ភ្នំពេញ៖ កម្ពុជាអាចនាំចេញអង្ករបានយ៉ាងតិច៨០ម៉ឺនតោន ក្នុង២០២០ ហើយឈានសម្រេចគោលដៅក្នុងការនាំអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០២១។ នេះជាការលើកឡើងរបស់លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ បានបញ្ជាក់ថា ការសម្រេចបាននូវការនាំចេញអង្ករ១លានតោននេះ គឺអាស្រ័យលើការបញ្ជាទិញពីប្រទេសចិន ខណៈបច្ចុប្បន្ន ប្រទេសមហាអំណាចមួយនេះ ជាទីផ្សារអង្ករធំលំដាប់ទី១របស់កម្ពុជា។ បើតាមលោក សុង សារ៉ន ពីមួយឆ្នាំទៅមួយឆ្នាំ ចិននាំអង្ករចូលពីកម្ពុជា មានកំណើនពី១០ទៅ១៥ភាគរយ ឬលើសពីនេះ។
សូមអញ្ជើញទស្សនាវីដេអូសម្ភាស រវាង លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖
«ជោគជ័យយើង[ក្នុងការនាំចេញអង្ករ] ១លានតោនហ្នឹង គឺអាស្រ័យទៅចិនហ្នឹងឯង»។ នេះជាការលើកឡើងរបស់ លោក សុង សារ៉ន ដោយបានបន្តថា ប្រសិនបើចិន អត់ពង្រីកការបញ្ជាទិញអង្ករពីកម្ពុជា ដោយនៅមានលក្ខណៈទ្រឹង ឬការបញ្ជាទិញមានទំហំតូចជាង៣៥ភាគរយ សម្រាប់ឆ្នាំ២០២០នោះ គោលដៅនាំចេញ១លានតោន នឹងត្រូវពន្យារពេល។
គិតត្រឹមឆមាសទី១ ឆ្នាំ២០២០ ចិនបាននាំចូលអង្ករពីកម្ពុជារហូតដល់ ១៤៧ ៩៤៩តោន ស្មើនឹង៣៧ភាគរយ នៃទីផ្សារសរុបរបស់កម្ពុជាដែលជិត៤០ម៉ឺនតោន។ នេះបើតាម លោក សុង សារ៉ន។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ThmeyThmey លោក សុង សារ៉ន បានបញ្ជាក់ដូច្នេះ៖«កាលឆ្នាំ២០១៩ ចិនបានចូលរួម៤០ភាគរយនៃទីផ្សារ[អង្ករ] យើង ចឹងឥឡូវហ្នឹងយើងទើបតែឃើញគាត់[ចិនទិញអង្ករ]៣៣-៣៤ភាគរយ ទេ។ អ៊ីចឹង ចិនត្រូវឡើងដល់៤០ភាគរយវិញ»។
លោក សុង សារ៉ន ចង់សង្កត់ធ្ងន់ថា បើចិនទិញអង្ករពីកម្ពុជាឱ្យបាន៤០ភាគរយ ដោយស្មើ៣៥ម៉ឺនតោននៅក្នុងឆ្នាំ២០២០នេះ កម្ពុជានឹងសម្រេចក្នុងការនាំអង្ករចេញបាន១លានតោននៅក្នុងឆ្នាំ២០២១ ស្របតាមគោលដៅរបស់រដ្ឋាភិបាល ដែលបានកំណត់តាំង២០១៥មក។
ទោះជាយ៉ាងណាក៏ដោយ ក៏ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ នៅមើលឃើញសក្កានុពលទីផ្សារដ៏ធំនៃប្រទេសចិន និងឱកាសសម្រាប់កម្ពុជានាំអង្ករចូល ។លោកមានសុទិដ្ឋិនិយមថា «ការនាំចេញអង្ករ១លានតោនរបស់កម្ពុជានឹងអាចសម្រេចបាននៅក្នុងឆ្នាំ២០២១ តាមរយៈការចរចារទីផ្សារ នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងប្រទេសចិននិងកម្ពុជា។
រូបថត៖ សហព័ន្ធស្រូវអង្ករកម្ពុជា
លោក សុង សារ៉ន បានអះអាងថា ថ្វីដ្បិត ចិនជាទីផ្សារអង្ករធំរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែកម្ពុជាមិនពឹងផ្អែកលើចិនទាំងស្រុងនោះទេ ដោយសហព័ន្ធស្រូវអង្ករកម្ពុជា កំពុងពង្រីកការនាំចេញអង្ករទៅតំបន់អឺរ៉ុបបានប្រមាណ៣០ភាគរយ, ទីផ្សារអាស៊ានមានជាង១០ភាគរយ និងទីផ្សារគោលដៅផ្សេងៗទៀត មានជាង១៥ភាគរយ ដើម្បីរួមគ្នាសម្រេចការនាំអង្ករឱ្យបាន១លានតោន នៅពេលខាងមុខនេះ។
កាលឆ្នាំ២០១៩ កម្ពុជានាំអង្ករចេញទៅទីផ្សារអន្តរជាតិ បានជាង៦២ម៉ឺនតោន។ ក្នុងនោះនាំទៅចិន បាន២៤៨,១០៥តោន។ សហភាពអឺរ៉ុបបាន ២០២,៩៩០តោន, ប្រទេសក្នុងតំបន់អាស៊ាន បាន៨៣,១៦៤តោន និង ប្រទេសផ្សេងៗទៀតបាន ៨៥,៨៤៧តោនតោន។ បច្ចុប្បន្ននេះ ចិនបានដំឡើងកូតា៤០ម៉ឺនតោន ក្នុងការនាំចូលអង្ករពីកម្ពុជា៕