អន្តរជាតិ
នាយករដ្ឋមន្ត្រីថៃ បង្កើតគណៈកម្មាធិការស៊ើបករណីចៅប្រុសថៅកែ Red Bull នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា (ឆ្វេង) និង លោក Vorayuth Yoodvidhya ដែលជាចៅប្រុសមហាសេដ្ឋី Chaleo Yoovidhya ដែលបានបង្កើតប្រេន ( Brand) ភេសជ្ជប៉ូវកម្លាំង Red Bull
× នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២៩ ខែកក្កដា បានបង្កើតគណៈកម្មាធិការស្វែងការពិត ដើម្បីស៊ើបការសម្រេចចិត្តរបស់រាជអាជ្ញាថៃ ដែលទម្លាក់បទចោទក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុកប៉ូលិសម្នាក់ស្លាប់បង្កដោយចៅប្រុសថៅកែភេសជ្ជៈ Red Bull ថៃ ។ គណៈកម្មាធិការនេះ មានពេល១ខែដើម្បីរាយការណ៍ការពិតជូននាយករដ្ឋមន្ត្រី។
លោក Vorayuth Yoodvidhya ដែលជាចៅប្រុសមហាសេដ្ឋី Chaleo Yoovidhya ដែលបានបង្កើតប្រេន ( Brand) ភេសជ្ជប៉ូវកម្លាំង Red Bull ត្រូវបានចោទប្រកាន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្ត Ferrari ពណ៌ខ្មៅបុកប៉ូលិសម្នាក់រហូតដល់ស្លាប់កាលពីឆ្នាំ២០១២ ហើយអូសសពជាច្រើនម៉ែត្រ មុនពេលបើករត់គេចពីកន្លែងកើតហេតុ។
នៅថ្ងៃទី២៤ ខែកក្កដា បទចោទប្រឆាំងលោក Vorayuth ចំនួន៣ រួមមាន បើកបរលើសល្បឿនកំណត់ បុកហើយរត់ និងបើកបរធ្វេសប្រហែសរហូតដល់មានករណីស្លាប់ ត្រូវបានរាជអាជ្ញាថៃទម្លាក់ចោល។ ចំណែកប៉ូលិសថៃ ក៏បានទទួលការសម្រេចចិត្តនេះ ដោយមិនតវ៉ា។
យ៉ាងណា លោក ប្រាយុទ្ធ នៅថ្ងៃទី២៩ ខែកក្កដា និយាយថា ការទម្លាក់ចោលបទចោទលើបុគ្គលរូបនេះ រងការរិះគន់ជាខ្លាំងពីសំណាក់ប្រជាជន ហើយប៉ះពាល់ដល់ជំនឿចិត្តរបស់ពួកគេមកលើស្ថាប័នរដ្ឋ មន្ត្រី និងប្រព័ន្ធយុត្តិធម៌ថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។
នាយករដ្ឋមន្ត្រីថៃរូបនេះ បន្តទៀតថា ប្រជាជនថៃមានសិទ្ធិដឹងឮការពិត និងយល់ពីទិដ្ឋភាពផ្នែកច្បាប់ ព្រមទាំងព័ត៌មានមនុស្សដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ ដើម្បីធានាតម្លាភាព។ ត្រង់ចំណុចនេះ លោក ប្រាយុទ្ធ សង្កត់ធ្ងន់ថា គណៈកម្មាធិការដែលទើបបង្កើតថ្មីនេះ ក៏នឹងដាក់ស្នើការធ្វើកំណែទម្រង់ចំពោះប្រព័ន្ធយុត្តិធម៌ថៃផងដែរ។
យោងតាមបទបញ្ជារបស់លោក ប្រាយុទ្ធ អតីតស្នងការស្ថាប័នប្រឆាំងអំពើពុករលួយថៃ លោក Vicha Mahakhun ត្រូវបានចាត់ឲ្យដឹកនាំគណៈកម្មាធិការនេះ ហើយលោកមានពេល៣០ថ្ងៃដើម្បីរាយការណ៍លទ្ធផលរកឃើញជូននាយកដ្ឋមន្ត្រី៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
Red Bull
© រក្សាសិទ្ធិដោយ thmeythmey.com