ជាតិ
ក្រសួងកសិកម្ម គាំទ្រ​ការស្រាវជ្រាវ​ធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម ពិសេស​ផ្នែក​កែច្នៃ​កសិផល​
28, Jul 2020 , 11:29 pm        
រូបភាព
រូបភាព៖ ក្រសួងកសិកម្ម
រូបភាព៖ ក្រសួងកសិកម្ម
​ភ្នំពេញ​៖ ក្រសួងកសិកម្ម ជំរុញ​ឲ្យ​មានការ​ស្រាវជ្រាវ ធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម​នៅ​កម្ពុជា ផ្នែក​កម្មន្តសាល​កសិក​ម្ម បច្ចេកវិទ្យា​កែច្នៃ​ធាតុ​ចូល​កសិកម្ម និង​បច្ចេកវិទ្យា​ក្រោយពេល​ប្រមូល​ផល​។ នេះ​បើតាម​ក្រសួងកសិកម្ម ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​។


​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​អះអាងថា វិស័យ​កសិកម្ម​នៅ​កម្ពុជា ក៏​នៅ​ជួប​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​លទ្ធភាព​ស្រោចស្រព វត្ថុធាតុដើម​ដែលជា​ធាតុ​ចូល​កសិកម្ម ដូចជា​ការកែច្នៃ​ជី ថ្នាំ​កសិកម្ម ចំណី​សត្វ ការប្រើប្រាស់​គ្រឿងយន្ត និង​បច្ចេកវិទ្យា​ក្រោយពេល​ប្រមូល​ក៏​នៅមានកម្រិត​ផងដែរ​។ 
 
​លោក វេ​ង សាខុន បន្តថា កម្ពុ​ជាមាន​តម្រូវការ​វិនិយោគ​ផ្នែក​កម្មន្តសាល​កសិកម្ម ដូចជា​រោច​ក្រ​កែច្នៃ​ជី ថ្នាំ​កសិកម្ម ចំណី​សត្វ និង​រោងចក្រ​តម្លើង​គ្រឿងយន្ត​កសិកម្ម ដើម្បី​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​ឱ្យនៅ​កម្រិត​អប្បបរមា ព្រមទាំង​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម ក្រោយពេល​ប្រមូល​ផល​ដើម្បី​បង្កើន​តម្លៃបន្ថែម​។​
 
​នៅក្នុង​កិច្ចប្រជុំ​ដដែល លោក​បណ្ឌិត ហេង ប៊ុន អ៊ី ជា​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា បាន​បញ្ជាក់ថា លោក​មាន​គម្រោង ចង់​សហការ​ជាមួយ​ក្រសួង​ក្នុងការ​ស្រាវជ្រាវ​ពី​ប្រភេទ​ឡស​ម្ងួ​ត​ខ្នាតតូច ដើម្បី​ជួយ​ដល់​កសិករ​ខ្នាតតូច ឬ​សហគមន៍​កសិកម្ម សម្រាប់​កា​រស​ម្ងួ​ត​ស្រូវ ឬ​ផលិតផល​កសិកម្ម​ដទៃ​ទៀត​។ លោក​ធ្លាប់​បានធ្វើការ​ស្រាវជ្រាវ​ពី​ប្រភេទ​ឡស​ម្ងួ​ត និង​ឡ​ដុត​សំរាម ដោយបាន​សហការ​ជាមួយ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​។​
 
​លោក​បណ្ឌិត ប៊ុន​អ៊ី បាន​បន្តថា លោក​បានធ្វើ​ពិសោធន៍​ស្រាវជ្រាវ នូវ​ប្រភេទ​ទឹក​ដែលមាន​សារជាតិ​អ៉ី​យ៉ុង​ម្យ៉ាង ដែលមាន​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់​។ ទឹក​នេះ អាចជួយ​បម្រើ​ដល់​ផ្នែក​ផលិតកម្ម​ដំណាំ​កសិកម្ម ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម​។ 
 
​សូមបញ្ជាក់ថា គោលនយោបាយ​អភិវឌ្ឍ​ន៍​កសិឧស្សាហកម្ម​កម្ពុ​ជា ឆ្នាំ​២០១៥-២០២៥ រដ្ឋាភិបាល​កម្ពុជា នឹង​ជំរុញ​ការនាំចេញ​ផលិតផល​កែច្នៃ​កសិកម្ម ឲ្យ​បាន​១២​ភាគរយ នៃ​បរិមាណ​នាំចេញ​សរុប​ត្រឹម​ឆ្នាំ​២០២៥៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com