ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បារម្ភពីលោក អំ សំអាត
29, Jul 2020 , 1:15 pm        
រូបភាព
លោក អំ សំអាត ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅមុខតុលាការរាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១៧
លោក អំ សំអាត ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត នៅមុខតុលាការរាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១៧
ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) រួមគ្នាសរសេរលិខិតមួយពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ជូនមកលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដោយបានបង្ហាញក្តីបារម្ភរបស់ពួកគេ ពីការបំភិតបំភ័យឬការគំរាមកំហែងពីសំណាក់អាជ្ញាធរ ទៅលើអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្សលេចធ្លោម្នាក់ គឺលោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ។



ក្រុមអ្នកសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ ដែលសរសេរលិខិតមកកាន់លោក ប្រាក់ សុខុន ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ រួមមាន អ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា លោក Clément Nyaletsossi Voulé អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជួបជុំដោយសន្តិវិធី លោក David Kaye អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយនិងការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និង លោក Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស។




លោក ប្រាក់ សុខុន ឬក្រសួងការបរទេសកម្ពុជា ពុំបានឆ្លើយតបដោយផ្ទាល់ទៅក្រុមអ្នកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទេ។ ប៉ុន្តែ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំមន្ទីអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានសរសេរលិខិតឆ្លើយតប។

តាមរយៈលិខិតឆ្លើយតប តំណាងកម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បកស្រាយទៅកាន់ក្រុមសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា កម្លាំងសមត្ថកិច្ចកម្ពុជា តែងសហការជិតស្និទ្ធជាមួយអង្គការ-សង្គមស៊ីវិល ក្នុងគោលបំណងការពារនិងគោរពសិទ្ធិមនុស្ស។

តំណាងកម្ពុជា បន្តថា បើអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្ស រួមទាំងលោក អំ សំអាត ផង បំពេញការងារ ស្របតាមច្បាប់ ពួកគេ នឹងទទួលបានការការពារ ពីការបំផិតបំភ័យឬការគំរាមកំហែងដោយខុសច្បាប់។

តំណាងកម្ពុជា បន្ថែមថា យ៉ាងណាក៏ដោយ អាជ្ញាធរ ស្នើឲ្យអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ត្រូវផ្តល់ព័ត៌មានត្រឹមត្រូវពីការបំភិតបំភ័យឬការគំរាមគំហែងនោះ ទៅអាជ្ញាធរ ដើម្បីចាត់វិធានការសមស្រប។

តំណាងកម្ពុជា ជម្រាបទៅក្រុមអ្នកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើឲ្យគ្រប់ភាគី រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ចូលរួមអនុវត្តវិធានការរបស់រដ្ឋាភិបាល ជាពិសេសវិធានការ ដែលដាក់ចេញដោយក្រសួងសុខាភិបាល។ តំណាងកម្ពុជា លើកឡើងទៀតថា គ្រប់ភាគី មិនត្រូវពាក់ព័ន្ធក្នុងការផ្សព្វផ្សាយបំផ្លើសពីអ្វីមួយឡើយ ដែលនាំឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងបង្កឲ្យមានអស្ថិរភាពសង្គម។

ក្រុមអ្នកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អះអាងថា ពួកគេ មិនមានបំណងធ្វើសេចក្តីវិនិច្ឆ័យជាមុនទេ ចំពោះការបំភិតបំភ័យឬការគំរាមកំហែងដោយខុសច្បាប់ តែពួកគេ គ្រាន់តែបង្ហាញក្តីបារម្ភ ចំពោះការព្រមានចាប់ខ្លួនលោក អំ សំអាត ដោយពាក់ព័ន្ធនឹងការបំពេញតួនាទីរបស់លោក ក្នុងការការពារសិទ្ធិមនុស្ស។ ពួកគេ ក៏បារម្ភដែរថា ការគំរាមកំហែងជាសាធារណៈបែបនេះ ចំពោះអ្នកការពារសិទ្ធិមនុស្ស អាចជះឥទ្ធិពល ទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ហើយក៏អាចជះឥទ្ធិពលលើអង្គការ-សង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយដែរ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និង លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បដិសេធទាំងអស់គ្នា ចំពោះការចោទប្រកាន់ថា លោក អំ សំអាត ទទួលការគំរាមកំហែងពីអាជ្ញាធរ។

លោក ផៃ ស៊ីផាន សំដៅទៅកាន់ក្រុមអ្នកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា៖«ប្រាប់មុខសញ្ញាមក [អ្នកណា គំរាមកំហែងគាត់?]»។

ចំណែក លោក ជិន ម៉ាលីន បញ្ជាក់ថា៖«គ្មានអ្នកណា ទៅគំរាមកំហែងគាត់ទេ»។

លោក ផៃ ស៊ីផាន ស្នើឲ្យក្រុមអ្នកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ធ្វើការងារឬបញ្ចេញព័ត៌មានអ្វីមួយអំពីកម្ពុជា ឲ្យមានសុក្រឹតភាព ជៀសវាងគ្រាន់តែនិយាយឲ្យរួចតែពីមាត់ឬក៏មានរបៀបវារៈនយោបាយ។

លោក ជិន ម៉ាលីន ដែលមានតួនាទីជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែរនោះ អត្ថាធិប្បាយថា មិនមែនតែលោក អំ សំអាត ទេ រួមទាំងអ្នកធ្វើការផ្នែកសិទ្ធិផ្សេងទៀត ឲ្យតែបំពេញការងារបានត្រឹមត្រូវ និងស្របតាមច្បាប់ ជាពិសេសច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល នឹងមិនទទួលការគំរាមកំហែងណាមួយឡើយ។ លោក បន្តថា អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការចំពោះអ្នកណា ដែលប្រព្រឹត្តខុសច្បាប់ប៉ុណ្ណោះ។

សារព័ត៌មានថ្មីៗ មិនអាចសុំមតិផ្ទាល់ពីលោក អំ សំអាត ឡើយ ដោយសារតែលោក មិនបានលើកទូរស័ព្ទ៕

Tag:
 អ្នករាយការណ៍ពិសេសរបស់ UN
  អំ សំអាត
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com