Oscar ខ្សែបម្រើក្រុម Shanghai SIPG បង្ហាញចំណាប់អារម្មណ៍ចង់លេងឲ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិនវិញ ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) អនុញ្ញាតឲ្យរូបគេផ្លាស់ប្តូរពីជម្រើសជាតិប្រេស៊ីល។ មន្ត្រីជាន់ខ្ពស់ផ្នែកកីឡារបស់ចិនមួយរូបបានប្រាប់ AFP ថាក្រុមបាល់ទាត់ជម្រើសជាតិចិននឹងត្រូវកំណត់ចំពោះកីឡាករដែលមានដើមកំណើតប្រេស៊ីលពី ៣ ទៅ ៤ នាក់ប៉ុណ្ណោះ។
អតីតខ្សែបម្រើឆ្នើមរបស់ Chelsea និងក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ ចង់ក្លាយជាកីឡាករសញ្ជាតិប្រេស៊ីលចុងក្រោយគេដើម្បីតំណាងឲ្យក្រុមជាម្រើសជាតិដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកមួយនេះ។
ក្នុងវ័យ២៨ឆ្នាំ Oscar ធ្លាប់បង្ហាញខ្លួន៤៧លើកសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ និងជួយក្រុមឈ្នះពានរង្វាន់ Confederations Cup ឆ្នាំ ២០១៣។ Oscar បង្ហាញខ្លួនចុងក្រោយឲ្យក្រុមសាំបា ក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០១៨ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥។
Oscar ដែលបានផ្លាស់ពីតោខៀវ ទៅចូលរួមជាមួយ Shanghai SIPG ក្លិបនៃក្របខណ្ឌលីគកំពូលចិន (CSL) ក្នុងតម្លៃ៧០លានដុល្លារកាលពីខែមករា ឆ្នាំ ២០១៧ នឹងបំពេញតាមលក្ខខណ្ឌដើម្បីទទួលបានសញ្ជាតិចិននៅឆ្នាំក្រោយនេះហើយ។
បទបញ្ញត្តិរបស់ FIFA ហាមឃាត់កីឡាករផ្លាស់ប្តូរក្រុមជម្រើសជាតិប្រសិនបើពួកគេធ្លាប់បានបង្ហាញខ្លួនជាអន្តរជាតិសម្រាប់ព្រឹត្តិការណ៍ធំៗរួចហើយ ប៉ុន្តែ Oscar នៅតែចិញ្ចឹមចិត្តក្នុងការពិចារណាតំណាងឲ្យប្រទេសចិន ប្រសិនបើច្បាប់មានការផ្លាស់ប្តូរ។
អតីតសមាជិកក្រុម São Paulo រូបនេះ បានប្រាប់សារព័ត៌មាន CGTN របស់ចិនថា៖« ខ្ញុំអាចគិតអំពីការលេងឲ្យជម្រើសជាតិចិន ព្រោះខ្ញុំពិបាកនឹងត្រឡប់ទៅកាន់ក្រុមប្រេស៊ីលវិញ។ នៅពេលនេះខ្ញុំនៅប្រទេសចិន ហើយនៅទីនេះទើបពួកគេមើលឃើញថាខ្ញុំលេងបានល្អកម្រិតណា»។ Oscar បន្ថែមថា បើជម្រើសជាតិចិនត្រូវការខ្សែបម្រើល្អម្នាក់គឺរូបគេអាចជួយបាន ប្រសិនបើមានការផ្លាស់ប្តូរច្បាប់។
សព្វថ្ងៃចិនមានកីឡាករប្រេស៊ីលពីរនាក់រួចហើយដែលរួមានខ្សែប្រយុទ្ធ Elkeson និង Aloisio។ អ្នកទាំងពីរត្រូវបានជម្រើសជាតិចិនកោះហៅឲ្យចូលរួមក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២២ កាលពីឆ្នាំមុន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន យ៉ាងហោចណាស់មានកីឡាករប្រេស៊ីល ៣ នាក់ទៀត ដែលលេងក្នុងតំណែងប្រយុទ្ធនឹងក្លាយជាសមាជិកក្រុមជម្រើសជាតិចិនឆាប់ៗនេះ។
ចំណែកលោក Liu Yi អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ចិន មិនបានបដិសេធព័ត៌មានទាក់ទង Oscar ឡើយ។ ចំពោះដំណឹងខាងលើនេះ លោក Lui អះអាងថា ចិនមិនចង់សម្រេចមហិច្ឆតាដោយប្រើកីឡាករប្រេស៊ីលបំពេញចន្លោះ ដើម្បីឈានទៅការប្រកួតបាល់ទាត់ពិភពលោកនៅកាតាឆ្នាំ២០២២ នៅឡើយ៕