កីឡាជាតិ
ជាតិ
លោក ស សុខា ថា មន្ត្រីសហព័ន្ធខ្លះឈរឈ្មោះជាគ្រូបង្វឹក គឺដោយសារចង់បានផលប្រយោជន៍ លោក_ស_សុខា_រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា (រូបភាពពីហ្វេសប៊ុក)
× លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បន្តដាស់តឿនឲ្យសហព័ន្ធកីឡាជាតិនីមួយៗបែងចែកឲ្យដាច់រវាងតួនាទីមន្ត្រីសហព័ន្ធ និងគ្រូបង្វឹក។ ការដាស់តឿននេះ ធ្វើឡើងក្រោយ លោក សង្កេតឃើញថា នៅតែមានសហព័ន្ធកីឡាជាតិមួយចំនួនតូចមានមន្ត្រីមានតួនាទីក្នុងសហព័ន្ធ ដើរតួជាគ្រូបង្វឹក។ លោកចាត់ទុកទង្វើរបស់មន្ត្រីទាំងនោះ គឺដោយសារចង់បានផលប្រយោជន៍។
រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា លោក ស សុខា មិនអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិនីមួយៗមានមន្ត្រីដើរតួនាទីពីរក្នុងពេលតែមួយនោះឡើយ។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយ លោក សង្កេតឃើញថា សហព័ន្ធកីឡាជាតិមួយចំនួនតូចនៅតែមានមន្ត្រីដើរតួជាមន្ត្រីសហព័ន្ធផង និងជាគ្រូបង្វឹក ឬគ្រូជំនួយផង។
លោក អះអាងថា មូលហេតុតែមួយគត់ដែលជំរុញឲ្យមន្ត្រីទាំងនោះបន្តក្រាញននាលធ្វើជាមន្ត្រីផង ជាគ្រូបង្វឹកផង គឺដោយសារចង់បានផលប្រយោជន៍។ ពាក់ព័ន្ធបញ្ហានេះ លោកបានពន្យល់ថា បើពួកគេឈរឈ្មោះជាគ្រូបង្វឹក ពួកគេនឹងទទួលបានជាថវិកាលើកទឹកចិត្ត នៅពេលកីឡាករកីឡាការិនីជាកូនសិស្សរបស់ខ្លួនដណ្តើមបានមេដាយក្នុងការប្រកួតកម្រិតអន្តរជាតិណាមួយ។
ទន្ទឹមនឹងនេះ លោក ជំរុញឲ្យសហព័ន្ធដែលនៅមានមន្ត្រីដើរតួជាមន្ត្រី និងគ្រូបង្វឹកទាំងនោះ បែងចែងឲ្យដាច់រវាងតួនាទីជាមន្ត្រីសហព័ន្ធ និងគ្រូបង្វឹក។ ក្នុងន័យនេះ បើមន្ត្រីម្នាក់ចង់ធ្វើជាគ្រូបង្វឹក ត្រូវលាលែងតំណែងចេញមន្ត្រីសហព័ន្ធ តែបើចង់ធ្វើជាមន្ត្រីសហព័ន្ធ ត្រូវលាលែងចេញពីតំណែងគ្រូបង្វឹក ឬគ្រូជំនួយ។
«ក្នុងសហព័ន្ធមួយមន្ត្រីម្នាក់មិនអាចដើរតួជាប្រធាន ឬអគ្គលេខាធិការសហព័ន្ធផង គ្រូបង្វឹក ឬគ្រូជំនួយផងនោះទេ។ គ្រូគឺជាគ្រូ ប្រធាន អនុប្រធាន គឺជាប្រធានអនុប្រធានរបស់សហព័ន្ធនីមួយៗ ហើយអគ្គលេខាធិការ ក៏មិនអាចក្លាយជាគ្រូបានដែរ។ ខ្ញុំសូមសំណូមពរចែកឲ្យដាច់ពាក់ព័ន្ធរឿងនេះ តាមពិតនិយាយរួមមានតែមួយទេ គឺដោយសារផលប្រយោជន៍។ បើគាត់ធ្វើជាគ្រូពេលបានចេញទៅជាមួយសិស្ស ហើយសិស្សទទួលបានជ័យលាភី គាត់ក៏បានមួយផ្នែកដែរ»។ លោក ស សុខា លើកឡើងដូច្នេះក្នុងពិធីបិទសិក្ខាស្តីពីការប្រមូលធាតុចូលសម្រាប់តាក់តែងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡា។
បើតាមលោក ស សុខា សហព័ន្ធដែលនៅតែបន្តតែងតាំងមន្ត្រីរបស់ខ្លួនជាគ្រូបង្វឹក ឬគ្រូបង្វឹកជំនួយដោយសារកង្វះធនធានគ្រូបង្វឹក ខណៈដែលសហព័ន្ធទាំងនោះបានកកើតឡើងអស់រយៈពេលជិត១០មកហើយ។ សម្រាប់លោក ស សុខា នេះជាក្តីបារម្ភដ៏ធំមួយ ដែលសហព័ន្ធបានបង្កើតឡើងជិត១០ឆ្នាំ តែអសមត្ថភាពក្នុងការបណ្តុះបណ្តាលធនធានគ្រូបង្វឹក។
ជាមួយគ្នានេះ លោក ជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់រៀបចំផែនការយុទ្ធសាស្ត្រក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ឲ្យបានរួចរាល់ ដ្បិតបច្ចុប្បន្នក្នុងចំណោមសហព័ន្ធជាង៤០មានតែសហព័ន្ធប្រមាណ៥ទៅ៦ប៉ុណ្ណោះ ដែលបានរៀបចំផែនការមេរបស់ខ្លួន ដាក់ឲ្យក្រសួងអប់រំយុវជននិងកីឡា។ ប៉ុន្តែលោកមិនបានបញ្ជាក់ឈ្មោះសហព័ន្ធកីឡាទាំងនោះឡើយ៕
Tag:
ស សុខា
ក្រសួងអប់រំយុវជននិងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com