗ សម្តេចនាយក​រដ្ឋមន្ត្រី​មិនទាន់​អនុញ្ញាត​ឡើយ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ដែល​ចេញ​នៅ​ថ្ងៃទី​២៨ ខែកក្កដា​។

 
​លោក ហង់​ជួន ណា​រ៉ុ​ន លើកឡើងថា ការ​ឈានដល់​ការអនុញ្ញាត​ឲ្យ​ពលរដ្ឋ ហាត់ប្រាណ​និង​លេង​កីឡា​ផ្សេងៗ​នៅតាម​ទីសាធារណៈ គឺ​ដោយសារតែ កម្ពុជា​អាច​គ្រប់គ្រង​លើ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​បានល្អ​ប្រសើរ​។ លោក បន្តថា ការអនុញ្ញាត​នេះ ជា​វិធី​ដ៏​ល្អ​សម្រាប់​ឲ្យ​ពលរដ្ឋ​អាច​ហាត់ប្រាណ និង​លេង​កីឡា ដើម្បី​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត​។ 
 
​ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​អប់រំ ស្នើ​ឲ្យ​ម្ចាស់​ក្លិប​ហាត់ប្រាណ​ឯកជន បន្ត​ចូលរួម​អនុវត្ត​វិធានការ​សុវត្ថិភាព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​បន្ត​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​គ្រប់គ្រង ទប់ស្កាត់ និង​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​
 
​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​ពលរដ្ឋ​រក្សា​អនាម័យ​ជា​និង​ការពារ​ខ្លួន​ជាប្រចាំ តាមរយៈ​ការពាក់​ម៉ាស់ លាងដៃ វាស់​កម្តៅ និង ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​ត្រូវ​នៅ​ឆ្ងាយ​ពីគ្នា​យ៉ាងតិច​១,៥​ម៉ែត្រ​។ លោក បន្ថែមថា ទីកន្លែង​ហាត់ប្រាណ (​សាធារណៈ​) ត្រូវតែ​បាញ់សម្លាប់​មេរោគ​ជាប្រចាំ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពលរដ្ឋ​។ 
 
​សូមបញ្ជាក់ថា ក្លិប​ហាត់ប្រាណ​ទូទាំងប្រទេស​ត្រូវបាន​បិទ​ដំណើរការ​អស់​រយៈពេល​៣​ខែ​មកហើយ​។ រដ្ឋាភិបាល បានសម្រេច​ឱ្យ​បើក​កាស៊ីណូ ដែល​មានតែ​ល្បែងភ្នាល់ និង​ស្លត​ម៉ាស៊ីន​ប៉ុណ្ណោះ​។ រីឯ KTV រដ្ឋាភិបាល លើកទឹកចិត្ត​ឲ្យ​កែប្រែ​ទៅជា​ភោជនីយដ្ឋាន​។​
 
​ចំណែក​សាលារៀន​វិញ​រដ្ឋាភិបាល ក៏​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​ចំពោះ​សាលា​ឯកជន​ចំនួន​២០ នៅ​ខែសីហា ឆ្នាំ​២០២០ ដែលជា​ដំណាក់កាល​ទី​១៕ 
 
    

Tag:
 ក្លឹប​ហាត់ប្រាណ​
© រក្សាសិទ្ធិដោយ thmeythmey.com