COVID-19
អន្តរជាតិ
លោកស្រី ការី ឡាំ ថា ហុងកុង កំពុងស្ថិត​លើ​មាត់ជ្រោះ​នៃ​ការផ្ទុះ COVID-19 ទ្រង់ទ្រាយ​ធំ​
29, Jul 2020 , 11:22 am        
រូបភាព
ស្រ្តីហុងកុងម្នាក់ ពាក់ម៉ាស់ និងថតរូប។ រូបភាព៖ Reuters
ស្រ្តីហុងកុងម្នាក់ ពាក់ម៉ាស់ និងថតរូប។ រូបភាព៖ Reuters
​ទីក្រុង​ហុងកុង កំពុងស្ថិត​លើ​មាត់ជ្រោះ​នៃ​ការផ្ទុះ​កូ​រ៉ូ​ណាវី​រុស​ជា​សហគមន៍​ទ្រង់ទ្រាយ​ធំ ដែល​អាច​នាំ​ឲ្យ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មន្ទីរពេទ្យ និង​ប្រជាជន​។ មេដឹកនាំ​ហុងកុង លោកស្រី​ការី ឡាំ បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៨ ខែកក្កដា ដោយ​បន្ថែមថា ប្រជាជន​គួរតែ​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន​សិន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ COVID-19​។

 
​ហុងកុង នៅ​ថ្ងៃទី​២៨ ខែកក្កដា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​COVID-19 ថ្មី​ចំនួន ១០៦​ករណី ក្នុងនោះ​ករណី​ឆ្លង​ក្នុងស្រុក​មាន​ចំនួន ៩៨​ករណី​។ ចំនួន​នេះ គឺ​ធ្លាក់ចុះ​បន្តិច បើ​ធៀប​នឹង​តួលេខ​នៅពេល​កន្លងមក ដែលមាន​ករណី​លើសពី ១១០​ករណី​។ 
 
​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​COVID-19 រដ្ឋាភិបាល​តំបន់​ស្វយ័ត​មួយ​នេះ បានចេញ​វិធានការ​មួយចំនួន​ដូចជា ហាម​ការជួបជុំ​មនុស្ស​លើសពី​ពីរ​នាក់ ហាម​បរិភោគ​អាហារ​នៅក្នុង​ភោជនីយដ្ឋាន តម្រូវ​ឲ្យ​ប្រជាជន​ពាក់​ម៉ាស់​នៅ​ទីសាធារណៈ រក្សា​គម្លាត​សុវត្ថិភាព និង​វិធានការ​ផ្សេងទៀត​។ ចំណាក់​ការ​ទាំងនេះ មាន​សុពលភាព ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា តទៅ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ទាក់ទិន​នឹង​ករណី​ឆ្លង COVID-19 នៅក្នុង​ក្រុង​នេះ លោកស្រី ការី ឡាំ ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​យ៉ាង​ដូច្នេះ​ថា​៖ «​យើង គឺ​ស្ថិតនៅលើ​មាត់ជ្រោះ​នៃ​ការផ្ទុះ​COVID-19 ជា​សហគមន៍​ទ្រង់ទ្រាយ​ធំ ដែល​អាច​បង្ក​ឲ្យ​ប្រព័ន្ធ​មន្ទីរពេទ្យ​ដួលរលំ និង​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាជន​ជាច្រើន​នាក់ ជាពិសេស​គឺ​មនុស្ស​ចាស់​»​។ ប្រមុខ​តំបន់​រដ្ឋបាល​ពិសេស​រូបនេះ ក៏បាន​ជំរុញ​ឲ្យ​ប្រជាជន អនុវត្ត​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព វិធានការ​រដ្ឋាភិបាល​ឲ្យ​បាន​ម៉ត់ចត់ និង​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន​សិន ដើម្បី​ការពារ​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​។ 
 
​គិត​មក​ត្រឹម​ថ្ងៃទី​២៨ ខែកក្កដា ហុងកុង​មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ២៨៨៥​ករណី អ្នកស្លាប់​ចំនួន ២៣​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១៥២៧​នាក់​។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ករណី​ឆ្លង​COVID-19 នៅក្នុង​ហុងកុង បាន​ហក់​ឡើង​លើសពី​១០០​ករណី ខណៈ​ការបោះឆ្នោត​សភា ជិត​មកដល់​នៅ​ថ្ងៃទី​៦ ខែកញ្ញា ខាងមុខ​៕ 

Tag:
 ហុងកុង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com