ពីនេះ ពីនោះ
សុខភាព
បញ្ហា​រលាក​អញ្ចាញធ្មេញ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
28, Jul 2020 , 8:59 pm        
រូបភាព
​កំពុង​ជួបប្រទះ​បញ្ហា​រលាក​អញ្ចាញធ្មេញ​មែន​ទេ​?  កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​ទប់ទល់​បញ្ហារ​លាក​អញ្ចាញធ្មេញ ៖

 
១. ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ រួច​កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​នៅពេល​ព្រឹក​និង​ល្ងាច​។​
 
២. ទឹកក្រូច​ឆ្មារ​ស្រស់​
 
​ច្របាច់​យក​ទឹកក្រូច​ឆ្មារ ១ ផ្លែ លាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​ភ្លាមៗ​ក្រោយពេល​ដុស​សម្អាត​ធ្មេញ​រួច​នៅពេល​ព្រឹក​និង​យប់​។​
 
៣. ជី​អង្កាម​
 
​លាង​ស្លឹក​ជី​អង្កាម​ប៉ុន្មាន​ស្លឹក រួច​បុក​កំទេច ហើយ​បង់​ចូលក្នុង​ទឹក​ធម្មតា ១ កែវ​។ ត្រាំ​ទុក​ប៉ុន្មាន​នាទី​សិន សឹម​ប្រើប្រាស់​ទឹក​ល្បាយ​នេះ​ខ្ពុរ​សម្អាត​មាត់​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៤. ស្លឹក​ត្របែក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាង​ស្លឹក​ត្របែក​មួយចំនួន​ឱ្យ​ស្អាត រួច​ទំពារ​វា​ក្នុង​មាត់​សម្រាប់​រយៈពេល​ប៉ុន្មាន​វិនាទី​។ ខ្ជាក់​ចេញ​ជាការ​ស្រេច​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​។​
 
៥. ប្រើប្រាស់​កញ្ចប់​តែ​តូចៗ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​មួយកញ្ចប់​តូច​ក្នុង​ទឹក​ក្ដៅ​ដាំ​ពុះ​។ រងចាំ​រយៈពេល ២ នាទី​ក្រោយ​សឹម​យក​កញ្ចប់​តែ​ចេញ​ហើយ​ទុកអោយ​ត្រជាក់​។ បន្ទាប់មក​ស្អំ​កញ្ចប់​តែ​នោះ​លើ​អញ្ចាញ​សម្រាប់​រយៈពេល ៥ នាទី​ជាការ​ស្រេច​។​
 
៦. ម្សៅ Baking soda
 
​លាយ​ម្សៅ Baking soda ១ ចុង​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ធម្មតា​ប៉ុន្មាន​ដំណក់​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​អញ្ចាញ​និង​ទុកចោល​សម្រាប់​រយៈពេល ២ នាទី​សិន សឹម​ខ្ពុរមាត់​សម្អាត​ចេញ​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៧. រមៀត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​រមៀត​ជាមួយ​ទឹក​ធម្មតា​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ សឹម​លាប​លើ​អញ្ចាញ​។ ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ១០ នាទី​សិន សឹម​ខ្ពុរមាត់​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។​
 
៨. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​អញ្ចាញ​ដែលមាន​បញ្ហា​និង​ទុកចោល​សម្រាប់​រយៈពេល ១០ នាទី​សិន សឹម​ខ្ពុរ​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។​
 
៩. ទឹកឃ្មុំ​
 
​លាង​សម្អាត​មាត់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ប្រើប្រាស់​ទឹកឃ្មុំ​លាប​ម៉ាស្សា​លើ​អញ្ចាញ​សម្រាប់​រយៈពេល ១០ នាទី​រាល់​ព្រឹក​។ ប៉ុន្តែ​ត្រូវ​ប្រាកដថា​អ្នក​លាប​ទឹកឃ្មុំ​លើ​អញ្ចាញ​មិនមែន​ធ្មេញ ពិសេស​ប្រសិនបើ​អ្នកមាន​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com