ជាតិ
សង្គមជាតិ
ក្រសួងសង្គមកិច្ច និងអង្គការដៃគូ តាំងចិត្តរួមគ្នាពង្រឹងប្រព័ន្ធកិច្ចការពារកុមារកម្ពុជា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានវត្តមាននៅក្នុងកម្មវិធីផ្សព្វផ្សាយគោលនយោបាយស្តីពីប្រព័ន្ធកិច្ចការពារកុមារ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០
× ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមគ្នានឹងអង្គការភ្លែនកម្ពុជា អង្គការ Child Fund និងអង្គការ Educo បង្កើតគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ។ គោលនយោបាយនេះ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកាលហើយ ដែលបន្តអនុវត្តសម្រាប់រយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២៨ ក្នុងគោលបំណងលុបបំបាត់អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ច ការរំលោភបំពាន និងផ្តល់សមធម៌សង្គមដល់កុមារ។
ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ នាថ្ងៃទី២៩ ខែកក្កដា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបញ្ជាក់ថាគោលនយោបាយនេះ នឹងជួយឆ្លើយតបលើការដោះស្រាយបញ្ហាអំពើហិង្សាលើកុមារ ផ្តល់វិធានការទាន់ពេលវេលាទៅលើកុមារដែលជួបហានិភ័យផ្សេងៗ និងជួយលើកកម្ពស់កុមារឲ្យទទួលបានសិទ្ធិពេញលេញ។
បើតាមលោក វង សូត ដើម្បីលុបបំបាត់អំពើហិង្សា និងអំពើរំលោភបំពានលើកុមារ រដ្ឋាភិបាលបានចូលរួមជាមួយបណ្តាប្រទេសជាសមាជិកដទៃទៀត និងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តគោលនយោបាយនេះ។ លោក វង សូត បានលើកឡើងដូច្នេះថា៖«ដើម្បីឲ្យគោលនយោបាយកិច្ចការពារកុមារនេះមានប្រសិទ្ធភាព គឺទាមទារឲ្យគ្រប់ស្ថាប័ន អង្គការជាតិ និងអង្គការអន្តរជាតិ និងក្រសួងពាក់ព័ន្ធទាំងអស់រួមគ្នាដោះស្រាយតាមមុខសញ្ញានីមួយៗ ប្រកបដោយសា្មរតីទទួលខុសត្រូវ»។
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានប្តេជ្ញាជាមួយនឹងអង្គការអង្គការឆាលហ្វានរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាការពារកុមារ និងសហការជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចនូវសមិទ្ធផលក្នុងការតស៊ូមតិដើម្បីឲ្យកុមារទទួលបានសិទ្ធិការពារ ជួយកសាងសមត្ថភាពបុគ្គលិកសង្គមនៅគ្រប់កម្រិត និងផ្តល់សេវាដល់កុមារ គ្រួសារ និងសហគមន៍ដែលងាយរងគ្រោះ ជាពិសេសក្មេងស្រី និងស្ត្រី។
នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លោកស្រី គ្វីននេត វ៉ង ថ្លែងសុន្ទរកថានៅក្នុងកម្មវិធីផ្សព្វផ្សាយគោលនយោបាយ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ (រូបភាពផ្តល់ដោយអង្គការភ្លែនអន្តរជាតិកម្ពុជា)
បើតាមលោកស្រី គ្វីននេត វ៉ង ក្រោយផ្សព្វផ្សាយគោលនយោបាយស្តីពីប្រព័ន្ធកិច្ចការពារកុមារដើម្បីឲ្យមានការផ្លាស់ប្តូរជីវីតរស់នៅរបស់កុមារ គ្រួសារ និងសហគមន៍របស់ពួកគេ ជំហានបន្ទាប់ អង្គការនឹងរៀបចំដំណើរការគោលនយោបាយស្តីពីប្រព័ន្ធកិច្ចការពារកុមារប្រកបដោយការចូលរួម និងផលិតភាព ការវិនិយោគបន្ថែមលើការអភិវឌ្ឍធនធានមនុស្ស និងបង្កើតឯកសារច្បាប់បន្ថែមទៀត។
លោកស្រី ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា ទោះបីជាមានការយកចិត្តទុកដាក់លើកិច្ចគាំពារកុមារកន្លងមកក៏ដោយ ក៏កុមារនៅតែជួបបញ្ហាផ្សេងៗ ដូចជាកុមារត្រូវបានគេជួញដូរ រំលោភបំពានផ្លូវចិត្ត និងផ្លូវកាយ កេងប្រវ័ញ្ច រងអំពើហិង្សា កុមារត្រូវបានគេបោះបង់ចោល ខ្វះអាហារូបត្ថម្ភ រងពលកម្មកុមារ និងកុមារសេពគ្រឿងញៀន។
លោកស្រី ញ៉េប សុភាព បានបន្ថែមថា កត្តាដែលធ្វើឲ្យកុមារឆាប់ទទួលរងបញ្ហានេះ ក៏ដោយសារកត្តាគ្រោះមហន្តរាយ ការរាលដាលនូវជំងឺកូវីដ-១៩ ភាពក្រីក្រ ឪពុកម្តាយប្រើអំពើហិង្សា ឪពុកម្តាយទៅធ្វើការចំណាកស្រុកដោយទុកកូនចោល និងឪពុកម្តាយដែលជាប់ពន្ធនាគារ។ បើតាមលោកស្រី សុខភាព ភាគច្រើនកើតទៅលើកុមារដែលរស់នៅតាមតំបន់ដាច់ស្រយាល។
មន្ត្រីជំនាញកុមាររូបនេះបានបន្តថា ការបញ្ជូនកុមារទៅមជ្ឈមណ្ឌលថែទាំកុមារមិនមែនជាជម្រើសដ៏ល្អនោះទេ។ លោកស្រីបាននិយាយថា៖«ការទុកកុមារនៅមជ្ឈមណ្ឌលថែទាំកុមារ ជាជម្រើសចុងក្រោយ និងជាបណ្តោះអាសន្ន ប៉ុន្តែបច្ចុប្បន្នការនាំកុមាររងគ្រោះទៅដាក់ក្នុងមណ្ឌលថែទាំជាវិធីសាស្ត្រតាមបែបប្រតិកម្ម ដែលវាក៏ជាបញ្ហាដ៏ធំ ពីព្រោះវាធ្វើឲ្យចំនួនមជ្ឈមណ្ឌលកើនឡើង»។
លោកស្រី ញ៉ែប សុភាព បានអះអាងថា ដើម្បីឈានដល់ការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារឲ្យជោគជ័យ និងមានប្រសិទ្ធភាព ក្រៅពីមានការចូលរួមពីក្រសួង និងអង្គការពាក់ព័ន្ធ ក៏ត្រូវមានការចូលរួមពីឪពុកម្តាយ ឬអាណាព្យាបាលកុមារ សហគមន៍ និងអាជា្ញធរតាមមូលដ្ឋានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com