កីឡាជាតិ
ជាតិ
​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​៖ ព្រៃវែង​ប្រឹង​ដណ្តើម​ជើងឯក​ពី​ត្បូងឃ្មុំ ក្រោយ​សៀមរាប និង កែប ប្រជែង​លេខ​៣
29, Jul 2020 , 12:02 pm        
រូបភាព
សកម្មភាពប្រកួតរបស់ក្រុមព្រៃវៃង(ឆ្វេង)និងត្បូងឃ្មុំកន្លងមក។ រូបថត CNCC
សកម្មភាពប្រកួតរបស់ក្រុមព្រៃវៃង(ឆ្វេង)និងត្បូងឃ្មុំកន្លងមក។ រូបថត CNCC
ដោយ:
​ក្រុម​ត្បូងឃ្មុំ​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ព្រៃវែង ដើម្បី​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២០ នៅ​ល្ងាច​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០២០ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​គ្រូបង្វឹក​ក្រុម​ទាំងពីរ​សុទ្ធតែ​អះអាង​ពី​ការត្រៀមខ្លួន​បានល្អ​រៀងៗ​ខ្លួន​។ នៅថ្ងៃនេះ ក៏មាន​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​រវាង​ក្រុម​សៀមរាប​ជាមួយ​កែប​ផងដែរ​។​

 
​តើ​ត្បូងឃ្មុំ ឬ​ព្រៃវែង​ជា​ម្ចាស់​ជើងឯក​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២០? នេះ​ជាការ​រង់ចាំ​របស់​ទស្ស​និក​ជន ក៏ដូចជា​អ្នកគាំទ្រ​ក្លិប​ទាំងពីរ ដែល​ចម្ងល់​នេះ​នឹង​ត្រូវបាន​បកស្រាយ​នៅ​ល្ងាច​នេះ​។ ក្រុម​ការពារ​តំណែង​ជើងឯក​ត្បូងឃ្មុំ ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ព្រៃវែង ដែល​សម្បូរ​ដោយ​ធនធាន​យុវជន​របស់​វិសាខា ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០២០ វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​ការប្រកួត​នេះ​នឹងមាន​ភាព​តានតឹង និង​ស្វិតស្វាញ​បំផុត ដ្បិត​ក្រុម​ទាំងពីរ​សុទ្ធសឹង​មាន​សមត្ថភាព​ខ្ពស់ និង​សម្បូរ​កីឡាករ​មាន​ទេពកោសល្យ​ល្អៗ​រៀងៗ​ខ្លួន​។ សម្រាប់​ការជួបគ្នា​ពីរលើក​កន្លងមក​ក្នុងជំនួប​វគ្គ​ជម្រុះ ក្រុម​ទាំងពីរ​បានបញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា​ទាំងពីរ​ប្រកួត​។ ការប្រកួត​ជើង​ទី​១​នៅលើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​ក្រុម​ទាំងពីរ​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា មុន​ពួកគេ​ស្មើ ២-២ នៅ​ជើង​ទី​២​លើទឹក​ដីព្រៃ​វែង​។ 
 
​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ក្រុម​ទាំង​ពីរបាន​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុងនោះ​ត្បូងឃ្មុំ​ទម្លាក់​កែប​ជាមួយ​លទ្ធផល​ទាំងពីរ​ជើង ៥-២ ខណៈ​ព្រៃវែង​ទម្លាក់​សៀមរាប ៩-០​។​
 
​នា​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ទាំង​គ្រូបង្វឹក​ក្រុម​ត្បូងឃ្មុំ និង​ព្រៃវែង សុទ្ធតែ​អះអាងថា ពួកគេ​បាន​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ជំនួប​ដ៏​សំខាន់​មួយ​នេះ​។ លោក ផន រស្មី​ពេជ្រ គ្រូបង្វឹក​ក្រុម​ត្បូងឃ្មុំ​អះអាងថា ក្នុងនាម​ក្រុម​ការពារ​តំណែង​ជើងឯក​ក្រុម​លោក​គ្មានអ្វី​ជា​សម្ពាធ​នោះទេ ទោះបី​ព្រៃវែង​សម្បូរ​យុវជន​ថ្នាល​របស់​ក្លិប​វិសាខា ដែលមាន​ការយល់​ចិត្ត​គ្នា​បានល្អ​ជាង​ក្រុម​ខ្លួន​ក៏ដោយ​។​
 
«​កីឡាករ​របស់ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការប្រកួត​ថ្ងៃនេះ ព្រោះ​ឆន្ទៈ​របស់គាត់​ចង់​ឈ្នះ​។ សម្រាប់​ការប្រកួត​ថ្ងៃនេះ ក្រុម​ខ្ញុំ​គ្មាន​សម្ពាធ​នោះទេ ព្រោះ​មុននឹង​មក​យើង​ទទួលបាន​ការលើកទឹកចិត្ត​ពី​ឯកឧត្តម​អភិបាលខេត្ត ដូច្នេះ​ខ្ញុំ​នឹង​ប្រឹង​លេង​ឲ្យ​ឈ្នះ បើ​និយាយ​ពី​សម្ពាធ​គ្មាន​នោះទេ​»​។ នេះ​ជាការ​បង្ហាញ​ការតាំង​ចិត្ត​របស់លោក ផន រស្មី​ពេជ្រ ជឿជាក់ថា ការប្រកួត​នេះ​នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង​សម្រាប់​ក្រុម​ខ្លួន ទោះ​ព្រៃវែង​ជា​ក្រុមយុវជន​របស់​វិសាខា​ក៏ដោយ តែ​ពួកគេ​មានការ​រៀបចំ​បានល្អ​។ 
 
​ជាមួយ​ការអះអាង​ពី​ការ​រៀបចំខ្លួន​បានល្អ លោក Matthew Sinclair គ្រូបង្វឹក​ក្រុម​ព្រៃវែង​ចាត់ទុក​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ជា​បទពិសោធ​ថ្មី​មួយ និង​ជា​ឱកាស​របស់​ក្រុម​ព្រៃវែង ដែល​ភាគច្រើន​ជា​យុវជន​របស់​វិសាខា​ក្នុងការ​បង្ហាញ​សមត្ថភាព ក្នុង​ពានរង្វាន់​ដ៏​ធំ​មួយ​នេះ​។  
 
​លោក​បាន​បន្ថែមថា​៖«​យើង​បាន​លេង​ជាមួយ​ត្បូងឃ្មុំ​ចំនួន​ពីរ​ជើង​ជា​លទ្ធផល​ស្មើ​ទាំងពីរ​ជើង​។ មុន​ជួបគ្នា​នៅថ្ងៃនេះ យើង​បាន​ត្រឡប់​ម​ទៅ​មើល​ការប្រកួត​របស់​ពួកយើង​ជាមួយ​គាត់​ទាំង​ក្នុង​ដី និង​ក្រៅ​ដី មើល​ពី​ចំណុចខ្លាំង ចំណុចខ្សោយ​របស់គាត់ និង​ចំណុច​ខ្វះខាត​របស់​ព្រៃវែង​។ ការផ្លាស់ប្តូរ​ទីលាន​ពី​ស្មៅ​ធម្មជាតិ​មកលេង​លើ​ស្មៅ​សិប្បនិម្មិត វា​ថ្មី​សម្រាប់​ក្រុម​ទាំងពីរ ដូច្នេះ​វា​ជា​ផល​លំបាក​មួយ​សម្រាប់​ពួកគេ ក៏ដូចជា​ក្រុម​របស់​យើង​។ តែ​យើង​បាន​តាំងចិត្ត និង​រៀបចំ​ក្រុម​លេង​ឲ្យ​បានល្អ​នៅថ្ងៃនេះ​»​។ 
 
​មុន​ការប្រកួត​ដ៏​ជក់ចិត្ត​ខាងលើ​មកដល់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក៏មាន​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​មួយគូ​ទៀតផង​ដែរ គឺ​រវាង​ក្រុម​សៀមរាប​ជាមួយ​កែប ដែល​ធ្វើឡើង​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​៕ 
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com