កីឡាអន្តរជាតិ
អន្តរជាតិ
Mariono ខ្សែប្រយុទ្ធ Real Madrid ឆ្លង COVID-19 មុនក្រុមប៉ះ Man City សប្តាហ៍ក្រោយ
× Mariano ខ្សែប្រយុទ្ធក្រុម Real Madrid បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺ COVID-19។ ក្លិបយក្សអេស្ប៉ាញបញ្ជាក់ដូច្នេះនៅថ្ងៃទី២៨ ខែកក្កដា ខណៈក្រុមត្រូវធ្វើដំណើរទៅអង់គ្លេស ដើម្បីជួប Manchester City ក្នុងក្របខណ្ឌ Champions League នៅសប្តាហ៍ក្រោយ។
សេចក្តីប្រកាសរបស់ Real Madrid សរសេរ ថាកីឡាករដែលមានដើមកំណើតអេស្ប៉ាញ វ័យ ២៦ ឆ្នាំរូបនេះនៅតែមានសុខភាពល្អដដែល បើបានឆ្លងជំងឺរាតត្បាតសកលក្តី។ សព្វថ្ងៃ Mariono ស្ថិតក្រោមវិធានចត្តាឡីស័ក និងទទួលការមើលថែពីក្រុមគ្រូពេទ្យនៅឯផ្ទះរបស់គេ។
បើតាមការបញ្ជាក់បន្ថែមពីសំណាក់ក្រុមជើងឯក La Liga កីឡាករ Mariono មិនស្ថិតក្នុងបញ្ជីរបស់លោក Zinedine Zidane ចាប់តាំងពី Real Madrid ប្រកួតស្មើជាមួយ Leganes ២-២ នាជំនួបបិទរដូវកាល នៅថ្ងៃទី១៩ ខែកក្កដាម្លេះ។
ការឆ្លង COVID-19 ទៅលើកីឡាករ Mariono នេះ បានធ្វើឲ្យមានការព្រួយបារម្ភ ដ្បិតក្រុមលោក Zidane នឹងត្រូវស្វាគមន៍ Manchester City ក្របខណ្ឌកំពូលអឺរ៉ុប សម្រាប់ជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីថ្ងៃទី៧ ខែសីហា។
ជុំវិញករណីនេះ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) លើកឡើងថា ខ្លួនកំពុងទាក់ទងជាមួយក្លិប Real Madrid និងតាមដានទាំងស្ថានភាព ព្រមទាំងការសម្រេចចិត្តរបស់អាជ្ញាធរពាក់ព័ន្ធរបស់អេស្ប៉ាញ។ យ៉ាងណាក៏ដោយ UEFA ជឿជាក់ថា ករណីនេះនឹងមិនប៉ះពាល់ដល់ការប្រកួតរវាង Real Madrid និង Man City ឡើយ ស្របពេលក្រុមលោក Pep Guardiola កំពុងតាមដានស្ថានការណ៍ ដ្បិតពួកគេមានការព្រួយបារម្ភតិចតួចដែរ។
កាលពីជើងទី១ Man City បានយកឈ្នះ Real Madrid ក្នុងលទ្ធផល ២-១ នៅទឹកដី Bernabeu ហើយជើងទី២ នឹងធ្វើឡើងនៅកីឡដ្ឋាន Etihad ក្នុងទឹកដីអង់គ្លេសវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com